ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​នឹង​សាងសង់​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​នៅ​គល់​ស្ពាន​អ្នក​លឿង

10 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ត្រាំ អីុ​វ​តឹក កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​១​កន្លែង​នៅ​ក្បែរ​រង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង

ខេត្តព្រៃវែង ៖ ប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ត្រាំ អីុ​វ​តឹក កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​១​កន្លែង​នៅ​ក្បែរ​រង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​«​ខ​» ស្រុក​ពាម​រក៍ ដែល​ជាទី​កន្លែង​សម្រាប់​ធ្វើ​ជា​ស្ថានីយ​ថ្លឹង​រថយន្ត ។

ក្នុង​ឱកាស​នោះ គេ​ឃើញ​មានការ​ចូលរួម ពី​សំណាក់​លោក​អភិបាលរង​ខេត្តព្រៃវែង  អភិបាលរង​ខេត្តកណ្តាល ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ប្រតិភូ​មក​ពី​ក្រសួង​ជា​ច្រើន​រូប​ទៀត ។

លោក​រដ្ឋមន្ត្រី ត្រាំ អីុវ​តឹក ថ្លែង​ថា តាម​ពិត​រឿង​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​នេះ ក្រសួង​មាន​គម្រោង​ដាក់​នៅ​ចំណុច​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ ប៉ុន្តែ​១​រយៈ​មកនេះ​មានការ​យឺតយ៉ាវ​មិន​ទាន់​បាន​រៀបចំ​ដាក់ គឺ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​របស់​គេ​មិន​ទាន់​ចប់​រួចរាល់ ។ ប៉ុន្តែ ពេល​នេះ​ដោយសារ​តែ​មាន​ហេតុ​ការណ៍​រថយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​បើក​ឡើង​ស្ពាន​ធ្វើ​ឱ្យ​ខូច​ស្ពាន​បែប​នេះ ទើប​ក្រសួង​សម្រេច​រៀបចំ​ដាក់​ស្ថានីយ​ថ្លឹង​ទម្ងន់​នេះ​តែ​ម្តង គឺ​លែង​ចាំ​អី​ទៀត​ហើយ ។

ទាក់ទង​ទៅ​នឹង​រឿង​ដាក់​ជញ្ជីង​នេះ​ដែរ ក្រុម​អ្នក​សារព័ត៌​មានបាន​សាកសួរ​ទៅ​លោក រដ្ឋមន្ត្រី​ថា ការ​ដាក់​ជញ្ជីង​នៅ​ចំណុច​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​នេះ គឺ​អាច​ទប់ស្កាត់​បាន​តែ​ក្រុម​រថយន្ត ដែល​មាន​បំណង​បើក​ឆ្លងស្ពាន​ទៅ​ខេត្តកណ្តាល ឬ​ទៅ​ភ្នំពេញ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​រថយន្ត​យី​ឌុ​ប​ធំ​ៗ​រាប់​សិប​គ្រឿង​ដែល​ដឹក​លើស​ទម្ងន់​ធ្វើ​ដំណើរ​ពី​ខេត្ត​ផ្សេង​ៗ ចូល​មក​ខេត្តព្រៃវែង​តាម​ផ្លូវជាតិ​លេខ​១១ និង​កាត់​តាម​ស្រុក​បាភ្នំ ឡើង​មក​លើ​ផ្លូវជាតិ​១​វិញ គឺ​ពុំ​មាន​ជញ្ជីង​ចាប់​ថ្លឹង​និង​ទប់ស្កាត់​ទេ តើ​ក្រសួង​មាន​វិធានការ​បែប​ណា ?

សំណួរ​នេះ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ឆ្លើយ​យ៉ាង​ខ្លី​ថា ការ​ដាក់​ជញ្ជីង​នេះ​គឺ់​ដើម្បី​តែ​ការពារ​ស្ពាន​អ្នក​លឿង​ប៉ុណ្ណោះ ចំណែក​រឿង​ផ្លូវ​ចាំ​ដោះស្រាយ​តាម​ក្រោយ ។

ទាក់ទង​ទៅ​នឹង​រឿង​រថយន្ត​យី​ឌុ​ប​ធំ​ៗ​ដឹក​លើស​ទម្ងន់​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នេះ ត្រូវ​បាន​សាធារណ​មតិ​ខ្លះ​លើក​ឡើង​ថា ក្រុម​រថយន្ត​ទាំងនោះ​ដឹក​លើស​ទម្ងន់​បាន គឺ​ដោយសារ​តែ​គេ​កែ​ច្នៃ​ត​ទ្រុង​បន្ថែម ដោយ​រថយន្ត​ខ្លះ​ទ្រុង​កំណើត​របស់​វា​កម្ពស់​តែ​ជាង​១​ម៉ែត្រ​ទេ ប៉ុន្តែ​គេ​ត​បន្ថែម​រហូត​ដល់​ជិត​៣​ម៉ែត្រ និង​ត​គូទ​ក្រោយ​បន្ថែម​ទៀត មើល​ទៅ​ធំ​សម្បើម​ខ្លាំង​ណាស់ ។ ករណី​នេះ សម្តេច​តេ​ជោ​ធ្លាប់​បាន​ផ្តល់​អនុសាសន៍​ឱ្យ​កាត់​កន្ទុយ​រថយន្ត​ទាំងនោះ តែ​ឃើញ​ធ្វើ​តែ​មួយ​ដង្ហើមចង្រិត​ក៏​ស្ងាត់​ទៅ​វិញ​។

