ខេត្តប៉ៃលិន ៖ គេសង្កេតឃើញទំនិញចម្រុះជាច្រើនប្រភេទដែលហួសកាលបរិច្ឆេទ ដូចជា ទឹកក្រូចដបជ័រ មីកញ្ចប់តូចធំ នំកញ្ចប់ ទឹកខ្មេះ និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនមុខ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីគយប្រចាំច្រកទ្វារ មន្ត្រីនគរបាលអន្តោប្រវេសន៍ និងខាងមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការដុតកម្ទេចចោល ក្រោយពីបានដកហូតពីអាជីវករនៅតាមតូបលក់ដូរ និងតាមផ្សារនានា កាលពីពេលថ្មីៗកន្លងមក ។

ការដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី៧ ខែមីនា កន្លងទៅ នៅក្បែរច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
បើតាមលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ទំនិញទាំងនោះគឺបានដកហូតពីអាជីវករនៅតាមភូមិ និងតាមផ្សារនានាទូទាំងខេត្ត ដែលអាជីវករយកទៅលក់ដូរដោយមិនបានដឹងពីថ្ងៃផុតកំណត់របស់ទំនិញ និងបន្តតាំងលក់ជូនទៅពលរដ្ឋ ដោយមិនដឹងពីផលប៉ះពាល់ចំពោះសុខភាព ។
លោកប្រធានសាខាបន្តទៀតថា ការដុតកម្ទេចចោលនេះ ខាងសាខាកាំកុងត្រូលធ្លាប់ធ្វើជាច្រើនលើកច្រើនសារួចមកហើយ ជាពិសេស ក្រោយពីបានដកហូតរយៈពេល៣ខែកន្លងមកនេះ សរុបទាំងអស់ជិត៦០០គីឡូក្រាម ត្រូវដុតកម្ទេចចោល ។
លោក សាន វិជ្ចាសារ៉ាវុធ បញ្ជាក់ថា ចំណែកការនាំចូលម្ហូបអាហារ និងទំនិញគ្រប់ប្រភេទ ខាងលោកតែងតែត្រួតពិនិត្យ និងណែនាំដល់ឈ្មួញមិនឱ្យនាំយករបស់ហួសកាលបរិច្ឆេទចូលទៅលក់ដូរនៅទីផ្សារខេត្តប៉ៃលិនឡើយ ដើម្បីចៀសវាងគ្រោះថ្នាក់ចំពោះអ្នកដែលទិញយកទៅទទួលទាន ៕
ចែករំលែកព័តមាននេះ