* រឿងរ៉ាវអាស្រូវមួយ ដែលក្រុមហ៊ុនខិលខូច បានលួចបន្លំនាំចូលកាកសំណល់កម្ទេចបារី សរុបប្រមាណ៦០តោន ដោយដាក់ថា ជីកសិកម្មអាចម៍គោមេស្អីគេនោះ មកដល់ថ្ងៃនេះមានរយៈពេលច្រើនឆ្នាំហើយ នាំគ្នាស្ងាត់ឈឹងទាំងខាងសមត្ថកិច្ច ទាំងខាងផ្លូវច្បាប់ នៅខេត្តឧត្តរមានជ័យ ក៏ដូចជាចាប់បាននៅរាជធានីភ្នំពេញ…ស្ងាត់ដូចគ្នា បែបលាក់ទុកចម្រាញ់ធ្វើប៊ីចេងហើយមើលទៅ ។
* ដោយសារស្ងាត់ដូចចោរលួចសេះនេះហើយ ធ្វើឱ្យមន្ទីរកសិកម្មខេត្តឧត្តរមានជ័យយកឃ្លាំងដ៏ធំមួយស្តុកទុកយ៉ាងស្ងៀមស្ងាត់ ប្រមាណ៣០តោន អត់ហ៊ានបើកឃ្លាំងឱ្យអ្នកកាសែតបានឃើញ បានថតទុកជាអនុស្សាវរីយ៍ឡើយ ព្រោះគេប្រាប់ថាជាបញ្ជាពីមេ ។
* តាមផ្លូវច្បាប់ដែលគេបាននិយាយប្រាប់កាលពីចាប់បានដំបូងថា នាំចូលពីប្រទេសណា ត្រូវនាំចេញទៅប្រទេសនោះវិញ នោះគឺនាំមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលលាក់ទុកនៅភ្នំពេញ ក៏រាប់សិបតោនដែរ ។
* ប៉ុន្តែ មានឱ្យនាំចេញទៅអាហ្វ្រិកវិញឯណា ? គឺស្ងាត់ឈឹង ប្រៀបដូចចាត់ទុកកាកសំណល់បារី ដែលពោរពេញទៅដោយជាតិពុលនេះ ជាមាស ជាពេជ្រ ចាក់សោក្នុងឃ្លាំងទុកធ្វើកេរតែម្តង ទំនងមានខ្នងធំណាស់ បានជានាំគ្នាលាក់ទុក ជិតឈឹងបែបនេះ ។
* ឱ ! ស្រុកខ្មែរយើងអើយ… យប់ខែភ្លឺថ្លាទៅហើយ នៅតែងងិតសូន្យសុងដដែល… ទោះពេលនេះ រដូវខែភ្លឺពេញបូរមីក៏ដោយ វានៅតែមានពពកខ្មៅទាំងផ្ទាំងៗ មកបិទបាំង ។
* តើពេលណា ទើបមានខ្យល់កំបុតត្បូង ជួយបោកបក់រនាំងខ្មៅនេះ ឱ្យចេញផុតពីវេហាស៍ដ៏ធំល្វឹងល្វើយទៅហ្ន៎ ?
ចែករំលែកព័តមាននេះ