រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានបានបញ្ជាក់ថា បណ្តឹងកញ្ញា ធី សុវណ្ណថា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ សម្រេចបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេតបឋម ។ ប្រភពបញ្ជាក់ទៀតថា នគរបាលនឹងបង្កើតគណៈកម្មការមួយ ដើម្បីស្វែងរកម្ចាស់សំឡេងក្នុងខ្សែអាត់ដែលជាកម្មវត្ថុនៃពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ។
គួររំលឹកថា កាលពីថ្ងៃទី០១ មីនា ២០១៦ កន្លងទៅ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានកម្មវត្ថុ «ប្តឹងអំពីករណី បរិហារកេរ្តិ៍ដែលបានធ្វើឡើងតាមខ្សែអាត់សម្លេងផ្សព្វផ្សាយក្នុងសារព័ត៌មាន Freshnews កាលពីថ្ងៃទី០១ មីនា ២០១៦ ។ ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា នៅវេលាម៉ោង០០:១៣ នាទីព្រឹកថ្ងៃទី០១ មីនា ២០១៦ សារព័ត៌មាន Freshnews បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលមានចំណងជើងថា «សកម្មជនគាំទ្រ CNRP បន្តបើកទម្លាយសំឡេងលោក កឹម សុខា និយាយដើមកញ្ញា ធី សុវណ្ណថា ប្រាប់ស្រីស្នេហ៍ឈ្មោះអាមុំ» ដោយមានទាំងអត្ថបទ និងខ្សែអាត់សម្លេងសន្ទនាទៀតផង ។
ខ្សែអាត់សម្លេងនេះ ក៏ត្រូវបានបង្ហោះផងដែរ នៅក្នុងហ្វេសប៊ុកដែលមានឈ្មោះ «រឿងពិត CNRP» នៅថ្ងៃទី០១ មីនា ២០១៦ ។
ខ្លឹមសារពាក្យបណ្ដឹងបន្តថា ក្នុងខ្សែអាត់សម្លេងនេះ មានចរិតជាការមួលបង្កាច់ និងការបំផ្លើសការពិតទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កញ្ញា ធី សុវណ្ណថា និងក្រុមគ្រួសារ។ ជាមួយគ្នានេះ កញ្ញា ធី សុវណ្ណថា ក៏បានភ្ជាប់ខ្សែអាត់សម្លេងនេះជូនតុលាការផងដែរ។ ចុងបញ្ចប់នៃពាក្យបណ្ដឹងក្រៅពីសុំឲ្យតុលាការស្វែងរកម្ចាស់សម្លេងនៅក្នុងខ្សែអាត់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ កញ្ញា ធី សុវណ្ណថា ពុំបានទាមទារអ្វីផ្សេងទៀតទេ ៕
ចែករំលែកព័តមាននេះ