ក្រសួងមហាផ្ទៃត្រៀមផ្លាស់ប្តូរអភិបាលខេត្តមួយចំនួន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសមន្ត្រីថ្មីរួចហើយសម្រាប់ត្រៀមចូលកាន់តំណែងអភិបាលខេត្តមួយចំនួន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសមន្ត្រីថ្មីរួចហើយសម្រាប់ត្រៀមចូលកាន់តំណែងអភិបាលខេត្តមួយចំនួន
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសមន្ត្រីថ្មីរួចហើយសម្រាប់ត្រៀមចូលកាន់តំណែងអភិបាលខេត្តមួយចំនួន ខណៈបណ្តាអភិបាលខេត្តទាំងនោះ មានអាយុជិតចូលនិវត្តន៍ ។
បើតាមសម្តេចក្រឡាហោម ការកំណត់ជ្រើសរើសយកមន្ត្រីថ្មី ត្រៀមចូលកាន់តំណែងជាអភិបាលខេត្ត គឺធ្វើឡើងដើម្បីលុបបំបាត់ការអន្តរាគមន៍របស់មន្ត្រីមួយចំនួនដែលចូលចិត្តធ្វើការងារអន្តរាគមន៍ ។ ជាមួយគ្នានោះដែរ សម្តេចប្រមុខមហាផ្ទៃ ក៏បានជំរុញឲ្យគណៈកម្មការយេនឌ័រ ជ្រើសរើសមន្ត្រីជាស្ត្រី ត្រៀមចូលកាន់តំណែងជាអភិបាលរងខេត្តផងដែរ ហើយបើជ្រើសរើសមិនបាននោះទេ ត្រូវទុកកន្លែងនោះឲ្យនៅទំនេរដដែល និងរង់ចាំការជ្រើសរើសស្ត្រីថ្មីចូលទៅកាន់តំណែងបំពេញការងារភារកិច្ចនោះ ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ការជ្រើសរើសមន្ត្រីសម្រាប់ចូលកាន់តំណែងអភិបាលខេត្តថ្មី និងអភិបាលខេត្តរងជានារី គឺភាគច្រើនជ្រើសរើសមន្ត្រីដែលកំពុងបំរើការងារនៅក្នុងខេត្តនោះ ហើយមិនអាចជ្រើសរើសពីក្រៅបានទេ ។
ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ខាងលើ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិនារី៨ មីនា ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៧ ខែមីនាម្សិលមិញ ។
ចំណែកអភិបាលខេត្តដែលមានអាយុជិតចូលនិវត្តន៍ ហើយត្រូវត្រៀមធ្វើការផ្លាស់ប្តូរនោះដូចជាខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យជាដើម ៕
ចែករំលែកព័តមាននេះ