តាមក្រុមអ្នកជំនាញឱ្យដឹងថា បណ្តាអ្នកជំងឺមហារីកគឺអាចកាត់បន្ថយអត្រាស្លាប់របស់ខ្លួនបានដល់ជិតពាក់កណ្តាលឬក៏ពាក់កណ្តាល ដោយគ្រាន់តែដើរឱ្យបានទៀងទាត់រាល់ថ្ងៃចម្ងាយ១,៦០គីឡូម៉ែត្រក្នុងល្បឿនមធ្យម ៤,៨២គីឡូម៉ែត្រក្នុងមួយម៉ោងឬប្រហែល២០នាទី ។
តាមរយៈការសិក្សាមួយដែលទើបបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ការធ្វើសកម្មភាពរាងកាយជាប់ជាប្រចាំគឺប្រៀបបាននឹងឱសថស័ក្តិសិទ្ធិសម្រាប់អ្នកកើតជំងឺមហារីកដោះនិងប្រូស្តាត ដោយវាអាចជួយកាត់បន្ថយឱកាសស្លាប់របស់ពួកគេពីជំងឺនេះបានដល់ទៅ៤០ភាគរយ ។
ដោយឡែក សម្រាប់អ្នកជំងឺមហារីកពោះវៀនវិញ បង្កើនការដើរទ្វេដងធៀបនឹងចម្ងាយខាងលើ(៣,២០គីឡូម៉ែត្រ)អាចកាត់បន្ថយហានិភ័យស្លាប់បាន៥០ភាគរយ ។
ការស្រាវជ្រាវដែលធ្វើឡើងដោយបណ្តាញក្រុមអ្នកដើរឈ្មោះ Walking for Health និងគាំទ្រដោយមូលនិធិសប្បុរសធម៌ Macmillan Cancer Support រកឃើញថា សកម្មភាពរាងកាយអាចជួយកាត់បន្ថយការប៉ះទង្គិចនៃផលរំខានបន្តិចបន្តួចមួយចំនួនកើតឡើងដោយសារការព្យាបាលមហារីក ក្នុងនោះមានដូចជា ហើមជុំវិញប្រអប់ដៃ អស់កម្លាំង ផ្លាស់ប្តូរទម្ងន់ខ្លួននិងបាត់បង់ចលនារាងកាយជាដើម ។
លោក Ciaran Devane នាយកប្រតិបត្តិមូលនិធិ Macmillan Cancer Support ថ្លែងថា ការរកឃើញនៅពេលនេះបានបង្ហាញនូវភាពពិតដ៏ងាយមួយនោះគឺ ការដើរអាចជួយសង្គ្រោះជីវិតមនុស្សបាន ។ យើងមិនអាចបន្តបិទភ្នែកធ្វើមិនដឹងមិនឮចំពោះអ្វីដែលជាដំណោះស្រាយដ៏ពិតប្រាកដនិងយ៉ាងងាយស្រួលនោះទេ ។ សកម្មភាពរាងកាយគឺជាឱសថដ៏អស្ចារ្យមួយ ហើយបណ្តាអ្នកជំនាញថែរក្សាសុខភាពត្រូវតែបង្គាប់បញ្ជាប្រើឱសថនេះ ។
លោកស្រី Sandra Sayce វ័យ៥១ឆ្នាំ ជាអ្នកជំងឺមហារីកស្បែកដែលបានចូលរួមក្នុងក្រុម Walking for Health តាំងពីឆ្នាំ២០១១ថ្លែងថា៖ «ខ្ញុំកើតជំងឺមហារីកនេះអស់ច្រើនឆ្នាំមកហើយ។ ពេលអាក្រក់បំផុតនោះគឺខ្ញុំមិនអាចដើរបានច្រើនជាង៥០ម៉ែត្រទេ ។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានចូលរួមជាក្រុមអ្នកដើរ សុខភាពខ្ញុំបានត្រឡប់មករកភាពដើមវិញហើយ ។ ខ្ញុំអាចដើរបានដូចធម្មតា បើទោះក្នុងអាកាសធាតុត្រជាក់នាខែមករាក៏ដោយ» ៕
ចែករំលែកព័តមាននេះ