រាជធានីភ្នំពេញ ៖ ក្រុមអ្នកតវ៉ាមកពីសហគមន៍ដីធ្លីចំនួន២ គឺមកពីសហគមន៍ដីធ្លីបណ្តាញអតីតស្ត្រីបឹងកក់ និងសហគមន៍ដីធ្លីផ្លូវរថភ្លើងចំនួនជាង៥០នាក់ បានលើកគ្នាមកកាន់ស្ថានទូតសហរដ្ឋអាមេរិកដើម្បីសុំធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជារកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋនៅបឹងកក់ ដែលនៅសេសសល់ចំនួន៧គ្រួសារទៀត។ ចំណែកឯអ្នកមកពីសហគមន៍ដីធ្លីផ្លូវរថភ្លើងចំនួនជាង១០០នាក់ បានយកញត្តិទៅដាក់ជូនក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីឱ្យក្រសួងធ្វើការដោះស្រាយឱ្យពួកគាត់ ដែលពួកគាត់មានការព្រួយបារម្ភក្រោយពីរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍តំបន់ផ្លូវដែកនៅក្នុងរាជធានីភ្នំពេញ ដោយពុំមានការពិគ្រោះយោបល់ជាមួយពួកគាត់។
ការដាក់ញត្តិទាំងពីរសហគមន៍ និងទៅតាមស្ថាប័នទាំងពីរនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ មីនា ដែលមានទីតាំងនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
យោងទៅតាមខ្លឹមសារញ្ញត្តិរបស់អ្នកតវ៉ាមកពីសហគមន៍ដីធ្លីបឹងកក់ដាក់នៅស្ថានទូតសហរដ្ឋអាមេរិកបានសរសេរថា ពលរដ្ឋរងគ្រោះ ដោយសារការបណ្តេញចេញទាំងបង្ខំត្រូវគេបូមខ្សាច់ពន្លិចផ្ទះ និងដីធ្លីនៅបឹងកក់ធ្វើឱ្យបាត់បង់ដីធ្លី និងផ្ទះសម្បែង ។
ខ្លឹមសារញត្តិក៏បានសសេរបន្តទៀតថា ថ្មីៗកន្លងមកនេះ យើងខ្ញុំនិងសហគមន៍ផ្សេងទៀតនៅក្នុងក្រុងភ្នំពេញបាននាំគ្នាយកពងមាន់គប់ទៅលើការិយាល័យធនាគារពិភពលោក ដោយសារតែស្ថាប័ននេះ មិនយកចិត្តទុកដាក់ចំពោះការសុំអន្តរាគមន៍ជាច្រើនលើករបស់ពួកគាត់ ។ យើងខ្ញុំវេទនាកាន់តែខ្លាំងឡើងៗប៉ុន្តែសហរដ្ឋអាមេរិក និងធនាគារពិភពលោក នៅតែធ្វើមិនដឹង មិនឮ ។
ជាចុងក្រោយនៃញត្តិបញ្ជាក់ថា ប្រជាពលរដ្ឋអតីតបឹងកក់ និងសមាជិកសមាគមស្ត្រីបឹងកក់ សហគមន៍បុរីកីឡា៣មករា និងសហគមន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញSOS នឹងឆ្លើយតបឱ្យបានសមស្របក្នុងពេលឆាប់ៗនេះ ចំពោះសហរដ្ឋអាមេរិក និងធនាគារពិភពលោក បើសិនជានៅតែមិនមានការយកចិត្តទុកដាក់ចំពោះទុក្ខសោក និងការលំបាកវេទនារបស់យើង ។
ចំពោះខ្លឹមសារញ្ញត្តិរបស់អ្នករស់នៅតាមបណ្តោយផ្លូវរថភ្លើងសរសេរថា យើងខ្ញុំទាំងអស់គ្នាជាសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញមាន ៨ សហគមន៍៖
១-សហគមន៍អភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
២-សហគមន៍រួមចិត្តតែមួយ ស្ថិតនៅភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
៣-សហគមន៍ភូមិ១៧ ស្ថិតនៅភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក ។
៤-សហគមន៍ភូមិ១០៤ ស្ថិតនៅភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក ។
៥-សហគមន៍ភូមិ១០៥ ស្ថិតនៅភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក ។
៦-សហគមន៍ភូមិ២ ស្ថិតនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
៧-សហគមន៍ភូមិ២៣ ស្ថិតនៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក ។
៨-សហគមន៍ទួលសង្កែប៊ី ស្ថិតនៅក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
ពួកយើងទាំងអស់គ្នាមានការព្រួយបារម្ភជាពន់ពេក ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន មានគម្រោងអភិវឌ្ឍន៍តំបន់ផ្លូវដែកនៅរាជធានីភ្នំពេញ ហើយពុំមានការពិគ្រោះយោបល់ និងព្រមព្រៀងជាឯកឆន្ទពីប្រជាពលរដ្ឋ ហើយធ្វើឱ្យប្រជាពលរដ្ឋស្នើសុំការពិគ្រោះយោបល់ម្តងហើយម្តងទៀតរហូតទៅដល់៤ចំណុចនោះ។ ប្រជាជនមានគោលជំហរមិនប្រឆាំងនឹងរាជរដ្ឋាភិបាល និងក្រុមហ៊ុនណាមួយទេនៃគម្រោងទាំងឡាយ ដោយពួកយើងស្រឡាញ់សន្តិភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាសកម្ម ។ ពួកយើងក៏ជាប្រជាជនដែលជឿជាក់លើសិទ្ធមនុស្សភាពថ្លៃថ្នូរ និងប្រជាធិបតេយ្យ ។
ក្រោយពេលដាក់ញត្តិរបស់ស្ត្រីអតីតបឹងកក់នៅស្ថានទូតសហរដ្ឋអាមេរិករួចហើយ ក្រុមស្ត្រីដែលជាសកម្មជនដីធ្លីទាំងជាង៥០នាក់នោះ បានលើកគ្នាមកកាន់ធនាគារពិភពលោកដែលមានទីតាំងនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញដដែលនោះផងដែរ ។ ដោយបាននាំគ្នាយកសម្លៀកបំពាក់ចាស់ៗមួយចំនួន និងកង់ឡានទៅដុតនៅមុខទីស្នាក់ការធនាគារពិភពលោក ។ បុ៉ន្តែសកម្មភាពនោះធ្វើបានតែបន្តិច ក៏ត្រូវកម្លាំងអាជ្ញាធរខណ្ឌដូនពេញធ្វើការរារាំង និងរុញច្រានចេញទៅវិញ ព្រមទាំងបានដកហូតយកសម្ភារមួយចំនួន ។ ក៏មានអ្នកតវ៉ាខ្លះដែលជាស្ដ្រីភេទ បានមានះចំពោះការរារាំង ទើបសមត្ថកិច្ចចាប់អូសរុញចេញឱ្យផុតពីមុខធនាគារពិភពលោក ។
តាមការកត់សម្គាល់ ពុំមានអំពើហិង្សាណាមួយកើតមានទេ ហើយក៏ពុំមានចាប់ក្រុមអ្នកតវ៉ាណាម្នាក់ទុកដែរ ។ ដោយសារមានការរារាំងបែបខ្លាំងបន្តិច ទើបក្រុមអ្នកតវ៉ាបំបែកគ្នាចេញអស់ទៅ ។ ទំនងបើនៅមានះទៀត ប្រហែលជាអាចត្រូវដំបងខ្លះមិនខាន ៕
ចែករំលែកព័តមាននេះ