ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​កម្ពុជា ហាម​ចាក់​ផ្សាយ​រឿង Methagu ព្រោះ​ពាក់ព័ន្ធ​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​(​ខ្លា​តា​មិ​ល​)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន តាម​រយៈ​រដ្ឋលេខាធិការ​ប្រចាំការ កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ២០២១ បាន​ចេញ​លិខិត ជម្រាប់​ទៅ​កាន់​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍​គ្រប់​ប្រភេទ ហាម​ចាក់​ផ្សាយ​ខ្សែភាពយន្ត​រឿង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន តាម​រយៈ​រដ្ឋលេខាធិការ​ប្រចាំការ កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ២០២១ បាន​ចេញ​លិខិត ជម្រាប់​ទៅ​កាន់​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍​គ្រប់​ប្រភេទ ហាម​ចាក់​ផ្សាយ​ខ្សែភាពយន្ត​រឿង «Methagu» នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​ស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍​ខ្សែកាប និង​ទូរទស្សន៍​គ្រប់​ប្រភេទ ។

ការ​ហាម​មិន​ឲ្យ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​រឿង «Methagu» ដោយសារ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​សំណូមពរ​ពី​ប្រទេស​ស្រី​លង្កា ស្នើ​សុំ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ទប់ស្កាត់​ការ​ចាក់​ផ្សាយ​ខ្សែភាពយន្ត​នេះ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់ អតីត​អង្គការ​ភេរវកម្ម Liberation Tigers of Tamil Eelam (LTTE) ដឹកនាំ​ដោយ Velupillai Prabhakaran និង​ផលិត​ដោយ​អង្គការ Tamil Eelam Film Society ដែល​ត្រូវ​បាន​គេ​កំណត់​ថា LTTE គឺជា​អង្គការ​មួយ ក្នុង​ចំណោម​អង្គការ​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅ​ក្នុង​សកលលោក ។

កោះសន្តិភាព សូម​ធ្វើការ​បកប្រែ ក្រៅផ្លូវការ ពី​ប្រវត្តិ និង​សកម្មភាព ត្រួស​ៗ របស់​អតីត​អង្គការ​ភេរវកម្ម​មួយ​នេះ ដូចតទៅ ៖
ខ្លា​តា​មិ​ល ជា​ឈ្មោះ​ហៅ​ក្រៅ ដែល​ឈ្មោះ​ពេញ​ថា Liberation Tigers of Tamil Eelam (LTTE) ជា​អង្គការ​ទ័ពព្រៃ ឫ​ក្រុម​ឧទ្ទាម​ទ័ពព្រៃ ដែល​បាន​ព្យាយាម​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ នៅ​ភាគ​ខាងជើង និង​ខាងកើត នៃ​ប្រទេស​ស្រី​លង្កា ។

LTTE ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៧៦ ដោយ​លោក Velupillai Prabhakaran ជា​អ្នក​ស្នង​តំណែង​ពី​អង្គការ​មួយ ដែល​គាត់​បាន​បង្កើត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ។ LTTE បាន​រីក​ចម្រើន​ក្លាយជា​ក្រុម​បះបោរ​មួយ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ អង្គការ​នេះ បាន​ធ្វើការ​វាយប្រហារ​ដោយ​ទ័ពព្រៃ​ជា​ច្រើន​ដង ។ នៅ​ឆ្នាំ ១៩៨៣ បន្ទាប់​ពី​ការ​សម្លាប់​ទាហានរបស់​ស្រី​លង្កា ១៣​នាក់ ដោយ​ទ័ពព្រៃ​តា​មិ​ល និង​ការ​វាយប្រហារ​សងសឹក ដោយ​យោធា​ស្រី​លង្កា​វិញ អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ បាន​ផ្ទុះ​ឡើង​រវាង​រដ្ឋាភិបាល​ស្រី​លង្កា និង​ក្រុម LTTE ។

នៅ​ឆ្នាំ ១៩៨៥ ក្រុម​នេះ ស្ថិត​នៅ​ភាគច្រើន នៅ​ភាគ​ខាងជើង​ប្រទេស​ស្រី​លង្កា ក្រោម​ការ​បញ្ជា​របស់ Prabhakaran ។ ក្រុម LTTE ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុស្ម័គ្រចិត្ត ​ពី​ជនជាតិ​តា​មិ​ល ដែល​រស់នៅ​ក្រៅប្រទេស ។

