ខណ:ដែលកម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ វាសំខាន់ណាស់ដែលគេត្រូវដឹងអំពីក្រុមមនុស្សដែលនឹងកំណត់ជោគជ័យនៅក្នុងការបោះឆ្នោតទាំងនោះ។
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនវ័យក្មេងច្រើន។ ក្នុងចំណោមមនុស្សចំនួន១៥លាននាក់ គឺមានចំនួន៦៨ភាគរយ ជាក្រុមមនុស្សដែលមានអាយុក្រោម៣០ឆ្នាំ។ នៅក្នុងស្ថានភាពបែបនេះ អ្នកនយោបាយត្រូវគូសវាងឱ្យចេញគោលនយោបាយមួយដែលអាចទាក់ទាញមនុស្សដែលមានវ័យចន្លោះពី១៨ឆ្នាំដល់៣០ឆ្នាំនេះ។ ការដណ្តើមបានការគាំទ្រក្នុងចំណោមមនុស្សដែលមានវ័យនេះ អាចនឹងធ្វើឱ្យគណបក្សនយោបាយទទួលបានការជោគជ័យនៅក្នុងការបោះឆ្នោតនាពេលខាងមុខឆ្នាំ២០១៧ និង២០១៨។
រាល់គោលនយោបាយ និងសារនយោបាយទាំងអស់ត្រូវតែប្រាកដថា បម្រើដល់ផលប្រយោជន៍របស់ពួកគេ បើសិនជាគណបក្សនយោបាយចង់ដណ្តើមបេះដូងរបស់ពួកគេឱ្យគាំទ្រខ្លួន។
គោលនយោបាយស្តីពីការងារ គោលនយោបាយស្តីពីប្រាក់ខែ គោលនយោបាយស្តីពីការអប់រំ គោលនយោបាយការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយផ្សេងទៀត ដែលផ្តល់ផលប្រយោជន៍ដល់យុវជន និងយុវតី គឺជាអ្វីដែលគណបក្សនយោបាយត្រូវគូសវាងចេញឱ្យលម្អិត ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញថា គណបក្សនយោបាយរបស់ខ្លួនតំណាងឱ្យក្រុមយុវជន និងយុវតី។
នៅឆ្នាំ២០១៣ មានគណបក្សចំនួន៨បានចូលរួមការបោះឆ្នោត។ គេរំពឹងថា នឹងមានគណបក្សនយោបាយច្រើនជាងនេះ នឹងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ ខណ:ពេលដែលគណបក្សថ្មីៗមួយចំនួនបានចុះឈ្មោះជាបន្តបន្ទាប់ ហើយសម្រាប់ចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ គណបក្សធំពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងត្រូវបានគេតាមដានខ្លាំងនៅពេលខាងមុខ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ បានបង្ហាញថា មានតែគណបក្សពីរនេះប៉ុណ្ណោះបានទទួលអាសនៈនៅក្នុងរដ្ឋសភា។
ការតាមដាននឹងមានជាពិសេសសម្រាប់គណបក្សនយោបាយទាំងពីរខាងលើនេះថា តើពួកគេប៉ិនប្រសប់យ៉ាងណានៅក្នុងការរៀបចំកម្មវិធីនយោបាយ និងសារនយោបាយ ដើម្បីទាក់ទាញទឹកចិត្តកម្មកររោងចក្រកាត់ដេរ និងយុវជន ព្រមទាំងយុវតីផ្សេងទៀតឱ្យបោះឆ្នោតដល់ពួកគេ។
តើអ្នកអានកោះសន្តិភាពចង់បានអ្វីពីគណបក្សនយោបាយ? សូមមានយោបល់ និង share អត្ថបទនេះទៅកាន់មិត្តរបស់អ្នក៕
ចែករំលែកព័តមាននេះ