ខេត្តសៀមរាប ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះឥន្ទ្រកោសីយ៍ ក្រុងខេត្តសៀមរាប ប្រមាណជាង១០០អង្គ/នាក់ បាននិមន្តមកធ្វើការតវ៉ានៅមុខរដ្ឋបាលសាលាខេត្ត នាថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ ដើម្បីឱ្យអាជ្ញាធរខេត្ត ជួយរកយុត្តិធម៌ ចំពោះការតែងតាំងចៅអធិការវត្តថ្មី និងសុំឱ្យធ្វើកិច្ចដំណើរការកសាងព្រះរូបបដិមាដ៏ធំ ឱ្យបានរួចរាល់ ដើម្បីទុកតម្កល់ជាទីសក្ការៈនៅក្នុងវិមានសង្ឃ នៃទីវត្តព្រះឥន្ទ្រកោសីយ៍ នេះផង។ ក្នុងការតវ៉ានេះក្រោមការនិមន្តដឹកនាំរបស់ ព្រះភិក្ខុសង្ឃ ព្រះនាម អ៊ុន សម្ផស្ស បានចូលជួបលោក ប៊ុន ថាប្ញទ្ធិ អភិបាលរងនៃគណៈអភិបាល ខេត្ត ដោយមានព្រះវត្តមាន របស់ព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប និង អស់លោក លោកស្រីនៃមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ ។
តាមសង្ឃដីការបស់ ភិក្ខុ អ៊ុន សម្ផស្ស បានបញ្ជាក់ពីគោលបំណង របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ សុំធ្វើ ការជួបលោកអភិបាលខេត្ត ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយអំពីអធិករ ដែលបានកើតឡើងនៅក្នុងទីវត្ត ព្រះឥន្ទ្រកោសីយ៍ ក្រោយពេលដែលព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្តទទួលអនិច្ចធម្មទៅ ក្នុងទីវត្តតែងមានភាពមិនចុះសម្រុងគ្នានឹងគ្នា ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ។ ក្នុងនោះដែរភិក្ខុ អ៊ុន សម្ផស្ស និងប្រជាពុទ្ធបរិស័ទ ក៏បានធ្វើការចោទប្រកាន់ទៅលើ ភិក្ខុ ចាន់ សុវណ្ណ និងភិក្ខុ ក្រួច សុមាន ជាលេខា ព្រះមេគណ ខេត្តដែលបានទទួលអនិច្ចធម្មទៅ ព្រមទាំងបក្ខពួកបានធ្វើឱ្យមានរឿងមិនប្រក្រតីក្នុងទីវត្ត នៅពេលដែលវត្តគ្មានចៅអធិការគ្រប់គ្រង បានធ្វើការដេញភិក្ខុសាមណេរ ចំនួន៤អង្គចេញពីវត្តដោយមិនដឹងពីមូលហេតុ ។ ចំពោះការតែងតាំងភិក្ខុ ចាន់ សុវណ្ណ ឬ ភិក្ខុ ក្រួច សុមាន នោះ ភិក្ខុ អ៊ុន សម្ផស្ស និងព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្ត មិនគាំទ្របេក្ខភាពទាំងពីរអង្គនេះឡើង ។
ដោយមូលហេតុព្រះភិក្ខុ ចាន់ សុវណ្ណ បានចាកចេញចោលវត្តអស់រយៈ ពេល ១១ឆ្នាំ ទៅរស់នៅសហរដ្ឋអាមេរិក គឺពុំអាចមកគ្រប់គ្រងកន្លែងសុំសីល និង គរុភណ្ឌបានឡើយ ហើយចំពោះ ភិក្ខុ ក្រួច សុមាន បានធ្វើឱ្យបាត់បង់បច្ច័យរបស់បុណ្យព្រះសពព្រះមេគណខេត្តចំនួន៥៥លាន៦សែន២ពាន់រៀល និងប្រាក់ដុល្លា ចំនួន១ពាន់៦៦១ដុល្លា ដោយមិនដឹងមូលហេតុ ។ ភិក្ខុ អ៊ុន សម្ផស្ស ក៏បានមានសង្ឃដីកាយ៉ាង ទទូចចំពោះបញ្ហាការកសាងព្រះរូបដិមាធ្វើអំពីស្ពាន់ដ៏ធំទុកតម្កល់សម្រាប់ទីសក្ការៈនៅក្នុងទីវត្តព្រះឥន្ទ្រកោសីយ៍ ដែលបានកសាងបានប្រមាណ៨០% ហើយត្រូវបានសម្តេចសង្ឃរាជ ទេព វង្ស ធ្វើការហាមឃាត់ មិនឱ្យយក រូបដិមាធ្វើអំពីស្ពាន់ ដាក់តាំងគោរពបូជានៅក្នុងទីវត្តព្រះឥន្ទ្រកោសីយ៍ ក្នុងឱកាសបុណ្យចម្រើនព្រះជនព្រះមេគណខេត្ត ដោយទីវត្តនេះជាវត្តបុរាណ មានប្រាសាទទៀតផង ។
