ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺថ្លើម​ប្រភេទ B ងាយ​ចម្លង​ តែ​អាច​ការពារ​បាន

10 ឆ្នាំ មុន

ថ្លើម​ប្រភេទ B ជា​ជំងឺឆ្លង​យ៉ាង​សកម្ម​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​សាធារណៈ​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​​…

ថ្លើម​ប្រភេទ B ជា​ជំងឺឆ្លង​យ៉ាង​សកម្ម​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព​សាធារណៈ​ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​ទាំង​ប្រជាជន​កម្ពុជា​ផង​ដែរ​។

ជំងឺថ្លើម​ប្រភេទ B មាន​បង្កប់​នៅ​ក្នុង​ឈាម ទឹកមាត់ ទឹកដោះ​ម្តាយ និង​ទឹករំអិល​ផ្សេង​ៗ​ទៀត​ក្នុង​ខ្លួន​មនុស្ស ហើយ​ក៏​អាច​ឆ្លង​ដោយ​ងាយ ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ឆ្លង​របស់​មេរោគ​អេ​ដស៍​ផង​ដែរ ។ ដោយ​ការ​ឆ្លង​នេះ​មាន​តាម​រយៈ​ដូច​ជា​ ៖
-​ឆ្លង​តាម​ឈាម
-​ឆ្លង​តាម​ការ​រួម​ភេទ​ដោយ​គ្មាន​សុវត្ថិភាព
-​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ជា​ពិសេស​នៅ​ពេល​សម្រាលកូន
-​ឆ្លង​តាម​ការ​ប្រើប្រាស់ ម្ជុលចាក់​ថ្នាំ​រួម​គ្នា​ជាដើម ។

ដូច្នេះ​ដើម្បី​ការពារ​ការ​ចម្លងជំងឺ​ថ្លើម​ប្រភេទ B លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ​ ៖
-​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ស្ត្រី​គួរតែ​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​ឈាម​រក​មើលជំងឺ​ថ្លើម​។
 -​មិន​គួរ​ប្រើប្រាស់​ម្ជុល​រួម​គ្នា
-​ការ​រួម​ភេទ​ជាមួយ​ដៃគូ​ច្រើន គួរតែ​ប្រើ​ស្រោមអនាម័យ

ជា​ការ​ពិត ជំងឺ​នេះ​មិន​អាច​ឆ្លង​តាម​រយៈ​ការ​ថើប និង​ការ​ទទួលទាន​អាហារ​ជាមួយ​គ្នា​នោះ​ទេ​។ ចំណែកឯ​ការ​បឺត​មាត់ ក៏​អាច​មាន​ហានិភ័យ​នៃ​ការ​ចម្លង​ផង​ដែរ បើសិនជា​មាន​ដាច់​រលាត់​បបូរមាត់ ឬ​អណ្តាត​នោះ ។ ជំងឺថ្លើម​ប្រភេទ B មាន​វ៉ាក់សាំង​ចាក់​បង្ការ​ទប់ស្កាត់​បាន​១០០​ភាគរយ បើ​ទោះជា​មិន​ទាន់​មាន​ឱសថ​ណា​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ​១០០​ភាគរយ​ក៏​ដោយ ។

គោលបំណង​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺថ្លើម​ប្រភេទ B មាន​ដូច​ជា​៖
-​ព្យាបាល​ដើម្បី​ទប់​កុំ​ឲ្យ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​រ៉ាំ​រ៉ៃ
-​ការពារ​ជំងឺ​នេះ​កុំ​ឲ្យ​មានកា​រវិ​វ​ឌ្ឍ​កាន់តែ​ធ្ងន់ធ្ងរ
-​ព្យាបាល​ដើម្បី​កុំ​ឲ្យ​ថ្លើម​មាន​សម្លាក​កាន់តែ​ច្រើន ដែល​អាច​វិ​វ​ឌ្ឍ​ទៅ​ជា​មហារីក​ថ្លើម​ឬ​ក្រិន​ថ្លើម​ដែល​អាច​ធ្វើ​ឲ្យ​ងាយ​នឹង​បាត់បង់​អាយុជីវិត ។

ដោយសារ​តែ​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​ច្បាស់លាស់ ដូច្នេះ​មហាជន​ទូទៅ​គួរ​ទៅ​ពិនិត្យ​ឈាម​គ្រប់​ៗ​គ្នា ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​រលាក​ថ្លើម​គ្រប់​ប្រភេទ តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ខ្លួន ៕