ខេត្តបាត់ដំបង ៖ ដើម្បីជម្រុញឱ្យមានការលើកស្ទួយលើវិស័យទេសចរណ៍ ឱ្យកាន់តែមានការទាក់ទាញខ្លាំងឡើងពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងកំពុងតែមមារញឹកយ៉ាងខ្លាំង ក្នុងការប្រឹងប្រែងរៀបចំសោភ័ណភាពទីក្រុងបាត់ដំបង និងតាមតំបន់ទេសចរណ៍នានានៅក្នុងខេត្ត ។
ការចុះរៀបចំនេះ ជាពិសេសឱ្យសមស្របទៅនឹងជ័យលាភី ដែលទីក្រុងបេតិកភណ្ឌដ៏ចំណាស់មួយនេះ ទទួលបានចំណាត់ថ្នាក់លេខ១ ជាទីក្រុងស្អាតរង្វាន់ «ផ្ការំដួល៣ទង» ក្នុងចំណោមទីក្រុងនានា នៅទូទាំងប្រទេសកម្ពុជា ។
ក្នុងកិច្ចប្រឹងប្រែងរបស់លោកច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវគេមើលឃើញនាប៉ុន្មានថ្ងៃកន្លងទៅនេះ ហាក់យកចិត្តទុកដាក់ខ្លាំងទៅលើគម្រោងថែទាំ និងកែលំអសួនច្បារសាធារណៈ, ការរៀបចំដាក់បង្គោលអគ្គិសនីបន្ថែមនៅតាមទីសាធារណៈ ដើម្បីបំភ្លឺនាពេលរាត្រី, រៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានល្អ, ជួសជុលលាបពណ៌ថ្មី លើបង្គោលភ្លើងតាមសួនច្បារ ជាពិសេសការរៀបចំដាក់បង្គោលទង់ជាតិ ប្រទេសអាស៊ានទាំង១០ នៅសួរច្បារ «នាគបាញ់ទឹក» នៅចំកណ្ដាលទីក្រុងបាត់ដំបងនេះតែម្ដង ដែលបង្ហាញពី
ទិដ្ឋភាពមួយ គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុត ពីសំណាក់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ហើយក៏កំពុងទាក់ទាញចំណាប់
អារម្មណ៍ពីភ្ញៀវទេសចរជាតិ-អន្តរជាតិខ្លាំងណាស់ដែរ ។
ជាមួយនឹងកិច្ចប្រឹងប្រែងនេះ លោកច័ន្ទ សុផល ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ឱ្យមានការចូលរួមថែទាំ ធ្វើអនាម័យសម្អាតនៅតាមទីសាធារណៈនានា នៅក្នុងក្រុងបាត់ដំបង ក្នុងគោលបំណង ជួយលើកស្ទួយសោភ័ណភាពក្នុងទីក្រុង ឱ្យកាន់តែមានសម្រស់ផូរផង់ ដើម្បីឲ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងចូលមកទស្សនាខេត្តបាត់ដំបង ។
ចែករំលែកព័តមាននេះ