LTTE បាន​បាត់បង់​ការ​គ្រប់គ្រង​របស់​ខ្លួន​នៅ​ខាងជើង ក្នុង​ខែតុលា​ឆ្នាំ ១៩៨៧ ដោយ​កងកម្លាំង​រក្សា​សន្តិភាព​របស់​ឥណ្ឌា (IPKF) ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ស្រី​លង្កា ដើម្បី​ជួយ​ក្នុង​ការ​អនុវត្ត បទ​ឈប់​បាញ់​ពេញលេញ​មួយ ។

ទោះ​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​កងទ័ព​ឥណ្ឌា IPKF ដក​ចេញ​នៅ​ខែមីនា ឆ្នាំ ១៩៩០ ខ្លា​តា​មិ​ល បាន​កើនឡើង​យ៉ាង​ខ្លាំង និងឆាប់រហ័ស ហើយ​បាន​ធ្វើ​ប្រតិបត្តិការ​ទ័ពព្រៃ ដោយ​ជោគជ័យ និង​ការ​វាយប្រហារ​ភេរវកម្ម ។ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ ១៩៩១ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បាន​សម្លាប់​អតីត​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក Rajiv Gandhi ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ នៅ​រដ្ឋ​មួយ ក្នុង​ប្រទេស​ឥណ្ឌា ។

ការ​វាយប្រហារ​ផ្សេង​ទៀត រួម​មានការ​ផ្ទុះ​មីន នៅ​ខែសីហា ឆ្នាំ ១៩៩២ នៅ​តំបន់​ភាគ​ខាងជើង​ស្រី​លង្កា ដែល​បាន​សម្លាប់​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ ១០​នាក់ ។ ខែឧសភា ឆ្នាំ ១៩៩៣ ការ​ធ្វើឃាត​ប្រធានាធិបតី​ស្រី​លង្កា គឹ​លោក Ranasinghe Premadasa ។ ខែមករា ឆ្នាំ ១៩៩៦ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត ទៅ​លើ​ធនាគារកណ្តាល​ក្នុង​ទីក្រុង​កូ​ឡុំ​បូ Colombo ដែល​បាន​សម្លាប់​មនុស្ស ១០០​នាក់ ។ និង​ការ​វាយប្រហារ​នៅ​ខែកក្កដា ឆ្នាំ ២០០១ លើ​អាកាសយានដ្ឋាន​អន្តរជាតិ ទីក្រុង​កូ​ឡុំ​បូ ដែល​បាន​បំផ្លាញ​យន្តហោះ​ពាណិជ្ជកម្ម​ពាក់កណ្តាល​របស់​ប្រទេស​ស្រី​លង្កា ។ ភេ​វរជន នៃ​ក្រុម “LTTE” ជា​អ្នក​ទទួលខុសត្រូវ ចំពោះ​ការ​វាយប្រហារ​អត្តឃាត ទាំងនេះ ។ ប្រសិនបើ​ប្រឈម​មុខ​នឹង​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ស្រី​លង្កា ដោយ​ជៀស​មិន​រួច ក្រុម​ប្រតិបត្តិការ​ទាំងនោះ និង​អ្នក​ផ្សេង​ទៀត បាន​ធ្វើ​អត្តឃាត ដោយ​លេបថ្នាំ​ពុល ដែល​ពាក់​នៅ​ក​របស់​ពួក​គេ ។

ការ​ចរចា​រវាង​ក្រុម​ខ្លា​តា​មិ​ល និង​រដ្ឋាភិបាល​ស្រី​លង្កា បាន​បែកបាក់​គ្នា នៅ​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ ១៩៩០ ។ នៅ​ខែធ្នូ ឆ្នាំ ២០០០ LTTE បាន​ប្រកាស​បទ​ឈប់​បាញ់ ជា​ឯកតោភាគី ដែល​មាន​រយៈពេល​រហូត​ដល់​ខែមេសា ២០០១ ប៉ុណ្ណោះ ។

បន្ទាប់​មក ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទ័ពព្រៃ​តា​មិ​ល និង​កងទ័ព​រដ្ឋាភិបាល​ស្រី​លង្កា បាន​ផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត រហូត​ដល់​ខែកុម្ភៈ ឆ្នាំ ២០០២ នៅ​ពេល​ដែល​រដ្ឋាភិបាល និង LTTE បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ឈប់​បាញ់​អចិន្ត្រៃយ៍ ។

