ខេត្តកំពង់ស្ពឺ ៖ ម្ចាស់ផ្ទះកំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែក្រុមចោរប្រដាប់ដោយកាំភ្លើងAK47គ្រប់ដៃ និងកាំភ្លើងខ្លីមួយដើមផងដែរ បានដើរចូលទៅភ្ជង់ម្ចាស់ផ្ទះអ្នកលក់ប្រេងមួយកន្លែងនៅខាងលិចផ្សារកន្តួត ដោយប្រមូលយកលុយ និងគ្រឿងអលង្ការមួយចំនួនគេចខ្លួនចូលក្នុងព្រៃបាត់ ដោយមិនរំខានដល់សមត្ថកិច្ចស្រុកឱរ៉ាល់ឡើយ ។
ករណីក្រុមចោរប្លន់នេះ កើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី៤ មីនា ២០១៦ ស្ថិតត្រង់ចំណុចផ្ទះលក់ប្រេងយីហោ
(ហ៊ុន ស្រីមុំ) ខាងលិចផ្សារកន្តួត ក្នុងភូមិផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះហ៊ុន ស្រីមុំ ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកលក់ដូរ រស់នៅកន្លែងកើតហេតុខាងលើ និងប្តីមានឈ្មោះភុំ ណុប រស់នៅជាមួយគ្នា មិនមានរងរបួសអ្វីឡើយ ។ ចំណែកក្រុមចោរមានគ្នា៣នាក់ ប្រដាប់ដោយអាវុធអាកា (AK47)៣ដើម និងខ្លី១ដើមស្លៀកពាក់ស៊ីវិល មានអាយុជាង៣០ឆ្នាំ មានពាក់ម៉ាស់ ក្រោយពីភ្ជង់ប្លន់ប្រមូលយកទ្រព្យសម្បត្តិ រួចបានរត់គេចខ្លួនបាត់ស្រមោល ។
បើតាមសម្តីម្ចាស់ផ្ទះនិយាយថា មុនពេលកើតហេតុ ពួកគាត់បានរៀបចំបិទទ្វារឈប់លក់ដូរ ហើយក៏មើលទូរទស្សន៍ផង និងកំពុងបញ្ចុកបាយកូនតូច ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ពាក់ម៉ាស់ទាំងអស់ ប្រដាប់ដោយកាំភ្លើងអាកា៣ដើម និងខ្លី១ដើម ដើរសំដៅមករកគាត់ រួចក៏ភ្ជង់ឱ្យមកនៅម្តុំ ដោយក្រុមចោរនិយាយថា នៅឱ្យស្ងៀម តែហ៊ានស្រែកអញចាក់សាំងដុតឱ្យឆេះងាប់ឥឡូវហើយ ។
ពេលនោះ ក្រុមចោ២នាក់បានដើរប្រមូលយកលុយខ្មែរចំនួន១០លានរៀល លុយដុល្លារ៣០០ដុល្លារ ខ្សែ.កមាស៥ជី ប្រមូលយកលុយបានហើយ ក្រុមចោរបានរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយកើតហេតុ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជិត១ម៉ោង ទើបសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ គ្រាន់តែសួរជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញាតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