ខេត្តបាត់ដំបង ៖ ប្រភពបានឱ្យដឹងថា អាណាព្យាបាលក្មេងស្រីដែលរងគ្រោះ បន្ទាប់ពីលោកឌី ពៅ អភិបាលរងក្រុងបាត់ដំបង គប់នឹងចម្រៀកក្ដារ បណ្ដាលឱ្យរងរបួសប៉ោងភ្នែកម្ខាងនោះ ត្រូវបានដាក់ពាក្យបណ្ដឹងសារជាថ្មីទៀត ចូលទៅតុលាការដោយផ្ទាល់ កាលពីថ្ងៃទី០៣ មីនា ២០១៦ ក្រោយពីគាត់ប្ដឹងទៅអធិការនគរបាលក្រុង និងបញ្ជាការកងរាជអាវុត្ថហត្ថខេត្ត គេមិនអើពើនឹងបណ្ដឹងរបស់គាត់នោះ ។ តើសមត្ថកិច្ចចាត់ការឬអត់? រឿងលោកអភិបាលរងក្រុងគប់ក្មេងស្រីរបួសផ្ទៃមុខ
ប្រភពបន្តថា អ្នកស្រីអៀង មុំ អាយុ៣៨ឆ្នាំ ត្រូវជាម្ដាយកុមារីរងគ្រោះឈ្មោះនិល ឡុងអី អាយុ៤ឆ្នាំ បានទៅសុំអន្តរាគមន៍ពីអង្គការលីកាដូ ដើម្បីឱ្យជួយរៀបចំបណ្ដឹងតាមផ្លូវច្បាប់ ដែលប្ដឹងលោកឌី ពៅ ទៅតុលាការខេត្ត ។
នៅក្នុងបណ្ដឹងអ្នកស្រីអៀង មុំ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកស្រីនិងស្វាមី បានប្ដឹងទៅអធិការនគរបាលក្រុងបាត់ដំបង តែមន្ត្រីនគរបាលមិនព្រមចាត់វិធានការណ៍តាមច្បាប់ទេ ។ បែរជាជម្រុញឱ្យអ្នកស្រីយកកូនទៅព្យាបាលដោយនិយាយថា របួសប៉ុណ្ណឹង លាបតែថ្នាំទៅជាហើយ ។
អ្នកស្រីបន្តថា បន្ទាប់ពីទៅពឹងអធិការនគរបាលក្រុងមិនបានការ គាត់ក៏ទៅប្ដឹងមន្ត្រីកងរាជអាវុធហត្ថខេត្តម្ដង នៅតែមិនមានដំណោះស្រាយសមរម្យដដែល ដោយសមត្ថកិច្ចបង្ខំឱ្យគាត់ទទួលយកសំណងពីលោកឌី ពៅ ចំនួន១៥០ដុល្លារ ជាថ្នូរនឹងការបិទសំណុំ
រឿង ។ ដូច្នេះហើយ ទើបអ្នកស្រីសម្រេចសុំអន្តរាគមន៍ពីអង្គការលីកាដូឱ្យជួយរៀបចំបណ្ដឹងដាក់ទៅតុលាការតាមផ្លូវច្បាប់ ។
គួររំលឹកថា កាលពីថ្ងៃទី២៦ កុម្ភៈ កន្លងទៅនេះ លោកឌី ពៅ អភិបាលរងក្រុងបាត់ដំបង បានរងការចោទប្រកាន់ថា បានទាញចម្រៀកក្ដារគប់ទៅលើកុមារីឈ្មោះនិល ឡុងអី អាយុ៤ឆ្នាំ ដែលរស់នៅក្បារខាងគ្នា បណ្ដាលឱ្យរងរបួសប៉ោងភ្នែកខាងឆ្វេង ខណៈនាងកំពុងអង្គុយលេងគំនរខ្សាច់ ។
បើតាមសាក្សីប្រាប់ថា មូលហេតុដែលលោកឌី ពៅ អភិបាលរងក្រុងបាត់ដំបង បានទាញចម្រៀកក្ដារគប់ទៅលើកុមារី និល ឡុងអី ដោយសារខឹងនាងឡើងលេងលើគំនរខ្សាច់របស់ខ្លួន តែខណៈនោះកូនប្រុសលោកឌី ពៅ អាយុ៤ឆ្នាំ ក៏កំពុងលេងខ្សាច់ជាមួយនាងដែរ ។
ប្រជាពលរដ្ឋបានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើគ្មានសីលធម៌របស់លោកឌី ពៅ ដែលបានបង្កហិង្សាដួចកំរោលទៅលើកុមារីរងគ្រោះខាងលើនេះ ហើយក៏បានរិះគន់ផងដែរ ទៅលើចំណាត់របស់សមត្ថកិច្ច ដែលមានភាពរើសអើង ក្នុងការអនុវត្តច្បាប់រវាងពល
រដ្ឋទន់ខ្សោយ និងមន្ត្រីមានអំណាច ។
ចែករំលែកព័តមាននេះ