ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​! អ្នកទេសចរ​ជា​ច្រើន​សម្រុក​មក​កម្សាន្ត​នៅ​មណ្ឌលគិរី ជា​ចំនួន​មិន​ធ្លាប់​មាន

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ក្បួន​រថយន្ត​អ្នកទេសចរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បាន​សម្រុកចូល​មក​ខេត្តមណ្ឌលគិរី ចាប់តាំងពី​ថ្ងៃ​០៥ ខែតុលា ម្សិលមិញ​នេះ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា​នេះ សង្កេត​ឃើញ​ថា

ខេត្តមណ្ឌលគិរី ៖ ក្បួន​រថយន្ត​អ្នកទេសចរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បាន​សម្រុកចូល​មក​ខេត្តមណ្ឌលគិរី ចាប់តាំងពី​ថ្ងៃ​០៥ ខែតុលា ម្សិលមិញ​នេះ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា​នេះ សង្កេត​ឃើញ​ថា នៅ​តាម​គោលដៅ​នានា​ក្នុង​ក្រុង​សែន​មនោ​រម្យ មាន​អ្នកទេសចរ​ជា​ច្រើន​នាក់​បាន​ម​កម្សាន្ត​លំហែ​អារម្មណ៍ ខណៈ​ចំនួន​អ្នកទេសចរ​ដ៏​ច្រើន​នេះ គឺ​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ឆ្នាំ​២០២១ ដែល​ជា​ដំណាក់កាល​ជំងឺ​កូ​វី​ដ​១៩ រាតត្បាត​។

យោង​តាម​ទិដ្ឋភាព​ជាក់ស្ដែង អ្នកទេសចរ​បាន​ទៅ​លេង​នៅ​តាម​គោលដៅ​ផ្សេង​ៗ​គ្នា មាន​ដូច​ជា ភ្នំ​ដោះ​ក្រមុំ ដើម្បី​ថតរូប​អនុស្សាវរីយ៍​នៅ​ចំណុច​រង្វង់​មូល​គោព្រៃ ទៅ​កម្សាន្ត​នៅ​សមុទ្រ​ឈើ ហើយ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទៀត ក៏​មាន​អ្នកទេសចរ​បាន​ទៅ​ដល់​គ្រប់កន្លែង គ្រា​ដែល​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ដាក់​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើង​វិញ បន្ទាប់​ពី​បិទ​ដំណើរការ​មួយ​រយៈពេល​វែង ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ថ្លែង​ថា គិត​ត្រឹម​មួយ​ថ្ងៃ​ម្សិលមិញ​ជា​ថ្ងៃ​ទី​១ នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺ​មាន​អ្នកទេសចរ​ប្រមាណ ៧,២៣៣​នាក់ ចូល​មក​លេង​នៅ​ខេត្តមណ្ឌលគិរី ជា​ចំនួន​ច្រើន​ខ្លាំង​ណាស់ បើ​ធៀប​នឹង​ភ្ជុំបិណ្ឌ​ឆ្នាំ​មុន ព្រោះ​កើនឡើង​រហូត​ដល់​ទៅ ១៧៤,០៨% ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​អន្តរជាតិ​ប្រហែល​ជាង​១០០​នាក់​ផង​ដែរ បាន​ដើរ​លេង​កម្សាន្ត​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បន្ត​ថា សម្រាប់​តាម​រមណីយដ្ឋាន​ទាំងអស់ មន្ទីរ​បាន​តម្រូវ​ឲ្យ​អនុវត្ត​ដាច់ខាត​ចំពោះ​វិធានការ​សុវត្ថិភាព​ផ្សេង​ៗ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​ភ្ញៀវ​ទេសចរ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​គ្រប់​គ្នា​ពេល​ចូល​ទៅ​ក្នុង​រមណីយ​ដ្ឋាន អ្នក​មិន​ពាក់​ម៉ាស់​មិន​ឲ្យ​ចូល​ជា​ដាច់ខាត ហើយ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​មានការ​យល់​ដឹង និង​បាន​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​ច្រើន ប៉ុន្តែ​ឃើញ​មួយ​ចំនួន​ក៏​ពួក​គាត់​ដោះ​ម៉ាស់​ចេញ​រយៈពេល​ខ្លី​នៅ​ពេល​ថតរូប ក្រោយ​ពេល​ថតរូប​ហើយ​ពួក​គាត់​ក៏​ពាក់​ម៉ាស់​ធម្មតា​វិញ​។

លោក ងិ​ន សុ​វិមាន បញ្ជាក់​ថា សម្រាប់​សណ្ឋាគារ​-​រី​សត ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ភ្ញៀវ​ទេសចរ​ចូល​សម្រាក​ពេញ​បន្ទប់​អស់ហើយ នៅ​សល់​បន្ទប់​ផ្ទះសំណាក់​ខ្លះ​ប៉ុណ្ណោះ​។ ហើយ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង ម្ចាស់​អាជីវកម្ម​ដែល​ទទួល​អ្នកទេសចរ​ក៏​មានការ​ប្រុង​ប្រ​យ​ត្ន​ខ្ពស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ។

សូម​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី​កាលពី​អំឡុង​ដើមឆ្នាំ​២០២០ នៅ​មាន​អ្នកទេសចរ​ច្រើន​មក​កម្សាន្ត​ជា​ធម្មតា ប៉ុន្តែ​ក្រោយ​ពី​ពេល​នោះ​មក ជំងឺ​កូ​វី​ដ​១៩​បាន​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទេសចរ​ធ្លាក់​ចុះ​រហូត ទើបតែ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ ដែល​ខេត្តមណ្ឌលគិរី មាន​អ្នកទេសចរ​រហូត​ជាង​៧,០០០​នាក់​បាន​ចូល​មក​កម្សាន្ត ក្នុង​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