ចំណែក​រថយន្ត​ដឹក​លើស​ទម្ងន់​បំផ្លាញ​ស្ពាន​និង​ផ្លូវ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​នា​ឱកាស​សម្ពោធ​ស្ពាន​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ថា បើ​រក​ឃើញ​រថយន្ត​ក្រុមហ៊ុន​ណា​ដឹក​លើស​ចំណុះ​បំផ្លាញ​ស្ពាន ថ្នល់ នឹង​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នោះ តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ឃើញ​ក្រុមហ៊ុន​ណាមួយ​ត្រូវ​បាន​បិទ​ទេ ហើយ​ការ​បំផ្លាញ​ស្ពាន ថ្នល់​នៅ​តែ​ដដែល ។ បញ្ហា​នេះ បើ​ក្រសួង​សាធារណការ​ឬ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ធ្វើការ​គ្រប់គ្រង​រឿង​រថយន្ត​ត​ទ្រុង​នេះ​បាន គឺ​ពិតជា​មិន​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​រហូត​ដល់​រាប់​សិប​តោន​ទៀត​ឡើយ ។

គួរ​បញ្ជាក់​ថា នៅ​ចំណុច​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​មាន​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​រអ៊ូរទាំ​យ៉ាង​ខ្លាំង​រឿង​ដែល​ខាង​ជប៉ុន​បិទ​មិន​ឱ្យ​ពួក​គាត់​ចាក់​ដី​ត​ភ្ជាប់​មក​ទល់​នឹង​ផ្លូវ​ឡើង​ស្ពាន ធ្វើ​ឱ្យ​ពួក​គាត់​គ្មាន​ផ្លូវ​ចេញចូល​បាន ជា​ពិសេស​គឺ​ហាងឆេង​តម្លៃ​ដី​របស់​ពួក​គាត់​ត្រូវ​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ។

ចំពោះ​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា មិនមែន​តែ​ខាង​ជប៉ុន​ទេ​ដែល​ហាម​នោះ ក្រសួង​ក៏​សុំ​ហាម​ដែរ ព្រោះ​បើ​អនុញ្ញាត​ឱ្យ​បងប្អូន​ចាក់​ដី​ត​ភ្ជាប់​មក​ផ្លូវ​នេះ​បាន នោះ​បង​ប្អូន​នឹង​ធ្វើ​ផ្ទះ ធ្វើ​រោង​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ ធ្វើ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​ពិបាក​គ្រប់គ្រង ។ ម្យ៉ាងទៀត​ផ្លូវ​នេះ​ជា​ផ្លូវ​ហា​យ​វ៉េ ដែល​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញចូល​ច្រើន បើ​មាន​អ្នកលក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ធ្វើ​ឱ្យ​ផ្លូវ​ចង្អៀត និង​រញ៉េរញ៉ៃ​នោះ ក៏​វា​មិនល្អ​មើល​ដែរ និយាយ​ឱ្យ​ខ្លី​គឺ​មិន​អាច​ចាក់​ដី​មក​ភ្ជាប់​ផ្លូវ​ឡើង​ស្ពាន​បាន​ទេ ។

ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយឡែក​មួយ នគរបាល​ចរាចរណ៍​ស្រុក​លើក​ដែក ខេត្ដកណ្ដាល បាន​ចាប់​រថយន្ដ​ដឹក​ត្រី​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ កំពង់ចាម 3A-0264 យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ទន្លាប់ ។ ការ​ចាប់​ឃាត់​ថយ​ន្ដ​ដឹក​ត្រី​ទុក​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី អាំ ធូ អធិការរង​នគរបាល​ស្រុក​លើក​ដែក ឱ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ​ថា រថយន្ដ​ដឹក​ត្រី​ខាងលើ​ត្រូវ​បាន​នគរបាល​ស្រុក​ឃាត់​ចាប់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​។

