ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី៧ មីនា ស្នងការដ្ឋាននគរបានខេត្ត បានបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធ៨នាក់ ដែលធ្វើសកម្មភាពប្លន់កក្រើកជាច្រើនខេត្ត-ក្រុង គឺប្លន់ច្រើនជាង២០ករណី កាលពីពេលថ្មីៗកន្លងនេះ មុនពេលសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ។
លោក រឿន ណារ៉ា ស្នងការរងនគរបាលខេត្ត បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានបាប់ខ្លួនជាបន្តចន្ទាប់មានគ្នា៨នាក់ គឺ ៖
១-ឈ្មោះ ផាន់ គឹមយន់ ហៅក្រៃថោង ភេទប្រុស អាយុ៤៣ឆ្នាំ ជាមេខ្លោង មានទីលំនៅភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
២-ឈ្មោះ ឆៃ ណានភិរម្យ ហៅណាស់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
៣-ឈ្មោះ ហ៊ិន ចាន់ថា ភេទប្រុស អាយុ៣១ឆ្នាំ ។
៤-ឈ្មោះ ហៀង សុផា ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទាំងពីរខាងលើមានទីលំនៅភូមិតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ជឿន ចិន្ដា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិប្រសោម ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
៦-ឈ្មោះ ស្រី ស្រាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
៧-ឈ្មោះ ហុង នី ហៅបេន ហៅមមីស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
៨-ឈ្មោះ ឃន រី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្មំពេញ ។ ក្រោយពីចាប់ខ្លួន ជនសង្ស័យទាំង៨នាក់នេះ បានដកហូតអាវុធ-វែងខ្លី និងមធ្យោបាយធ្វើសកម្មភាព មានម៉ូតូ៤គ្រឿង និងកំពុងបន្ត ស្វែងរកចាប់ខ្លួន បក្សពួកមួយចំនួនបន្ថែមទៀត ។
លោកស្នងការរងបានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យទាំងនេះ ធ្លាប់ធ្វើសកម្មភាពប្លន់លើសពី២០ដងនៅតាមបណ្ដាខេត្តនានា។ លោកបានបន្តទៀតថា ប្រតិបត្តិការដែលឈានដល់ការតាមប្រមាញ់ និងចាប់ខ្លួនជាបន្ដបន្ទាប់ ក្រោយពីមានករណីប្លន់ផ្ទះសេវាផ្ទេរប្រាក់វីង នៅក្នុងភូមិសាស្ត្រឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥រួចមក ។ លោកស្នងការបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ល្អិតល្អន់រហូតកំណត់បានព័ត៌មាន និងសកម្មភាពរបស់ក្រុមចោរខាងលើនេះ ។ នៅមុនពេលចាប់ខ្លួនប៉ុន្មានថ្ងៃលោកបានទទួលព័ត៌មានថា ក្រុមចោរទាំងអស់នោះបានរៀបគម្រោងបម្រុងធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានព័ត៌មានខ្លះ ពីសកម្មភាពរបស់ក្រុមចោរ លោកស្នងការបានបញ្ជាឲ្យអធិការនគរបាលស្រុកក្រុងទាំង១១ ពង្រឹងកម្លាំងតាមគោលដៅងាយរងគ្រោះទាំងអស់ ។ មួយផ្នែកទៀតលោកបានដឹកនាំបញ្ជាផ្ទាល់កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ចុះច្បាមមុខសញ្ញាតាមដងផ្លូវជាតិ រហូតបានប្រទះឃើញមុខសញ្ញាកំពុងជិះម៉ូតូតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ដ្រស្រុកមុខកំពូល ។ ភ្លាមៗនោះសមត្ថកិច្ចបានព្យាយាមស្ទាក់ចាប់ តែពួកគេមិនព្រមឈប់ម៉ូតូ ទើបសមត្ថកិច្ចបើកការផ្ទុះអាវុធដោយប្រុងប្រយ័ត្នបំផុត ក៏ត្រូវចំជនសង្ស័យ ឈានដល់ឃាត់ខ្លួនបាន២នាក់ និងបានសួរចម្លើយដឹងពីបក្សពួកដែលនៅសេសសល់ បានរត់គេចខ្លួន ក៏បន្តស្រាវជ្រាវឈានទៅចាប់ខ្លួនបក្សពួក៥នាក់ខាងលើបន្ថែមទៀត ជាបន្តបន្ទាប់ នៅខេត្តកំពង់ចាម ។
ក្រុមចោរប្លន់ទាំង៨នាក់ដែលចាប់ខ្លួនបានជាបន្តបន្ទាប់នៅពេលនេះ គឺជាមុខសញ្ញាប្លន់ផ្ទះបើកសេវាផ្ទេរប្រាក់វីង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ។ នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះ បានណាត់គ្នាជាមួយបក្សពួក បម្រុងធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល-ស្រុកពញាឮ និងខេត្តកំពង់ចាម តែមិនបានសម្រេចត្រូវបាននគរបាលខេត្តកណ្តាល និងខេត្តកំពង់ចាម បង្ក្រាបទាន់ពេលវេលា និងបន្តស្រាវជ្រាវចាប់ខ្លួន ជនសង្ស័យម្នាក់ទៀត កាលពីរសៀលថ្ងៃទី៧ មីនា នៅខណ្ឌពោធិ៍សែនជ័យ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើទៅបានដោយជោគជ័យ ដោយសារតែមានការដឹកនាំបញ្ជាពីលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងដោយមានកិច្ចសហការពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ព្រៃវែង, កំពង់ធំ, ព្រះវិហារ, ស្វាយរៀង, តាកែវ និងថ្នាក់ដឹកនាំនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃផងដែរ ។
នៅរសៀលថ្ងៃទី៧ មីនា ដដែល ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ហើយត្រូវបានចៅក្រមចេញដីកាបង្គាប់ឱ្យ ឃុំខ្លួននៅពន្ធនាគាខេត្តរួចហើយ ។
សូមបញ្ជាក់ថា ក្នុងចំណោមក្រុមចោរប្លន់ទាំង៨នាក់នេះ ជនម្នាក់ត្រូវទទួលការចាប់អារម្មណ៍បំផុត គឺឈ្មោះ ផាន់ គឹមយន់ ហៅក្រៃថោង គឺជាបុរសម្នាក់ដែលមានមន្ដស្នេហ៍ទាក់ទាញបេះដូងស្ដ្រីជាច្រើននាក់ ។ តាមប្រភពមិនផ្លូវការខ្លះថា បើគិតពីស្រីដែលជននេះយកធ្វើជាកំណាន់ប្រហែលជិត១០០នាក់ តែមិនមានប្រភពជាក់លាក់ទេ ។ អ្វីដែលមានការកត់សម្គាល់នោះ គឺនៅពេលជាប់គុកហើយនៅតែទាក់ទាញបានបេះដូងស្ដ្រីជាអនុរក្សម្នាក់ក្នុងគុកដែលមានប្ដីរួចហើយ ក៏បានកំដរតណ្ហាដល់ក្រៃថោងដែរ ។ ប្រការគួរឱ្យចាប់អារម្ម៍នោះ គឺនៅភ្លៅខាងឆ្វេងរបស់ក្រៃថោង មានសាក់រូបស្រីស្អាតស្លៀកតែខោលីអូ ៕
ចែករំលែកព័តមាននេះ