រាជធានីភ្នំពេញ ៖ សំណុំរឿងបែកធ្លាយរឿងខ្សែអាត់សំឡេងមួយឈុត ដែលគេសង្ស័យថា ជាសំឡេងសន្ទនារបស់លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ និងស្ត្រីមា្នក់ កាលពីថ្ងៃទី៩ មីនា ត្រូវស្ត្រីម្នាក់ឈ្មោះខំ ចាន់ដារាទី ហៅស្រីមុំ បានអះអាងចេញមកបកស្រាយតាមរយៈអង្គការអាដហុក ដោយបានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនឹងរឿងស្នេហាជាមួយលោក កឹម សុខា ទេ ។
កញ្ញាឈ្មោះខំ ចាន់ដារាទី ហៅស្រីមុំ អាយុ២៥ឆ្នាំ ជាជាងកាត់សក់ លាបសក់ និងកាត់ក្រចកនៅហាង «ខ្មែរអង្គរកាត់សក់» ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បង្ហោះខ្សែអាត់សំឡេងថា នាងមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយបុរសម្នាក់ ឆ្លើយឆ្លងសម្ដីជាមួយនាងដែលអ្នកបង្ហោះអះអាងថា ជាមួយលោកកឹម សុខា នោះចេញមុខនៅថ្ងៃទី៩ មីនា នេះបដិសេធថា នាងមិនបានពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយលោក កឹម សុខា ដូចការចោទប្រកាន់ឡើយ ។
កញ្ញាស្រីមុំ បាននិយាយប្រាប់ក្រុមអ្នកកាសែត កាលពីល្ងាចថ្ងៃទី៩ មីនា ២០១៦ និងបានចាក់ផ្សាយដោយវិទ្យុអាស៊ីសេរីថា នាងជាបុគ្គលិកបម្រើការងារនៅក្នុងហាងកាត់សក់ ដែលលោក កឹម សុខា តែងតែទៅទីនោះផងដែរ ។ តែកញ្ញារូបនេះ បាននិយាយថា នាងមិនបាននិយាយសាសងស្នេហាជាមួយលោក កឹម សុខា ដូចដែលគេបង្ហោះសំឡេងសាសងនោះទេ ។
នៅល្ងាចថ្ងៃទី៩ មីនា នេះ នាងបានទៅកាន់អង្គការអាដហុក ដើម្បីស្វែងរកការអន្តរាគមន៍ ដោយមានការភ័យខ្លាចពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួននាង ។ កញ្ញាស្រីមុំបាននិយាយថា នាងមិនទាន់បានដឹងថា មានអ្វីកើតឡើងចំពោះនាងនៅឡើយទេ រហូតដល់ពេលនេះ ។ តែបន្ទាប់លាក់មួយរយៈនាងបានចេញមុខបកស្រាយតបនូវអ្វីដែលសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមហ្វេស
ប៊ុកបានផ្សាយសំឡេងសង្ស័យថា ជាសំឡេងរបស់នាង និងលោក កឹម សុខា ។
កញ្ញាស្រីមុំ បាននិយាយថា នាងចង់ឱ្យអង្គការអាដហុកជួយរកយុត្តិធម៌ដល់នាង ព្រោះនាងមិនដឹងថា មានអ្វីអាចនឹងមានចំពោះនាងឬគេអាចនឹងធ្វើអ្វីទេ ។ កញ្ញាស្រីមុំ បាននិយាយថា «ខ្ញុំចង់និយាយបដិសេធថា សំឡេងនោះមិនមែនជាសំឡេងរបស់ខ្ញុំទេ ព្រោះខ្ញុំអត់មានពេលវេលាណាទៅនិយាយសាសងស្នេហាជាមួយគាត់ទេ» ។
