ជាទូទៅបណ្តាបុគ្គលដែលមានបញ្ហាសម្រាន្តពុំលក់នៅពេលយប់ គឺពួកគេមិនត្រឹមតែកំពុងដាក់ខ្លួនឯងឱ្យស្ថិតក្នុងបញ្ហាអស់កម្លាំងជាប្រចាំនោះទេ ប៉ុន្តែថែមទាំងកំពុងនាំផ្លូវខ្លួនឯងឆ្ពោះទៅរកបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ ។ ដ្បិតយោងតាមការសិក្សាថ្មីមួយបានរកឃើញថា បាត់បង់ដំណេកជាប្រចាំគឺធ្វើឱ្យកើននូវហានិភ័យរលាកពោះវៀនធំ ។
ការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រសមាគមជំងឺក្រពះពោះវៀនអាមេរិក Clinical Gastroenterology & Hepatology បានបរិយាយថា បណ្តាបុគ្គលដែលបរាជ័យមិនអាចធ្វើតាមការណែនាំដេកឱ្យបាន៧-៨ម៉ោងក្នុងមួយយប់អាចកើតមានជំងឺប្រព័ន្ធរំលាយអាហារ ។
Ashwin N. Ananthakrishnan អ្នកដឹកនាំការសិក្សាមកពីមន្ទីរពេទ្យ Massachusetts General Hospital សហរដ្ឋអាមេរិកថ្លែងថារយៈពេលដំណេកទាំងយូរទាំងឆាប់គឺសុទ្ធតែផ្តល់ភាពស្មុគស្មាញចំពោះសុខភាព ពិសេសទៀតនោះគឺវាបានជាប់ពាក់ព័ន្ធនឹងកំណើនមរណភាពជាទូទៅជំងឺបេះដូង ក៏ដូចជាជំងឺមហារីក ។ លទ្ធផលរបស់យើងលើកនេះចង្អុលបង្ហាញថា ការរលាកដែលបង្កទៅជាដំបៅរលួយអាចត្រូវបានដាក់បញ្ចូលផងដែរ ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា យើងបានរកឃើញថា ការដេកតិចជាង៦ម៉ោងឬច្រើនជាង៩ម៉ោងក្នុងមួយយប់គឺសុទ្ធតែជាប់ពាក់ព័ន្ធនឹងកំណើនហានិភ័យរលាកដំបៅក្នុងក្រពះនិងពោះវៀន ។
ឯការសិក្សាកាលពីឆ្នាំទៅមិញដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Ananthakrishnan ដដែលក៏បានរកឃើញផងដែរថា គុណភាពដំណេកពេលយប់មិនល្អនាំឱ្យកើនហានិភ័យជំងឺរលាកពោះវៀនតូចទ្វេដង ។
លោកវេជ្ជបណ្ឌិតបានថ្លែងថា ការបញ្ចូលទិន្នន័យទាំងនេះរួមគ្នាគឺជួយគាំទ្រដល់ការយល់ដឹងពីផលប៉ះពាល់នៃបញ្ហារំខានរបស់ដំណេកទៅលើប្រព័ន្ធការពារ ។ ជាងនេះទៅទៀត បណ្តាគ្រូពេទ្យគួរតែចាត់ទុកថា គុណភាពក៏ដូចជារយៈពេលដំណេកគឺជាប៉ារ៉ាម៉ែត្រសុខភាពដ៏សំខាន់សម្រាប់អ្នកជំងឺរលាកក្រពះពោះវៀន ៕
ចែករំលែកព័តមាននេះ