ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Uppsala University ប្រទេសស៊ុយអែតបានអះអាងថា បុគ្គលដែលទទួលទានទឹកដោះគោច្រើនជាង៣កែវក្នុងមួយថ្ងៃ មិនត្រឹមតែមិនផ្តល់អត្ថប្រយោជន៍ការពារឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបណ្តាលឱ្យស្លាប់មុនអាយុក្នុងអត្រាមួយយ៉ាងខ្ពស់ទៀតផង ។
ផ្តល់ផលអាក្រក់បែបនេះ ពីព្រោះទឹកដោះគោផ្ទុកសារធាតុស្ករដែលអាចបង្កើនការរលាកនិងលក្ខខណ្ឌ Oxidative Stress ។ ទីបំផុតបណ្តាកោសិការាងកាយត្រូវបានបំផ្លាញ ។
ការពិសោធរយៈពេល១១ទៅ២០ឆ្នាំលើបុរស៤ម៉ឺន៥ពាន់នាក់ និងស្ត្រី៦ម៉ឺននាក់បង្ហាញថា ក្រុមស្ត្រីដែលផឹកទឹកដោះគោច្រើនជាង៣កែវក្នុងមួយថ្ងៃឬជាមធ្យម៦៨០មីល្លីលីត្រប្រឈមនឹងអត្រាស្លាប់មុនអាយុដល់ទៅទ្វេដងធៀបទៅនឹងស្ត្រីដែលផឹកត្រឹម៦០មីល្លីលីត្រក្នុងមួយថ្ងៃឬប្រហែល១កែវ ។ ចំពោះបុរសវិញ អត្រាស្លាប់គឺទាបជាងស្ត្រី ។
សាស្ត្រាចារ្យ Karl Michaëlsson ដែលជាអ្នកដឹកនាំការសិក្សាថ្លែងថា តាមធម្មតា ទឹកដោះគោផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពអ្នកទទួលទាន ។ យ៉ាងណាក៏ដោយ វាអាចនឹងផ្តល់ផលអាក្រក់វិញ ប្រសិនគេទទួលទានក្នុងកម្រិតមួយយ៉ាងលើសលប់ ។ លោកសាស្ត្រាចារ្យបន្តថា បុគ្គលទាំងឡាយគួរត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់របបអាហាររបស់ខ្លួនក្នុងកម្រិតមួយដែលមានតុល្យភាព ។
ទោះជាយ៉ាងនេះក្តី នៅក្នុងព្រឹត្តិបត្រ BMJ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នេះគ្រាន់តែជាលទ្ធផលនៃការសិក្សាលើកដំបូងប៉ុណ្ណោះ ហើយថា ការសិក្សាស្រាវជ្រាវលើកក្រោយទៀតនឹងត្រូវធ្វើបន្តដើម្បីស្វែងរកភ័ស្តុតាងរឹងមាំ ។
ការសិក្សាស្រាវជ្រាវមួយចំនួនកាលពីលើកមុនសុទ្ធតែបានរកឃើញនូវអត្ថប្រយោជន៍របស់ទឹកដោះគោចំពោះសុខភាព ។ របកគំហើញទាំងនោះបានអះអាងថា ទឹកដោះគោអាចជួយកាត់បន្ថយហានិភ័យបាក់ឆ្អឹងដ្បិត វាផ្ទុកទៅដោយកាល់ស្យូមនិងវីតាមីន D យា៉ងសំខាន់សម្រាប់ជួយឱ្យឆ្អឹងរឹងមាំ ៕ ឈិត គឹមឆុន
ចែករំលែកព័តមាននេះ