នាងបាននិយាយថា នាងមិនដែលបានគិតថា សំឡេងនោះស្រដៀងនឹងសម្លេងរបស់នាង ។ នាងអះអាងថា «បើខ្ញុំនិយាយថា សំឡេងស្រដៀងសំឡេងខ្ញុំ មានន័យថា ខ្ញុំទទួលស្គាល់ថា វាជាសំឡេងរបស់ខ្ញុំ តែខ្ញុំមិនដែលបានគិតផង» ។ នាងលើកឡើងថា នាងមានស្គាល់លោក កឹម សុខា មែន គឺស្គាល់នៅពេលលោកបានអញ្ជើញទៅហាងកាត់សក់ ក្នុងនាមជាភ្ញៀវ មុននឹងគាត់ទៅគាត់បានតេ (ទូរស័ព្ទ) ទៅសួរថា ជាងកាត់សក់ទំនេរ ឬអត់? ។
កញ្ញាស្រីមុំ បាននិយាយទៀតថា តាមនាងដឹង លោកកឹម សុខា ធ្លាប់កាត់សក់នៅហាងនេះប្រមាណ១០ឆ្នាំមកហើយ តែនាងទើបតែមកបម្រើការងារទេ ។ នាងបានអះអាងថា នាងបានមកធ្វើការងារប្រហែល១ឆ្នាំ តែពីរ បីខែនេះ មិនបានស្គាល់លោកកឹម សុខាទេ។ នាងនិយាយថា «ខ្ញុំបានឮគេនិយាយថា បន្តិចទៀត លោកកឹម សុខា មកកាត់សក់ ។ ពេលនោះខ្ញុំមិនបានស្គាល់ថា លោកកឹម សុខាជានរណាគេទេ? ។ គេបានស្គាល់លោកកឹម សុខា ទាំងអស់នៅក្នុងហាងនេះ ព្រោះគាត់ជាភ្ញៀវ ។ ហាងកាត់សក់នេះ មានឈ្មោះ
«ខ្មែរអង្គរកាត់សក់» ម្តុំវិមានឯករាជ្យ ។
ឆ្លើយសំណួររបស់អ្នកកាសែត កញ្ញាស្រីមុំបាននិយាយថា នាងមិនមែនជាជាងកាត់សក់ឱ្យលោកកឹម សុខា ទេ មានជាងបុរសដទៃទៀតជាអ្នកកាត់ ។ តែនាងជាអ្នកលាបសក់ កក់សក់ និងកាត់ក្រចក ។ តែនាងនិយាយថា លោកកឹម សុខា មិនដែលបានទូរស័ព្ទហៅនាងទៅផ្ទះ ឬសណ្ឋាគារ គាត់កក់សក់ ឬលាបសក់ និងកាត់ក្រចកនោះ គឺនាងមិនដែលទៅតែម្តង ។
កញ្ញាស្រីមុំ បាននិយាយប្រាប់អ្នកកាសែតថា លោកកឹម សុខា ធ្លាប់បានទូរស័ព្ទណាត់ទៅកក់សក់ ឬកាត់សក់ តែមិនបានកំណត់ថាមួយខែ ឬពីរទៅម្តងនោះទេ ។ នាងនិយាយថា «ពេលខ្លះ មានរយៈពេល១ខែកន្លះ ឬរយៈពេលពីរខែ ឬ២០ថ្ងៃទៅម្តង ។ តែនិយាយទៅមិនទៀង សម្រាប់គាត់ ខ្ញុំបានដឹងតែប៉ុណ្ណឹង ឬក៏គាត់តេថា ជាងកាត់សក់ទំនេឬអត់»។
នាងបាននិយាយថា ពេលខ្លះ លោកកឹម សុខា បានទៅកាត់សក់មែន តែមិនបានលាបសក់ទេ និងពេលខ្លះ ទៅលាបតែមិនបានកាត់សក់ទេ ។ នាងនិយាយថា នៅពេលបំពេញការងារជាអ្នកលាបសក់ និងកាត់ក្រចកជូនលោកកឹម សុខា នាងមិនអាចដឹងពីចរិកលក្ខណៈណាមួយរបស់បុគ្គលលោកកឹម សុខា ដែរ ព្រោះនាងមិនមែនជាអ្នកជំនិត ឬជាស្ត្រីកំណាន់របស់លោកទេ ។ តែគ្រាន់ថា រាល់ការនិយាយស្តីរបស់លោកកឹម សុខា មិនអាចធ្វើឱ្យនាងវិនិច្ឆ័យបានទេ ។
