ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​អាច​ជា​គន្លឹះ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Edinburgh និង​សាកលវិទ្យាល័យ Southampton ចក្រភព​អង់គ្លេស​បាន​រក​ឃើញ​ថា ពន្លឺ​ថ្ងៃ អាច​ជួយ​គ្រប់គ្រង​នូវ​ការ​រំលាយ​អាហារ​ដើម្បី​បន្ថយល្បឿន​នៃ​ការ​ឡើង​ទម្ងន់

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Edinburgh និង​សាកលវិទ្យាល័យ Southampton ចក្រភព​អង់គ្លេស​បាន​រក​ឃើញ​ថា ពន្លឺ​ថ្ងៃ អាច​ជួយ​គ្រប់គ្រង​នូវ​ការ​រំលាយ​អាហារ​ដើម្បី​បន្ថយល្បឿន​នៃ​ការ​ឡើង​ទម្ងន់ និង​កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​របស់​ជំងឺ​ទឹកនោមផ្អែម ។

នៅ​ក្នុង​ការ​ពិសោធ​រក​មូលហេតុ​ពិត អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អង់គ្លេស​បាន​យក​សត្វ​កណ្តុរ​ដែល​រោម​របស់​វា​ត្រូវ​បាន​កោរ​ចេញ ទៅ​ដាក់​ឱ្យ​ត្រូវ​នឹង​ពន្លឺ​អ៊ុ​ល​ត្រា​ស្វាយ គឺជា​កាំរស្មី​ដូច​គ្នា​នឹង​ពន្លឺ​ថ្ងៃ ។ បន្ទាប់​ពី​ប៉ះ​នឹង​ពន្លឺ​រួច​មក ស្បែក​របស់​សត្វ​កណ្តុរ​ទាំងនោះ​បាន​បញ្ចេញ​នូវ​អុកស៊ីត​នីទ្រិច​-​ជា​សារធាតុ​គីមី​សម្រាប់​គ្រប់គ្រង​សម្ពាធ​ឈាម​ដោយ​ការ​ពង្រីក​សរសៃឈាម និង​បង្កើន​អុក​ស៊ី​សែន​ក៏​ដូច​ជា កម្លាំង​និង​ការ​ស៊ូទ្រាំ ។ បន្ទាប់​មក​ទៀត សត្វ​កណ្តុរ​បាន​បញ្ចេញ​នូវ​រោគ​សញ្ញា​នៃ​ជំងឺ​មេតា​ប៉ូ​លី​ទាក់ទង​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម តួយ៉ាង​ដូច​ជា​កម្រិត​ជាតិ​ស្ករ​មិនធម្មតា និង​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន​ជាដើម ។

លោក​បណ្ឌិត Martin Feelisch មក​ពីសា កល​វិទ្យាល័យ Southampton បាន​ថ្លែង​ថា ការ​សង្កេត​ទាំងនេះ​បាន​ចង្អុលបង្ហាញ​កាន់តែ​ច្បាស់​ថា បរិមាណ​នៃ​អុកស៊ីត​នីទ្រិច​ដែល​បញ្ចេញ​ពី​ស្បែក អាច​នឹង​ផ្តល់​អត្ថប្រយោជន៍ មិន​ត្រឹមតែ​លើ​បេះដូង និង​សរសៃឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​ជា​មធ្យោបាយ​ដល់​រាង​កាយ​គ្រប់គ្រង​ឱ្យ​មាន​របៀបរៀបរយ​នូវ​ការ​រំលាយ​អាហារ​ផង​ដែរ ។

រីឯ​លោក​បណ្ឌិត Richard Weller មក​ពី​សាកលវិទ្យាល័យ Edinburgh បាន​និយាយ​ថា តាម​រយៈ​ការ​សិក្សា​ពី​ជំងឺ​រាតត្បាត យើង​ដឹង​បាន​ថា បុគ្គល​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់​រមែង​ជា​អ្នកមាន​អាយុ​វែង ។ លទ្ធផល​នៃ​ការ​សិក្សា​តួយ៉ាង​ដូច​ជា​លើក​នេះ​គឺ​បាន​ជួយ​យើង​ឈ្វេងយល់​ពី​ហេតុ​ដែល​ពន្លឺ​ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​មនុស្ស ។

យ៉ាងណា​ក៏​ដោយ យើង​ចាំបាច់​ត្រូវ​ចាំ​ថា មហារីក​ស្បែក​គឺ​មិនមែន​ជា​ជំងឺ​តែ​មួយ​មុខ​ដែល​អាច​សម្លាប់​យើង​បាន​នោះ​ទេ  ហើយ​គួរតែ​ថ្លឹងថ្លែង​ឱ្យ​មាន​តុល្យភាព​នូវ​ការ​យល់​ឃើញ​របស់​យើង​ម្នាក់​ៗ​ទៅ​លើ​ពន្លឺ​ថ្ងៃ ៕