រាជធានីភ្នំពេញ ៖ ទោះបីជាមានការបង្ហោះសំឡេងជាច្រើនវគ្គដោយចង់សំដៅទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ថាបានលួចទាក់ទងស្នេហាជាមួយស្រីក្មេងយ៉ាងណាក្តី ក៏គណបក្សសង្គ្រោះជាតិប្រកាសថាមិនអើពើនឹងរឿងនោះឡើយ ។
ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង២៥រាជធានី-ខេត្តនៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៣ ខែមីនា លោក កឹម សុខា ថ្លែងថា «ខ្ញុំបានបញ្ជាក់ទៅថ្នាក់ដឹកនាំទាំងអស់ថា ដូចដែលខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយើងជាច្រើនដងមកហើយ ។ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហរ រឹងមាំរបស់យើងតាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺយើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត» ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងទទួលរងនូវព្យុះបោកបក់នាពេលនេះ បានថ្លែងទៀតថា យើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ យើងកំពុងដើរតាមផ្លូវត្រូវហើយ យើងកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំហើយ ។ នេះហើយជាចំណុចខ្លាំងរបស់យើង ដូច្នេះអ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះ គឺយើងត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្ដ្ររបស់យើងតែប៉ុណ្ណោះ ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង ។
ចំណែក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនដែលអើពើនឹងការបង្ហោះខ្សែអាត់សំឡេងដែលគេអះអាងថា ជាសំឡេងរបស់លោក កឹម សុខា ជាមួយស្រីក្មេងនោះទេ ។
ទាក់ទងនឹងរឿងលោក កឹម សុខា នេះលោក អេង ឆៃអ៊ាង ថ្លែងថា «ខ្ញុំមិនដឹងដែរ អ្វីដែលសំខាន់នោះទាល់តែសួរទៅអ្នកដែលរៀបចំរឿងនេះ ។ សំឡេងហ្នឹងជារឿងដដែល យើងមិនថាយ៉ាងម៉េចទេ ជាយុទ្ធសាស្ត្រនយោបាយ បើធម្មតាគណបក្សសង្គ្រោះជាតិខ្លាំង អីុចឹងបើខ្លាំងយើងមិនដែលចាត់ទុកក្នុងចិត្ត និងឆ្លើយឆ្លង និងតបតនោះទេ» ។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា ឯកសារដែលលើកឡើងឬសំឡេងនោះគ្មានមូលដ្ឋានច្បាស់លាស់ទេ គណបក្សមិនដែលគិតនោះទេ ។ ជាមួយគ្នានេះ គណបក្សគ្មានគម្រោងចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងសំឡេងដែលគេអះអាងថាជាសំឡេងលោក កឹម សុខា នោះទេ ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា «សំឡេងនោះគ្មានមូលដ្ឋានច្បាប់លាស់ទេ ដូច្នេះរឿងពិតឬមិនពិតក្តី យើងមិនដែលគិតរឿងហ្នឹងទេ ជាងនេះទៀត មិនសិក្សាអ្វីដែលគ្មានមូលដ្ឋានគតិច្បាប់នោះទេ» ។
ទោះបីជាគ្មានការអើពើយ៉ាងណាក្តី ម្ចាស់Account facebook ឈ្មោះរឿងពិត CNRP នៅតែបន្តបង្ហោះសំឡេង ទោះបីពិតឬមិនពិត ជាសំឡេងលោក កឹម សុខា ទាក់ទងស្នេហាជាមួយស្រីក្មេងបន្តរហូតដល់វគ្គទី៨ហើយ ។
ក្នុងការវិភាគមួយបានបង្ហាញថា លោក កឹម សុខា បានឡើងធ្វើជាមេបក្សសង្គ្រោះជាតិ ក្រោយពេលដែលលោក សម រង្ស៊ី បាននិរទេសខ្លួនរត់ចោលប្រទេស ដោយសារខ្លាចដីកាចាប់ខ្លួនពីតុលាការ ក្រោមបទព្រហ្មទណ្ឌមួយចំនួនដែលលោកបានប្រព្រឹត្តខុសនៅកម្ពុជា ។
ការវិភាគនេះបានបន្តថា បើតាមខ្សែអាត់សំឡេងសន្ទនារវាងលោក កឹម សុខា និងស្ត្រីវ័យក្មេងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mon srey គឺលោក កឹម សុខា ដែលមានវ័យជាង៦០ឆ្នាំទៅហើយនោះ បានលួងលោមនាង Mon Srey រួមរ័កពីរយប់១០ដង និងមានពាក្យពេចន៍គួរឲ្យខ្ពើមរអើមមួយចំនួនទៀត ។
គិតលេងៗទៅ រឿងនេះប្រសិនបើមានពាក្យបណ្ដឹងពីនារីជាគូស្នេហ៍លួចលាក់របស់លោក កឹម សុខា មែន ច្បាស់ណាស់ថា ទោះចង់ឬមិនចង់ លោក កឹម សុខា ត្រូវតែប្រឈមទៅនឹងផ្លូវតុលាការ ។ ប៉ុន្ដែអ្វីដែលជាការពិតជាក់ស្ដែងនៅពេលនេះ គឺសកម្មជនធ្លាក់បាក់ឌុបដ៏ស្មោះស្ម័គ្រម្នាក់របស់គណបក្សប្រឆាំង កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្ដឹងរួចជាស្រេចហើយ ទៅកាន់តុលាការប្ដឹងលោក កឹម សុខា ក្នុងការបរិហារ កេរ្តិ៍នាង ដោយសារតែលោក កឹម សុខា បាននិយាយ មួលបង្កាច់កេរ្ដិ៍នាង ប្រាប់ស្រីស្នេហ៍របស់ខ្លួនថា យកឈ្មោះគណបក្សសង្គ្រោះជាតិទៅបោកប្រាស់អ្នកគាំទ្រនៅបរទេស ដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ។
ក្រោយផ្ទុះរឿងស្នេហាលួចលាក់ស្រីក្មេងនេះ មតិសាធារណជនបានចាត់ទុកទង្វើក្បត់ប្រពន្ធកូន ល្មោភតណ្ហា ថាជាទង្វើគួរឲ្យស្អប់ខ្ពើម ។ ដូច្នេះប្រជាពលរដ្ឋមិនគួរមានជំនឿទៅលើអ្នកនយោបាយល្មោភតណ្ហានោះទេ ព្រោះដោយសារតែមេដឹកនាំដែលល្មោភតណ្ហា ល្មោភស្រីញីនេះហើយ ទើបបណ្ដាលឲ្យកម្ពុជារួមទឹកដីពីធំមកតូចតាំងពីសម័យមហានគរ ។ ជារួម គណបក្សសង្គ្រោះជាតិត្រូវពិចារណាក្នុងការដោះដូរក្បាលម៉ាស៊ីនដឹកនាំ ដើម្បីកុំឲ្យអន្ដរាយដល់គណបក្សទាំងស្រុង ៕
ចែករំលែកព័តមាននេះ