រកឃើញឈើចោររាប់ម៉ឺនម៉ែត្រគូបក្នុងដីសម្បទាន
ខេត្តមណ្ឌលគិរី ៖ នាយឧត្តមសេនីយ៍សៅ សុខា បានណែនាំដល់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ត្រូវសហការជាមួយស្ថាប័នតុលាការ ជាពិសេស…
ខេត្តមណ្ឌលគិរី ៖ នាយឧត្តមសេនីយ៍សៅ សុខា បានណែនាំដល់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ត្រូវសហការជាមួយស្ថាប័នតុលាការ ជាពិសេស…
ខេត្តមណ្ឌលគិរី ៖ នាយឧត្តមសេនីយ៍សៅ សុខា បានណែនាំដល់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ត្រូវសហការជាមួយស្ថាប័នតុលាការ ជាពិសេសលោកព្រះរាជអាជ្ញា ត្រូវជួយសម្របសម្រួលនីតិវិធីតាមផ្លូវច្បាប់ដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការ លើជនដែលមានការពាក់ព័ន្ធនឹងករណីឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី ។ ការថ្លែងរបស់លោកនាយឧត្តមសេនីយ៍បែបនេះ នៅពេលលោកដឹកនាំគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើចុះត្រួតពិនិត្យឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ មីនា ។
តាមការត្រួតពិនិត្យនេះរកឃើញថា ក្រុមហ៊ុនចំនួន៥ដែលមានផ្ទុកឈើខុសច្បាប់ នឹងកំពុងប្រឈមជាមួយផ្លូវច្បាប់ ខណៈគណៈកម្មាធិការថ្នាក់ជាតិក៏កំពុងរៀបចំឯកសារ ដើម្បីធ្វើពាក្យបណ្តឹងទៅតុលាការ រួមមានក្រុមហ៊ុនប៊ិញភ្វឿក១ ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រុមហ៊ុនដាយថាន់ ក្រុមហ៊ុនម៉ាស្ទើខេសាន់ ក្រុមហ៊ុនយូនីហ្គ្រីន ។
ប្រតិបត្តិការចុះត្រួតពិនិត្យឈើតាមបណ្តាក្រុមហ៊ុនដីសម្បទានរយៈពេលពីរថ្ងៃក្នុងខេត្តមណ្ឌលគិរីនេះ ប្រធានគណៈកម្មាធិការថ្នាក់ជាតិបានសង្កត់ធ្ងន់ចំពោះក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនប៊ិញភ្វឿក១ ម៉ាស្ទើខេសាន់ ដែលមានឈើខុសច្បាប់ច្រើនជាងគេសរុបមានប្រមាណជាង៣ម៉ឺនម៉ែត្រគូប ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបដិសេធមិនផ្តល់ឈ្មោះបុគ្គលណាមួយទេ ដែលនឹងត្រូវប្តឹងទៅតុលាការ។ ដោយលោកមានប្រសាសន៍ថា គេនៅមិនទាន់ដឹងថា មានបុគ្គលណាខ្លះនឹងត្រូវជាប់ពាក់ព័ន្ធក្នុងបទល្មើសនេះទេ ។ គណៈកម្មាធិការកំពុងធ្វើការលើរឿងនេះហើយ ដូច្នេះលទ្ធផលរង់ចាំពេលក្រោយទើបដឹងច្បាស់» ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនៅពេលចុះទៅដល់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរថា «សូមមន្ត្រីជំនាញត្រូវញែកឈើដែលល្មើស និងឈើដែលត្រឹមត្រូវឲ្យច្បាស់ ព្រោះទីតាំងនេះគឺជាទីតាំងដីសម្បទានសេដ្ឋកិច្ច តែត្រូវរាជរដ្ឋាភិបាលសម្រេចដកយកដីពីក្រុមហ៊ុនវិនិយោគវិញ កាលពីជាង១ឆ្នាំមុន ។ ហើយត្រូវរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានក្រុមហ៊ុនផ្សេងប្រមូលឈើដែលសេសសល់លើដីដដែលហ្នឹង…។ កាលនោះមានចំនួនប្រមាណជាង៧០០ម៉ែត្រគូបតែឈើឥឡូវបានចូលដល់ជាងម៉ឺនម៉ែត្រគូប…។ ដូច្នេះរកឲ្យឃើញឈើចំនួន៧០០ម៉ែត្រគូប ដែលឲ្យប្រមូល ចំណែកឈើនៅសល់ នោះហើយគឺជាឈើខុសច្បាប់ទាំងអស់ ព្រោះកន្លែងនេះជាកន្លែងខុសធំជាងគេ» ។
