រាជធានីភ្នំពេញ ៖ ស្រា Royal Salute21ឆ្នាំ ដែលជាស្រា Scotch Whisky ឈានមុខគេនៅលើពិភពលោក បានចេញនូវរូបរាងថ្មីនៃដប ដោយបានរចនាប្លែកខុសពីដបចាស់ គឺធ្វើឱ្យទាន់សម័យសម្រាប់មនុស្សសម័យថ្មី តែនៅរក្សារសជាតិទឹកគុណភាព និងតម្លៃនៅដដែល ។ ការរចនាដប និងការវេចខ្ចប់ថ្មីនេះ គឺគ្រាន់តែជាការពញ្ជាក់អារម្មណ៍អ្នកពិសារធ្វើឱ្យទាក់ទាញប៉ុណ្ណោះ ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ កុម្ភៈ ២០១៦ នៅភោជនីយដ្ឋាន តូប៉ាស់ បណ្ដោយផ្លូវព្រះនរោត្តម លោក Neil Macdonald អ្នកគ្រប់គ្រងម៉ាកនៃស្រា Royal Salute ទូទាំងពិភពលោក បានមានប្រសាសន៍ថា ការរចនារូបរាងថ្មីនៃដបរបស់ស្រា Royal Salute 21ឆ្នាំ គឺគ្រាន់តែចង់បង្ហាញពីការផ្លាស់ប្តូរ និងមិនចង់ឱ្យអ្នកទទួលទានត្អូញត្អែរថា ដដែលៗប៉ុណ្ណោះ ដូចនេះយើងតែងតែរិះរកអ្វីដែលថ្មីបំពេញឱ្យទាន់ជាមួយនឹងមនុស្សសម័យថ្ម ។ ចំពោះការរចនារូបរាងដបថ្មីរបស់ស្រា Royal Salute21ឆ្នាំនេះ ត្រូវប្រើពេលប្រមាណជិត៣ឆ្នាំទំរាំចេញជារូបរាងនេះឡើង គឺត្រូវឆ្លងកាត់ការពិភាក្សាពីថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង ដើម្បីសម្រេចរួមគ្នា ។
លោកបន្តថា ដបរចនាថ្មីនេះ មើលទៅវាទាន់សម័យសម្រាប់ស្រា Royal Salute21ឆ្នាំនេះ ព្រោះវាបង្កប់នូវភាពរឹងមាំ និងស្រស់សង្ហា ។ ស្រា Royal Salute ជាស្រាដែលមានប្រភពពាក់ព័ន្ធជាមួយសែស្រឡាយរាជវង្ស និងប្រវត្តិសាស្ត្រអង់គ្លេស ហើយដបថ្មីនេះ បាននាំយកនូវភាពល្បីល្បាញរបស់ស្រា Royal Salute21ឆ្នាំ ចែកចាយទូទាំងសាកលលោក ដែលគេកំពុងស្វែងរក និងផ្ដល់ការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។
លោកបន្ថែមថា ស្រា Royal Salute បានប្រមូលយកនូវវត្ថុធាតុដើមយ៉ាងពិសេសៗ រួមមានស្រា Whisky Single Malt មកលាយបញ្ចូលគ្នា ដើម្បីផលិតបានស្រា Royal Salute 21ឆ្នាំនេះ ។ រីឯដបវិញ គឺរចនាចេញពីព័រសាឡែន ដែលមានបីពណ៌គឺ ពណ៌ខៀវ ក្រហម និងបៃតង ។
ដោយឡែកតំណាងក្រុមហ៊ុន CAMSING នាំចូល និងចែកចាយស្រា Royal Salute នៅក្នុងប្រទេសកម្ពុជា ក៏បានបញ្ជាក់ដែរថា ទីផ្សារស្រា Royal Salute បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យស្រា Royal Salute នេះបានពង្រីកទីផ្សាររបស់ខ្លួនកាន់តែទូលំទូលាយ ៕
ចែករំលែកព័តមាននេះ