ទោះ​យ៉ាងណា អំពើ​ហិង្សា​បាន​បន្ត​កើត​មាន​ជា​ហូរហែ ហើយ​នៅ​ឆ្នាំ ២០០៦ សហភាព​អឺរ៉ុប បាន​ចុះ​ឈ្មោះក្រុម LTTE ទៅ​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម ដែល​ត្រូវ​ហាមឃាត់ ។ មិនយូរ​ប៉ុន្មាន ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​ឧទ្ទាម និង​កងកម្លាំង​រដ្ឋាភិបាល​ស្រី​លង្កា ហើយ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​បាន​សម្លាប់ ។

នៅ​ខែមករា ឆ្នាំ ២០០៨ រដ្ឋាភិបាល​ស្រី​លង្កា បាន​លុប​ចោល​កិច្ចព្រមព្រៀង​ឈប់​បាញ់ ​(​ឆ្នាំ​២០០២) ជា​ផ្លូវការ ហើយ​យោធា​របស់ស្រី​លង្កា ដណ្តើម​បាន​តំបន់​សំខាន់​ៗ របស់ក្រុម LTTE ក្នុង​រយៈពេល​ប៉ុន្មាន ខែ​បន្ទាប់ ។ ទីប្រជុំជន​ធំ​មួយ ដែល​ជា​មជ្ឈមណ្ឌល​រដ្ឋបាល​របស់ LTTE បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ស្រី​លង្កា ក្នុង​ខែមករា​ឆ្នាំ ២០០៩ ។

នៅ​ចុង ខែមេសា កងទ័ព​រដ្ឋាភិបាល ចាប់​បាន យុទ្ធ​ជន​ខ្លា​តា​មិ​ល ដែល​នៅ​សេសសល់ តាម​បណ្តោយ​ឆ្នេរ​តូច​មួយ នៅ​ភាគ​ឥ​សាន​ប្រទេស ។ ការ​វាយលុក​ចុង​ក្រោយ ដោយ​កងកម្លាំង​ទ័ព នៅ​ពាក់កណ្តាល​ខែឧសភា បាន​ទទួល​ជោគជ័យ ក្នុង​ការ​វាយ​ដណ្តើម​យក​ និង​កាន់កាប់​មូលដ្ឋាន​ចុង​ក្រោយ​របស់​ក្រុម​ឧទ្ទាម ហើយ​មេដឹកនាំ LTTE (​រួម​ទាំង​លោក Velupillai Prabhakaran) ត្រូវ​បាន​សម្លាប់ នា​ពេល​នោះ ដែលរឿង «Methagu» ​និយាយ​ពី​ជីវិតមេ​ដឹកនាំ​របស់ខ្លា​តា​មិ​ល រូបនេះ ។ ចំនួន នៃ​ការ​ស្លាប់​ទាក់ទង​នឹង​សង្គ្រាមស៊ីវិល នៅ​ប្រទេស​ស្រី​លង្កា ចាប់តាំងពី​ដើម​ទស្សវត្សរ៍​ឆ្នាំ ១៩៨០ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចន្លោះ​ពី ៧០.០០០ ទៅ ៨០.០០០​នាក់ ដោយ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ផ្លាស់​ទីលំនៅ ដោយ​ការ​ប្រយុទ្ធ​គ្នា ។

ចំនួន​យុទ្ធ​ជនក្នុងក្រុម​ឧទ្ទាម​តា​មិ​ល មិន​ត្រូវ​បាន​កំណត់​ចំនួន​ជាក់លាក់​ទេ ព្រោះ​តួលេខ​នេះ ប្រែប្រួល​ទៅ​តាម​ពេលវេលា និង​ទ្រព្យសម្បត្តិ​របស់​អង្គការ​នេះ ម្តង​កើនឡើង និង​ធ្លាក់​ចុះ ។ តាម​ការ​ប៉ាន់ស្មាន ពី​ប្រភព​ផ្សេង​ៗ ក្រុម​ឧទ្ទាម​តា​មិ​ល មាន​ចំនួន​យ៉ាងតិច​ពី ៣,០០០​នាក់ ដល់ ១៦.០០០​នាក់ ឬ​ច្រើន​ជាង​នេះ ។ បើ​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ ស្តី​ពី​ប្រទេស​ស្រី​លង្កា ពី​ឆ្នាំ ២០១១ បាន​ចុះបញ្ជី​អ្នក​ប្រយុទ្ធ ក្រុម​ឧទ្ទាម​តា​មិ​ល ដែល​បាន​ចុះចូល​ជាមួយរដ្ឋាភិបាល មាន​ចំនួន ៥.៨០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