លោកនាយឧត្តមសេនីយ៍បានបន្តថា «មិនពិបាកទេ ត្រូវរកមុខក្រុមហ៊ុនណាជាអ្នកប្រមូលឈើ ។ ត្រូវរកមុខឲ្យឃើញ នេះគឺជាមុខសញ្ញានៃពាក្យបណ្តឹង…ហើយវត្ថុតាងនៅទីនេះគឺជាវត្ថុតាងនៃបទល្មើស» ។
របាយការណ៍នៃចំនួនឈើខុសច្បាប់នៅក្នុងខេត្តមណ្ឌលគិរី មិនទាន់ត្រូវបានគណៈកម្មាធិការថ្នាក់ជាតិទម្លាយឲ្យដឹងនៅឡើយទេ ប៉ុន្តែបើយោងតាមរបាយការណ៍បណ្តោះអាសន្នរបស់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមហ៊ុន ប៊ិញហ្វឿក១ មានឈើខុសច្បាប់ចំនួន ៤៣៨៤,៧១៤ម៉ែត្រគូប, ឈើក្នុងក្រុមហ៊ុនកសិកម្មខ្មែរអង្គរជាង១ម៉ឺនម៉ែត្រគូប និងឈើដែលមានច្បាប់៧០០ម៉ែត្រគូប ។ ប៉ុន្តែត្រូវបានដឹកចេញអស់ពាក់កណ្តាលទៅហើយសម្រាប់ឈើមានច្បាប់នោះ ។ រីឯក្រុមហ៊ុនដាយថាន់ ឈើខុសច្បាប់ជាង១ម៉ឺនម៉ែត្រគូប, ក្រុមហ៊ុនយូនីហ្គ្រីនជាង១ពាន់ម៉ែត្រគូប និងក្រុមហ៊ុនម៉ាស្ទើរខេសាន់ ជិត១ម៉ឺនម៉ែត្រគូប ។
ចំណែកការងារបន្ទាប់ គឺលោកនាយឧត្តមសេនីយ៍បានប្រគល់ទៅមន្ត្រីជំនាញបរិស្ថានខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីជាអ្នកចាត់ការ និងស្រាវជ្រាវវែកមុខរកជនល្មើស ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ។ កន្លងមកគេនៅចាំថា លោក សំរ៉ង់ ឌីវីចិត្រ នាយក ដែនជម្រកសត្វព្រៃភ្នំព្រេច តែងតែពោលអះអាងប្រាប់អ្នកយកព័ត៌មានថា ឈើក្នុងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ និងក្រុមហ៊ុនដាយថាន់ សុទ្ធតែមានច្បាប់ត្រឹមត្រូវ និងចោទប្រកាន់ថា អ្នកកាសែតផ្សាយព័ត៌មានមិនពិត ។ ប៉ុន្តែនៅពេលនេះ រឿងរ៉ាវអាថ៌កំបាំងដែលមន្ត្រីរូបនេះព្យាយាមលាក់បាំង អស់ជាច្រើនឆ្នាំនោះត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា រកឃើញថា ឈើរាប់ម៉ឺនម៉ែត្រគូបដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច គឺសុទ្ធតែជាឈើគ្មានច្បាប់ទាំងអស់ ដែលផ្ទុយស្រឡះពីការអះអាងរបស់លោក សំរ៉ង់ ឌីវិចិត្រ នាកន្លងពេលមក ប្រៀបដូចតាមទាន់ជាន់កែងឱ្យផ្កាប់មុខតែម្តង កុំប្រណី ។
ដើមចមនៃការកាប់រង្គាល និងធ្វើជំនួញឈើខុសច្បាប់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេលើកឡើងថា ដោយសារតែមានការឃុបឃិត គ្នាជាលក្ខណៈប្រព័ន្ធ ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ ។ ក្នុងនោះសហគមន៍ព្រៃឈើបានឲ្យដឹងថា ពួកគេស្ទើរតែបាត់បង់របររកទទួលទាន ដែលបានមកពីធម្មជាតិនោះទៅហើយ ដោយសារតែក្រុមឈ្មួញចូលកាប់ឈើសូម្បីតែដើមជ័រច្បោះ ដើមជ័រទឹក ក៏មិនលើក លែងដែរ ព្រៃផ្សៃណាស់ ។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តមណ្ឌលគិរី កំពុងរង់ចាំមើល ថាតើជនណាខ្លះនឹងត្រូវជាប់ទោសក្នុងសំណុំរឿងឧក្រិដ្ឋកម្មព្រៃឈើ ខាងលើនេះ ? ព្រោះឈ្មោះឧកញ៉ានិងថៅកែឈើល្បីឈ្មោះមួយចំនួន ត្រូវបានសម្តេចតេជោធ្លាប់លើកឡើងរួចម្តងមកហើយ នៅឡើយតែចំណាត់ការរបស់តុលាការតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