ក្នុងនោះដែរក៏មានបងប្អូនពុទ្ធបរិស័ទយើងក៏បានលើក នូវសំណូមពរសុំបន្តការកសាងរូបដិមាធ្វើអំពីស្ពាន់នោះ ឱ្យបានរួចរាល់ផងដែរ ។ មានថេរដីកាជាមួយគ្នានោះដែរព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប ក៏បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិករដែលកើតឡើងនៅក្នុងទីវត្តនោះ ភិក្ខុសង្ឃ និងពុទ្ធបរិស័ទ ត្រូវតែរៀបចំនូវឯកសារឱ្យបានត្រឹមត្រូវ ទាំងបញ្ហាបុគ្គលដើម្បីដាក់ជូនមកគណៈសង្ឃវិន័យ ឬអនុគណក្រុង ដើម្បីធ្វើការដោះស្រាយ ទៅតាមក្រឹត្យក្រមធម៌វិន័យរបស់ព្រះសង្ឃ តែចំពោះអាជ្ញាធរ គឺបានត្រឹមតែជាអ្នកសម្របសម្រួល និងធ្វើការផ្សះផ្សារ ដើម្បីក្នុងផលប្រយោជន៍ឱ្យវិស័យព្រះពុទ្ធសាសនាយើងមានការអភិវឌ្ឍន៍រីកចម្រើន ។
មានប្រសាសន៍នោះដែរលោក ប៊ុន ថាប្ញទ្ធិ ក៏បានគូសបញ្ជាក់ថា គោលជំហររបស់ខេត្ត សូមគាំទ្រនូវរាល់ការកសាងរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ទៅលើសមទ្ធិផលក្នុងវត្ត និងទីសាធារណៈ ពីព្រោះថា វិស័យព្រះពុទ្ធ សាសនា នៅពេលបច្ចុប្បន្ននេះ គឺជាយន្តការមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត នៅតាមទីវត្តអារាម ដែលមានអាយុកាលចំណាស់ៗសំខាន់នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប និងបណ្តាខេត្ត ផ្សេងៗទៀត។លោកក៏បានជម្រាបដល់ភិក្ខុសង្ឃ និងពុទ្ធបរិស័ទផងដែរថា រាល់ការកសាងយើងត្រូវធ្វើទៅតាម ដំណាក់កាល និងជ្រើសរើសពេលវេលាឱ្យសមស្របណាមួយ ដែលធ្វើឱ្យកិច្ចការរបស់យើងទទួលបានជោគជ័យ ។ ម្យ៉ាងទៀតកិច្ចការទាំងនេះ ក៏ត្រូវយើងធ្វើការផ្សាភ្ជាប់ទៅនឹងក្រុមការងារថ្នាក់ជាតិ ក្នុងផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចក្នុងទីវត្តរបស់ខ្លួនផងដែរ ។ លោក ប៊ុន ថាប្ញទ្ធិ ក៏បានលើកផងដែរ ចំពោះបញ្ហាអធិករ ដែលកើតនៅក្នុងទីវត្ត គឺ ជាលក្ខណៈបុគ្គល ហើយក៏ជាកិច្ចការរបស់ព្រះសង្ឃ ដូចតាមសង្ឃដីការបស់ព្រះអនុគណក្រុងបានលើកឡើង ។
ដូច្នេះអាជ្ញាធរខេត្ត គឺជាអ្នកធ្វើការសម្របសម្រួលប្រកបទៅដោយសន្តិវិធី ។ លោកក៏បានបន្តទៀតថា ដោយមើល ឃើញនូវកង្វះនៃការគ្រប់គ្រងព្រះសង្ឃក្នុងទីវត្តព្រះឥន្ធកោសីយ៍ មន្ទីរបានតែងតាំងចៅ អធិការស្តីទី ដែលមានព្រះនាម ភិក្ខុ ចាន់ សុវណ្ណ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រសួងចេញសេចក្តីប្រកាស តើតែងតាំងភិក្ខុអង្គណា ក្រោយពេលគណៈកម្មការធ្វើការជ្រើសរើសនិងវាយតម្លៃ ឬ ក៏យកព្រះសង្ឃពីវត្តផ្សេងមកធ្វើចៅអធិការវត្ត ក្នុងការបញ្ចប់អធិករក្នុងទីវត្តនេះក៏មានផងដែរ ។ បន្ថែមពីនេះលោកក៏បានធ្វើការពាំនាំនូវសំណើ និងសំណូមពររបស់ព្រះសង្ឃ និង ពុទ្ធបរិស័ទជូនដល់អភិបាលខេត្តក្នុងការជម្រុញឱ្យសមទ្ធិផលដែលយើងបានកសាងនេះសម្រេចបានដោយជោគជ័យ និងទទួលបានផលអនុសង្ឃស្មើៗគ្នាផងដែរ ៕
ចែករំលែកព័តមាននេះ