ខេត្តព្រៃវែង ៖ នគរបាលស្រុកពាមរក៍បានឃាត់ខ្លួនបុរស៣នាក់ ដែលជាជនសង្ស័យក្នុងករណីលួចម៉ូតូ១គ្រឿងនៅឃុំអ្នកលឿង កាលពីថ្ងៃទី៥ មីនា ត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវរកឃើញម៉ូតូដែលបាត់នោះនៅនឹងផ្ទះរបស់ពួកគេ ។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៧ មីនា នៅនឹងផ្ទះរបស់ពួកគេ ស្ថិតក្នុងឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ជាមួយនឹងវត្ថុតាងម៉ូតូ១គ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១A-៦២០៩ ។ ម៉ូតូនេះជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះជាតិ រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវចាប់ខ្លួននេះ ១-ឈ្មោះម៉ក់ ភក្តី ហៅអឹង អាយុ២០ឆ្នាំ ជាកម្មករ ២-ឈ្មោះ ឌឹម សុជាតិ អាយុ២៧ឆ្នាំ ជាកម្មករ និង៣-ឈ្មោះកែវ សាវឿន អាយុ១៥ឆ្នាំ ជាកម្មករដូចគ្នា ។
លោកអាត អ៊ន នាយប៉ុស្តិ៍តរដ្ឋបាលឃុំព្រែកខ្សាយ(ខ) បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ មីនា ជនរងគ្រោះឈ្មោះជាតិ រស្មី បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿងថា ម៉ូតូរបស់ខ្លួនដែលត្រូវចោរលួចបាត់កាលពីថ្ងៃទី៥ មីនា ខណៈដែលរូបគេទុកនៅក្រោមផ្ទះ ហើយឡើងទៅដេកនៅលើផ្ទះ ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿង បានចុះស្រាវជ្រាវអស់រយៈពេល១ព្រឹក ក៏ដឹងមុខសញ្ញា គឺជាអ្នករស់នៅក្នុងឃុំព្រែកខ្សាយ(ខ) ហើយសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំព្រែកខ្សាយ (ខ) ចុះទៅតាមរក ក៏ស្រាប់តែឃើញម៉ូតូជនរងគ្រោះ នៅនឹងផ្ទះជនសង្ស័យមែន ទើបធ្វើការឃាត់ខ្លួនតែម្តង ។
ចែករំលែកព័តមាននេះ