រាជធានីភ្នំពេញ ៖ ជំនួយរថយន្តក្រុងចំនួន២៨០គ្រឿង ក្នុងនោះប្រទេសចិន១០០គ្រឿង និងជប៉ុនចំនួន១៨០គ្រឿង នឹងមកដល់កម្ពុជាក្នុងពេលខាងមុខនេះ ដើម្បីបង្កើននិងពង្រីកសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញបន្ថែមទៀត ក្នុងបំណងកាត់បន្ថយការកកស្ទះ និងថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយបាននូវការបំពុលបរិស្ថានផងដែរ ។
នេះជាការសំណូមពររបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបប្រជុំជាមួយតំណាងអង្គការ JICA ដើម្បីពិនិត្យលម្អិតលើការបន្ថែមខ្សែរត់រថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញថ្ងៃទី០៩ មីនា ២០១៦ នេះ ។
តំណាងអង្គការ JICA បានលើកឡើងថា គោលបំណងនៃការស្វែងយល់សំខាន់ គឺទីមួយជួយទៅលើផ្នែកការគ្រប់គ្រងនានា ក្នុងនោះ ការអប់រំឱ្យអ្នកបើកបរយល់អំពីលក្ខណៈបច្ចេកទេស បើកបរឱ្យសុវត្ថិភាពទាន់ពេលវេលា ការគ្រប់គ្រងសេវាសាធារណៈនៃអ្នកធ្វើការបុគ្គលិកតាមរថយន្ត និងការប្រើប្រព័ន្ធបច្ចេកវិទ្យា IT ក្នុងការបញ្ជាទៅដល់ភ្លើងស្តុបចរាចរណ៍ នៅពេលដែលខ្សែរត់របស់រថយន្តក្រុងណាមួយស្ទះនៃខ្សែរត់ផងដែរ ។
ក្នុងជំនួបនោះ លោកប៉ា សុជាតិវង្ស បានលើកឡើងថា ប្រព័ន្ធសេវាដឹកជញ្ជូននៃរដ្ឋករស្វ័យតសេវាសាធារណៈរបស់រាជធានីនេះ គឺធ្វើឡើងក្នុងការជួយសម្រួលទៅដល់ការកាត់បន្ថយការប្រើប្រាស់សេវាឯកជននៅក្នុងក្រុង ពិសេសជួយទៅដល់សង្គមដូចជា ជួយសម្រួលមនុស្សចាស់ ជនពិការព្រះសង្ឃ សិស្សនុសិស្សដោយមិនយកលុយផងដែរ ។ លោកបន្តថា រហូតដល់ពេលនេះ រដ្ឋករស្វយ័តសេវាធាដឹកជញ្ជូនសាធារណៈសាលារាជធានី បានសហការជាមួយក្រុមហ៊ុនវីន ដើម្សីធ្វើកាតឆូតដោយមិនបាច់មានអ្នកចាំលក់សំបុត្រ ពិសេសស្រួលដល់អ្នកធ្វើដំណើរ និងគ្រប់គ្រងការចំណាយទៅលើបុគ្គលិក ។
ទាក់ទិនទៅនឹងបញ្ហាខាងលើ មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា រាជធានីភ្នំពេញសព្វថ្ងៃ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែ ដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១ ។ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល។ ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះ ទៅរង្វង់មូលចោមចៅ។ ខ្សែរត់ទាំង៣ នេះ ប្រើប្រាសរថយន្ត៥៧គ្រឿង ដែលមានចំណតរង់ចាំ១៦៨កន្លែងផងដែរ ៕
ចែករំលែកព័តមាននេះ