ខេត្តឧត្តរមានជ័យ ៖ រថយន្តកងវិស្វកម្ម៣គ្រឿងដែលដឹកឈើប្រណីត ហើយត្រូវកម្លាំងអាជ្ញាធររងខេត្តឧត្តរមានជ័យ ដឹកនាំកំលាំងចម្រុះធ្វើការបង្ក្រាប កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ កន្លងមក ស្ថិតនៅភូមិអូរឬស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងបាននាំយកមករក្សាទុកនៅអធិការស្រុកអន្លង់វែង គេសង្កេតឃើញរហូតមកដល់ថ្ងៃទី០៥ មីនា នេះ ពុំទាន់មានចំណាត់ការនៅឡើយទេ ។
មន្ត្រីបម្រើការងារក្នុងស្រុកអន្លង់វែងម្នាក់ឱ្យយដឹងថា រថយន្តកងវិស្វកម្មដែលដឹកឈើប្រភេទឈើសន្លឹក ក្នុងមួយសន្លឹកតូល១០ គុណនិង៥០ ប្រវែង២ម៉ែត្រក្នុងរថយន្តទាំង៣គ្រឿងនេះ ក្នុងមួយគ្រឿងៗមិនច្បាស់ការនៅឡើយ ។ បើតាមការសន្និដ្ឋាន មានផ្ទុកឈើ៤ម៉ែត្រគូប ទៅ៥ម៉ែត្រគូព គេដឹងថា ធ្វើការដោះលែងមួយគ្រឿងហើយ ដោយមិនដឹងត្រូវរ៉ូវបែបណាទេ ដោយនៅសល់តែ២គ្រឿងទៀតមិនទាន់ត្រូវរ៉ូវគ្នា ។
លោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការស្រុកអន្លង់វែងបានឱយដឹងកាលពីរសៀលថ្ងៃទី៤ មីនា ថា រថយន្តទាំងដឹកឈើ៣គ្រឿងនេះលោកអភិបាលរងខេត្ត ដឹកនាំកម្លាំងក្នុងស្រុកត្រពាំងប្រាសាទ ធ្វើការបង្ក្រាបរួចហើយ បាននាំយកមកផ្ញើនៅអធិការស្រុក រហូតមកទល់ពេលនេះ មានរយៈពេល១០ថ្ងៃ ហើយនៅពុំទាន់ចំណាត់ការបែបណាទៀត ។
ចំណែកពលរដ្ឋរស់នៅក្នុងស្រុកត្រពាំងប្រាសាទឱ្យដឹងថា ការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើកន្លងមក ឬពេលបច្ចុប្បន្ននេះ គឺមានតែអ្នកមានតួនាទី ដែលបម្រើការងារក្នុងជួររដ្ឋ រួមទាំងអ្នកមានអំណាចធំៗទេដែលរកស៊ីរបរនេះដោយរលូនបាន ។ ចំណែកពលរដ្ឋសុទ្ធសាទ សូម្បីតែដឹកឈើបន្តិចបន្តួច យកមកសាងសង់លំនៅឋាន ក៏ត្រូវកងកម្លាំងសមត្ថកិច្ចចាប់ឱ្យបង់លុយដែរ ពុំដូច្នេះទេគឺត្រូវតែចាប់ និងកសាងសំណុំរឿង ។
ចែករំលែកព័តមាននេះ