ខេត្តស្ទឹងត្រែង ៖ ក្រុមរថយន្តធុនយក្សដឹកដំឡូងមីជិត១០០គ្រឿងបានធ្វើការតវ៉ាជាមួយក្រុមមន្ត្រីជញ្ជីងប្រចាំការនៅចំណុចអូរពងមាន់ តាមបណ្ដោយផ្លូវជាតិលេខ៧អា ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៤ និង៣០នាទីព្រលឹមស្រាងៗថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់តាន់តាប់សូម្បីតែម៉ូតូក៏មិនអាចធ្វើដំណើរទៅមុខបានដែរ ។
ក្រុមអ្នកបើករថយន្តធំដឹកដំឡូងមីឆ្ពោះទៅទីផ្សារប្រទេសវៀតណាមទាំងនោះបានឱ្យដឹងថា ពួកគេនឹងធ្វើការបិទផ្លួវចំណុចជញ្ជីងនេះរហូតដល់មានការសម្របសម្រួមពីអាជ្ញាធរខេត្ត ឬរាជរដ្ឋាភិបាល ដោយពួកគេទទួលស្គាល់ថា ពួកគេពិតជាមានការដឹកលើសទម្ងន់មែន តែគួរតែមានការសម្រួលអោយរថយន្តដឹកដំឡូងរបស់គាត់ទៅដោយរលូនផង ព្រោះបើមិនដឹកលើសទម្ងន់ទេគឺមិនចំណេញទេ ។
ក្រុមអ្នកបើករថយន្តបាននិយាយទៀតថា បើការលើសទម្ងន់មានការផាកពិន័យក្នុង១តោន១០ម៉ឺនរៀល បើលើស២០តោន ការដឹកដំឡូងយកទៅប្រទេសវៀតណាមគឺចូលខ្យល់តែម្តង ហើយការស៊ីឈ្នួលដឹកដំឡូងនេះបានតែ៦ម៉ឺនទៅ៨ម៉ឺនរៀលប៉ុណ្ណោះ ។
ក្រុមអ្នករថយន្តធុនយក្សដឹកដំឡូងបានបន្តឱ្យដឹងថា ទីផ្សារសព្វថ្ងៃដំឡូងមី១គីឡូក្រាមតែ៤០០ទៅ៦០០រៀលប៉ុណ្ណោះ ហើយការដឹកលើសនេះព្រោះពេលទៅដល់ព្រំដែនវៀតណាមជួនការឈ្មួញវៀតណាមទម្លាក់ថ្លៃទៀត ហើយកាត់គីឡូដំឡូងទៀត បើមន្ត្រីជញ្ជីងផាកពិន័យទៀត តើមានផលចំណេញមកពីណា?
ក្រុមអ្នករកស៊ីដឹកជញ្ជូនដំឡូងតាមរថយន្តយក្សបានសំណូមពរដល់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលជួលរកដំណោះស្រាយផង និងការសម្របសម្រួលតាមផ្លូវណាមួយ ដូចជាទីផ្សារមានតម្លៃទិញ-លក់ដំឡូងក្នុងតំលៃថ្លៃទើបកសិករមានទីផ្សារត្រឹមត្រូវ ហើយការដឹកជញ្ជូនក៏មិនអោយលើសទំងន់ដែរ ។
ដោយឡែកក្រុមមន្ត្រីជញ្ជីងចំណុចអូរពងមាន់ ខេត្តស្ទឹងត្រែង «កោះសន្តិភាព»មិនទាន់អាចសុំការបកបាននៅឡើយទេ ព្រោះមិនទាន់មានមន្ត្រីអាជ្ញាធរណាចេញមុខមកសម្របសម្រួលនៅឡើយ ដែលការកកស្ទះចរាចរណ៍ដោយសារការបិទផ្លូវនេះនៅមិនទាន់ដកចេញនៅឡើយទេនៅម៉ោង៦ព្រឹកថ្ងៃដដែលនេះ ៕
ចែករំលែកព័តមាននេះ