ការ​ឃាត់​ចាប់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រថយន្ដ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កណ្ដាល​ស្ពាន រថយន្ដ​ហាក់​មាន​បញ្ហា​ដោយ​បើក​ចុះ​យ៉ាង​លឿន ពី​ចំណុច​ចំណោត​បាន​ប្រហែល​២០​ម៉ែត្រ ស្រាប់តែ​ដាច់​ហ្វ្រាំង​ជាន់​លែង​សី​ុ ឯ​ល្បឿន​រថយន្ដ​ចេះ​តែ​លឿន​ទៅ​ៗ ។ ខណៈ​ឃើញ​សភាព​ដូច្នោះ អ្នកបើកបរ​បាន​បញ្ជា​ឱ្យ​ព្រូ​យក​កំណាត់ឈើ​បួន​ជ្រុង ហើយ​លោត​ចុះ​ពីលើ​រថយន្ដ ដើម្បី​យក​កំណល់​ទៅ​កល់​កង់​រថយន្ដ​ផ្នែក​ខាងក្រោយ​ឱ្យ​ជាប់​កុំឱ្យ​រថយន្ដ​ជ្រុល​ទៅ​មុខ​ទៀត ។

ប៉ុន្តែ ដោយសារ​ភ័យ ព្រូ​បាន​ដាក់​កំណល់​បណ្តោយ​ចូល​ចន្លោះ​កណ្ដាល​នៃ​កង់​រថយន្ដ​ទាំង​២ មាន​ន័យ​ថា កំណល់​ដែល​ព្រូ​យក​ទៅ​កល់​កង់​រថយន្ត​នោះ ពេល​ដាក់​កល់​ថា​ដាក់​ទទឹង​កង់​រថយន្ត តែ​បែរជា​កំណល់​ចូល​ទៅ​នៅ​ចន្លោះ​កណ្តាល​នៃ​កង់​រថយន្ត​ទាំង​២ គឺ​ចូល​បណ្តោយ​កង់​ទៅ​វិញ ។ ពេល​ឈើ​កំណល់​ចូល​ទៅ​កប់​លិច​ជាប់​ទៅ​នឹង​ចន្លោះ​កង់​រថយន្ត​ហើយ​កង់​រថយន្ដ​ក៏​លែង​វិល​ខ្លាំង ប៉ុន្ដែ​ជ្រុង​ឈើ​កំណល់​បាន​បង្ក​ឱ្យ​មានការ​កូត​ថ្នល់​កៅស៊ូ​នៅ​លើ​ស្ពាន ដែល​មាន​ជម្រៅ​ប្រហែល​កន្លះ​សង្ទីម៉ែត្រ ទទឹង​១​សង្ទីម៉ែត្រ និង​បណ្តោយ​ប្រវែង​ប្រហែល​៣០​ម៉ែត្រ  គឺ​អស់​មួយ​ខ្យល់​នៃ​ល្បឿន​ទើប​រថយន្ដ​ឈប់​ទៅ​មុខ​លែង​រួច ។

ដោយ​ភ័យ​ខ្លាច​មាន​បញ្ហា កម្លាំង​នគរបាល​ស្រុក​ដែល​នៅ​ឈរជើង​នៅ​ទីនោះ ក៏​បាន​ឃាត់​រថយន្ដ​មួយ​គ្រឿង​ខាងលើ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ទន្លាប់​ដើម្បី​ទុក​ឱ្យ​ភាគី​ជប៉ុន ឬ​អ្នកឯកទេស គេ​ទៅ​ពិនិត្យ​មើល​កន្លែង​ដែល​រថយន្ដ​ធ្វើ​ឱ្យ​កូត​កៅស៊ូ​ថ្នល់​ថា តើ​មានការ​ប៉ះពាល់​យ៉ាងម៉េច​ខ្លះ ។ លោក​ក៏​បាន​អញ្ជើញ​ម្ចាស់​រថយន្ដ​ឈ្មោះ ចឹប សុខ​ជា ឱ្យមក​ដោះស្រាយ​ជាមួយ​ភាគី​ជប៉ុន តែ​រហូត​មក​ដល់​ពេល​នេះ ទាំង​ភាគី​ជប៉ុន ទាំង​ភាគី​រថយន្ដ ពុំ​ទាន់​បាន​ជួប​ដោះស្រាយ​យ៉ាងណា​នៅឡើយ​ទេ ។

ចំណែក​ត្រី​ដែល​ម្ចាស់​រថយន្ដ​នាំ​មក​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រកព្រំដែន​បន្ទាយ​ចក្រី មិនដឹង​ជា​ប្រភេទ​ត្រី​អ្វី​ហើយ​ប៉ុន្មាន​តោន​ក៏​លោក​មិនដឹង​ដែរ តែ​លោក​អះអាង​ថា មិន​លើស​ចំណុះ​ទេ ។ ជាមួយ​នេះ លោក​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ត្រី​ឱ្យ​ម្ចាស់​វិញ ទុក​តែ​រថយន្ដ​ប៉ុណ្ណោះ ៕