នាងបានឆ្លើយតបជាមួយសំណួរជាច្រើនរបស់អ្នកកាសែតថា ហ្វេសប៊ុកឈ្មោះ «ម៉នស្រី» ជារបស់នាង និងរូបនៅក្នុងនោះពិតរូបថតរបស់នាងមែន នាងទទួលស្គាល់ ។ តែចំពោះខ្លឹមសារក្នុងហ្វេសប៊ុកនោះ នាងមិនបានសរសេរ និងគ្មានសមត្ថភាពសរសេរដែលថាលោកកឹម សុខា មិនទទួលខុសត្រូវចំពោះស្នេហាទេ ។ ព្រោះនាងរៀនមិនបានចប់ថ្នាក់ទី៤ផង (បឋមសិក្សា) ។ ហ្វេសប៊ុករបស់នាងបានលេងរយៈពេល២ឆ្នាំមកហើយ ។
នាងនិយាយទៀតថា មានគេវាយលុកក្នុងគណនីហ្វេសប៊ុករបស់នាង និងមានគេប្តូរលេខកូដរបស់នាង ។ ពេលដឹងភ្លាម នាងចង់បកស្រាយរឿងនេះដែរ តែនាងមានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍ខ្មាស់គេ មានអារម្មណ៍កត់ស្លុត មិនដឹងថា ធ្វើរបៀបណានិយាយមិនចេញនៅពេលមានរឿងនេះកើតឡើង ។ នាងនិយាយថា «នៅពេលដឹងរឿងនេះភ្លាម នាងនិយាយមិនចេញ មានការតក់ស្លុតខ្លាំងណាស់» ។
នាងនិយាយថា នាងគ្មានគំនុំអ្វីជាមួយនរណាទេ គ្មាននរណាស្អប់នាងទេ ហេតុអ្វីបានជាគេយករឿងរបស់នាងបង្ហោះពេញហ្វេសប៊ុកបែបហ្នឹង ។ នាងបានបញ្ជាក់ថា នាងមានការខ្មាស់គេនៅកន្លែងធ្វើការងារ និងខាតបង់ពេលវេលារបស់នាងទៀត ។ ក្រោយពេលកើតហេតុ និងរហូតដល់ពេលនេះ នាងមិនបានទាក់ទូរស័ព្ទទៅលោកកឹម សុខា ទេ ។
នាងនិយាយថា នៅពេលនាងបានទៅកាន់អង្គការអាដហុក កាលពីល្ងាចថ្ងៃទី៩ មីនា គោលបំណងបំភ្លឺរឿងនេះ នាងមិនបានទៅធ្វើអ្វីមួយ ដែលសង្គមស្អប់ខ្ពើម និងមិនបានប្រព្រឹត្តរឿងអាស្រូវស្នេហាជាមួយលោកកឹម សុខា និងថានាងមិនមែនជាស្រីកំណាន់របស់គាត់ទេ ។ នាងនៅតែអះអាងថា គណនីហ្វេសប៊ុកនោះ ពិតជារបស់នាងមែន ។
កញ្ញាស្រីមុំ បាននិយាយថា នាងសូមឱ្យអង្គការអាដហុក ជួយរកយុត្តិធម៌ និងទាមទារនូវភាពស្អាតស្អំរបស់នាង យកមកវិញ ព្រោះនាងមិនបានប្រព្រឹត្តទេ ។ នាងបាននិយាយថា រឿងនេះបានកើតឡើងកាលពីថ្ងៃទី២៩ កុម្ភៈ រហូតដល់ថ្ងៃទី៩ មីនា គ្មាននរណាម្នាក់បានទាក់ទងមកនាងតាមរយៈទូរស័ព្ទ ក្រៅតែពីព័ត៌មានដែលអ្នកកាសែតផ្សាយ និងចង់ដឹង ។
នាងនិយាថា «ខ្ញុំបានលាក់ខ្លួនមួយរយៈ អត់មានពេលមកបកស្រាយរឿងបែបអីចឹងទេ ។ តែមានតែបងប្អូនខ្ញុំទេ ដែលគេស្វែងរកយុត្តិធម៌សម្រាប់នាង» ។ តែនាងបានអះអាងថា ក្រសួងមហាផ្ទៃបានកោះហៅនាងទៅបំភ្លឺ ពីបញ្ហានេះដែរ តាមរយៈលិខិតចំនួន២ដង ។ នាងបានទទួលលិខិតចំនួន២មកហើយ ។ នាងនឹងចូលខ្លួនបំភ្លឺចំពោះបញ្ហានេះនៅថ្ងៃទី១១ មីនា វេលាម៉ោង៧ព្រឹក ។
ចែករំលែកព័តមាននេះ