ខេត្តបន្ទាយមានជ័យ ៖ ខណៈយុទ្ធនាការរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ ចាប់ទំនិញអាជីវករខ្មែរ ដែលដាក់លក់នៅផ្សាររុងក្លឿ ដោយចោទថាជាទំនិញរំលោភកម្មសិទ្ធិបញ្ញា តែងកើតមានជាញឹកញាប់នាដំណាក់ចុងក្រោយនេះ និងធ្វើឲ្យអាជីវករខ្មែរមានការព្រួយបារម្ភពីមុខរបររបស់ខ្លួននោះ អាជ្ញាធរខេត្តបន្ទាយមានជ័យគ្រោងនឹងកសាងផ្សារទំនើបមួយជាប់ជាយដែន សម្រាប់អាជីវករខ្មែរលក់ដូរ ដើម្បីឲ្យថៃចូលមកទិញទំនិញក្នុងទឹកដីកម្ពុជាវិញ ។
លោក គោស៊ុំ សារឿត អភិបាលខេត្ត បានមានប្រសាសន៍នៅថ្ងៃទី០៦ មីនា តាមទូរស័ព្ទថា ក្រោយពេលមន្ត្រីមានសមត្ថកិច្ចថៃរឹតបន្តឹង និងបន្តចាប់ទំនិញអាជីវករខ្មែរដែលលក់នៅផ្សាររុងក្លឿប្រទេសថៃ ធ្វើឲ្យប៉ះពាល់ដល់ការរកស៊ី និងជីវភាពប្រជាពលរដ្ឋកម្ពុជា ។ កន្លងមក អាជ្ញាធរខេត្តបានរកកន្លែងលក់ដូរជូនអាជីវករខ្មែរនៅផ្សារ៉ាថ្មី និងផ្សាអគ្គៈប៉ោយប៉ែត តែបងប្អូនអាជីវករមិនពេញចិត្តនឹងការលក់ដូរនោះ ។
លោកអភិបាលខេត្តបន្តថា ពេលនេះយើងកំពុងនិយាយជាមួយម្ចាស់ដី និងអ្នកវិនិយោគ ដើម្បីសិក្សាគម្រោងកសាងផ្សារទំនើបមួយកន្លែងក្បែរព្រំដែនក្នុងបរិវេណកាស៊ីណូមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរចូលមកលក់ដូរក្នុងទឹកដីកម្ពុជាវិញ ។ អាជ្ញាធរខេត្តកសាងផ្សារជាប់ជាយដែន គឺសម្រាប់ឲ្យអាជីករខ្មែរពីផ្សាររុងក្លឿលក់ដូរ និងដើម្បីឲ្យប្រជាពលរដ្ឋថៃចូលទិញទំនិញក្នុងទឹកដីកម្ពុជាវិញ ។ ជាមួយនេះភាគីកម្ពុជាសុំឲ្យភាគីថៃតម្រូវឲ្យប្រជាពលរដ្ឋកម្ពុជានិងថៃចេញចូលបាន ដោយទិញសំបុត្រម្នាក់តម្លៃ១.០០០រៀល និងប្រើអត្តសញ្ញាណប័ណ្ណសម្រាប់ចេញចូល ។
លោកអភិបាលខេត្តបញ្ជាក់ថា កន្លងមក អាជ្ញាធរថៃបានចាប់ទំនិញអាជីវករខ្មែរជាច្រើនលើក និងចាប់ខ្លួនអាជីវករខ្មែរផងដែរ ធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកលក់ដូរនៅផ្សាររុងក្លឿ ប្រទេសថៃ ។
នៅថ្ងៃទី០៥ ខែមីនា អាជីករខ្មែរបានធ្វើការតវ៉ាជាមួយមន្ត្រីមានសមត្ថកិច្ចថៃ ពេលមានការចុះចាប់ទំនិញនៅផ្សារដំបូលខៀវ ស្ថិតក្នុងបរិវេណផ្សាររុងក្លឿ ប្រទេសថៃ ។
អាជ្ញាធរខេត្តនិងក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានធ្វើអន្តរាគមន៍ឲ្យអាជីវករខ្មែរបន្តលក់ដូរទំនិញដែលចោទថារំលោភកម្មសិទ្ធិបញ្ញា ដោយទុកពេលឲ្យបន្តលក់ចំនួន២ខែទៀត បើលក់មិនអស់ឲ្យដឹកចេញពីផ្សាររុងក្លឿប្រទេសថៃ ៕
ចែករំលែកព័តមាននេះ