ខេត្តបន្ទាយមានជ័យ ៖ ករណីបង្ក្រាបក្រុមចាប់ជំរិតដែលជនសង្ស័យជាជនជាតិចិននៅក្នុងបរិវេណកាស៊ីណូហ្គោលក្រោន ដោយសមត្ថកិច្ចចម្រុះកម្ពុជា និងចិន កាលពីរសៀលថ្ងៃទី២ ខែមីនា ត្រូវបានសមត្ថកិច្ចអះអាងថា បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីតែ៣៨នាក់ទេ គឺចាប់តាមដីកា ចំណែកការចាប់ខ្លួនក្នុងប្រតិបត្តិការជាង១០០នាក់នោះ គ្រាន់តែជាចំនួនត្រួតពិនិត្យជំហានដំបូងប៉ុណ្ណោះ ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅយប់ថ្ងៃដដែលនោះថា ការចុះបង្ក្រាបក្រុមចាប់ជំរិតខាងលើ គឺដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ឯក ស៊ាន សេន ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីកម្លាំងនគរបាលខេត្តនិងក្រុងប៉ោយប៉ែត ។
ករណីឆែកឆេររកជនសង្ស័យជាក្រុមចាប់ជំរិតនេះ គេឃើញមាន៣កន្លែងផ្សេងគ្នា គឺ២កន្លែងនៅបន្ទប់ជួល និង១កន្លែងទៀតក្នុងកាស៊ីណូចំណុច333VIP ក្នុងប្លុកកាស៊ីណូហ្គោលដិនក្រោនតែមួយ ។ ដំបូងមានប្រភពព័ត៌មានថា ការប្រមូលជនសង្ស័យមានរហូតដល់ទៅ១១៨នាក់ ហើយក្រោយមកសមត្ថកិច្ចចម្រុះត្រួតពិនិត្យអ្នកពាក់ព័ន្ធតាមរយៈការស្គែនមេដៃ ព្រោះជនសង្ស័យដែលពាក់ព័ន្ធការចាប់ជំរិតខ្លះមានដីការចាប់ខ្លួនពីប៉ូលិសអាំងទែរប៉ូលចិន ។
ទីបំផុត ការឃាត់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើ ត្រូវបានលោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា មានតែ៣៨នាក់ទេ ក្នុងនោះស្រី៣នាក់ ហើយជាការឃាត់ខ្លួនតាមដីកាទៀតផង ។
ប្រភពព័ត៌មានបញ្ជាក់ថា ចំណែកជនសង្ស័យមួយចំនួនទៀតមិនត្រូវបានឃាត់ខ្លួនទេ ព្រោះក្រោយពីការស្គែនមេដៃ គឺមិនជាប់ពាក់ ព័ន្ធ ។ យ៉ាងណាក៏ដោយ ជនសង្ស័យចំនួន២២នាក់ ក្នុងនោះស្រី៣នាក់ ដែលប៉ូលិសចិនឃាត់សួរនាំនៅបន្ទប់ជួលក្នុងកាស៊ីណូនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយពីមានការតវ៉ាពីក្រុមសន្តិសុខកាស៊ីណូ ៕
ចែករំលែកព័តមាននេះ