រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងបានឆេះព្រៃងាប់នៅក្នុងដីឡូត៍មួយកន្លែងរបស់ក្រុមហ៊ុនប៊ូយ៉ុងខ្មែរយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៨ មីនា នៅក្នុងដីឡូត៍ទុកចោលរបស់ក្រុមហ៊ុនប៊ូយ៉ុងខ្មែរ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានអ្នករើសអេតចាយបានចូលទៅដុតខ្សែភ្លើងដើម្បីយកស្ពាន់នៅក្នុងដីឡូត៍រួចហើយបានចេញមកវិញដោយមិនបានពន្លត់រងើកភ្លើងឱ្យរលត់អស់នោះទេ ទើបបណ្តាលឱ្យរងើកភ្លើងដែលនៅសេសសល់ត្រូវខ្យល់បក់បង្កជាអណ្តាតភ្លើងឆេះក្លាយជាអគ្គិភ័យកាន់តែខ្លាំង ហើយរាលដាលឆេះស្មៅដែលងាប់ៗនៅជិតនោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកមើលកន្លែងកើតហេតុភ្លើងក៏បានស្ងប់ស្ងាត់ តែនៅសល់រងើក សមត្ថកិច្ចព្រួយខ្លាចរងើកនោះឆេះម្ដងទៀត ក៏រាយការណ៍ទៅខាងភ្នាក់ងារពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យ១គ្រឿងមកបាញ់ពន្លត់ឱ្យរលត់ភ្លើងទាំងស្រុងតែម្តង ។
សាក្សីបានបន្តថា ដីឡូត៍ខាងលើនេះ ឧស្សាហ៍មានករណីភ្លើងឆេះព្រៃច្រើនដងណាស់នៅក្នុងអំឡុងរដូវប្រាំងនេះ ៕
ចែករំលែកព័តមាននេះ