រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនូវការទទួលស្គាល់ចំពោះបណ្តាញទំនាក់ទំនងសង្គមសំខាន់ Facebook បាននឹងកំពុងក្លាយជាមធ្យោបាយដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់តាំងពីអ្នកលក់ដូរ អាជីវករ អ្នកជំនួញធំៗ កម្មករ សិស្ស និស្សិត បញ្ញវ័ន្ត មន្ត្រីរាជការរហូតដល់អ្នកនយោបាយ ។ ប៉ុន្តែហ្វេសប៊ុក ក៏មានជ្រុងអវិជ្ជមានគួរឱ្យកត់សម្គាល់ផងដែរ ។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានចូលរួមក្នុងសន្និបាតបូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៥ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២ មីនា ២០១៦ នៅទីស្តីការក្រសួង ។
លោកខៀវ កាញារីទ្ធ បានថ្លែងថា ចំពោះបណ្តាញទំនាក់ទំនងសង្គម ជាពិសេសហ្វេសប៊ុកបានក្លាយជាមធ្យោបាយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកនយោបាយផងដែរ ។ ដូច្នេះហើយទើបយើងមើលឃើញថា អ្នកនយោបាយកំពុងតែច្បាមយកហ្វេសប៊ុក ធ្វើយកឧបករណ៍ឃោសនាដ៏មុតស្រួចរបស់ខ្លួន ក្នុងការអូសទាញអ្នកគាំទ្រ និងវាយប្រហារលើគូរប្រជែងរបស់ខ្លួន។
ចែករំលែកព័តមាននេះ