ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បន្ត​ចាត់វិធានការ​លើ​រថយន្ត​ច្នៃ​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ

8 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ក្រៅពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​របស់​គណៈកម្មការ​ជាតិ​នៅ​តាម​តំបន់​ទីតាំង​ក្រុមហ៊ុន​វិនិយោគ​រួច​មក អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​ខេត្ត​បាន​បន្ត​វិធានការ​ចុះ​ចាប់​រឹបអូស​រថយន្ត​ច្នៃ​ធន់​យក្ស​(​រថយន្ត​បង្កុង​)

ខេត្តក្រចេះ ៖ ក្រៅពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​របស់​គណៈកម្មការ​ជាតិ​នៅ​តាម​តំបន់​ទីតាំង​ក្រុមហ៊ុន​វិនិយោគ​រួច​មក អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​ខេត្ត​បាន​បន្ត​វិធានការ​ចុះ​ចាប់​រឹបអូស​រថយន្ត​ច្នៃ​ធន់​យក្ស​(​រថយន្ត​បង្កុង​) នៅ​តាម​លំនៅ​ឋាន​ដី​ឡូត៍​របស់​អ្នក​ភូមិ​ជា​ម្ចាស់​រថយន្ត  ដោយ​សំអាង​ថា ពពួក​រថយន្ត​នេះ ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ចេញ​ព្រៃ​មក​កាន់​ក្រុមហ៊ុន​។

វិធានការ​ចុះ​បង្ក្រាប​រថយន្ត​ច្នៃ​ធន់​យក្ស​ដែល​គេ​ឲ្យ​ឈ្មោះ​ថា រថយន្ត​បង្កុង​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តក្រចេះ ក្រោម​ការ​ដឹកនាំ​ដោយ​ស្ថាប័ន​អយ្យការ​ខេត្ត បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ជាប់​ៗ​គ្នា​មកនេះ ថ្ងៃ​ទី​៦-៧ មីនា ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ធ្វើ​ឡើង​ក្រោយ​ពី​យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​របស់​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ទៅ​លើ​បទល្មើស​ព្រៃឈើ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តក្រចេះ ហើយ​នៅ​ពេល​នេះ យុទ្ធនាការ​ក៏​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ចំណែកឯ​តួរ​លេខ​ចំនួន​ឈើ​ដែល​បាន​ចាប់​រឹបអូស​ឈើ ក៏​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅឡើយ​ដែរ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​ច្នៃ​ប្រភេទ ឬ​រថយន្ត​បង្កុង​ចំនួន​២៣​គ្រឿង ក្នុង​នោះ​មាននៅ​ស្រុក​ស្នួល​ចំនួន​២​គ្រឿង និង​នៅ​ស្រុក​ចិត្រ​បុរី ចំនួន​១៩​គ្រឿង ដែល​ចត​ទុក​គ្រប់​តង់​នៅ​ក្នុង​ដី​ឡូត៍​តាម​ផ្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារ​រង​ខេត្ត​បាន​កំណត់​ថា នឹង​ត្រូវ​រឹបអូស​យក​មក​រក្សា​ដើម្បី​មាន​វិធានការ​នោះ គឺ​ត្រូវ​បាន​ផ្លាស់​ប្តូរ​នីតិវិធី​ទៅ​វិញ ក្រោយ​ពី​ម្ចាស់​រថយន្ត​មិន​សហការ​អនុវត្ត​ធ្វើ​តាម​។  ហើយ​សមត្ថកិច្ច​ក៏​បាន​បង្វែរ​នីតិវិធី ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​អស់នេះ​ធ្វើ​កិច្ចសន្យា​ថែរក្សា​ទុក​រថយន្ត​តាម​ផ្ទះ​រៀង​ៗ​ខ្លួន តែ​តម្រូវ​មិន​ឲ្យ​មានការ​កែ​ច្នៃ​បន្ត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​សំណាក់​លោក​វរសេនីយ៍ឯក ហន ប៉ូច ស្នងការ​រង​កណ្តាល សណ្តាប់ធ្នាប់​ដែល​បាន​ចូលរួម​សហការ​។

ខេត្តក្រចេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ការ​ប្រើប្រាស់​រថយន្ត​កែ​ច្នៃ​មានការ​កើនឡើង​ច្រើន ហើយ​រថយន្ត​ទាំងនោះ​ត្រូវ​បាន​ម្ចាស់​អះអាង​ថា ការ​ច្នៃ​រថយន្ត​ក្នុង​តម្លៃ​ថ្លៃ​នេះ មិនមែន​កំណត់​តែ​ថា សម្រាប់​យក​ទៅ​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ក្រុមហ៊ុន​នោះ​ទេ គឺ​មាន​ខ្លះ​កែ​ច្នៃ​សម្រាប់​ដឹក​ដើម​ឬ​ស្សី ដឹក​ដំឡូង និង​ដឹក​ទំនិញ​ទៅ​លក់​នៅ​ព្រៃ​ក្រុមហ៊ុន​ពេល​រដូវវស្សា​ទឹក​ជន់ និង​មួយ​ចំនួន​យក​ទៅ​ស៊ីឈ្នួល​ដឹកឈើ​ចេញពី​ព្រៃ​ឲ្យ​ក្រុមហ៊ុន​មែន​។

យ៉ាងណា​ក៏​ដោយ​ជាមួយ​និង​វិធានការ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការ​អនុវត្ត ផែនការ​របស់​គណៈកម្មការ​ថ្នាក់​ជាតិ​លើ​កិច្ច​ការងារ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ដែល​តែងតែ​ប្រើ​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក​។ ក្រោយ​ពី​មាន​វិធានការ​ចុះ​បង្ក្រាប​ឈើហុប និង​ឈើ​អា​ឡាំង​ជ្រុង ប្រភេទ​ប្រណីត និង​ឈើ​លេខ​១ មាន​ចំនួន​រាប់​ម៉ឺន​កំណាត់​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​ចំនួន​២​នៅ​ខេត្តក្រចេះ រួច​មក​នោះ​រហូត​មក​ទល់​និង​ពេល​នេះ​វិធានការ​របស់​អាជ្ញាធរ​ខេត្តក្រចេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ ខណៈ​ដែល​មាន​ប្រភព​ព័ត៌មាន​ខ្លះ​ៗ​បាន​បង្ហើប​ប្រាប់​ថា មាន​ឈើ​មួយ​ចំនួន​ដែល​បាន​ចាប់​ឃាត់​នៅ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ឆាយ​ណា ឌី​ណា​ម៉ិ​ក និង​ក្រុមហ៊ុន​ចិន​ឈ្មោះ ហ្គ្រី​ន​ស៊ី កំពុង​តែ​រង​នូវ​ការ​បាត់ ដោយ​មានការ​លួច​លក់​ជា​បន្តបន្ទាប់​៕