រាជធានីភ្នំពេញ ៖ ដុតសំរាមរួចហើយមិនពន្លត់ឱ្យបានត្រឹមត្រូវធ្វើឲ្យប៉ើងរងើកភ្លើងឆេះស្មៅងាប់ៗនៅក្បែរឃ្លាំងលក់រថយន្តឆ្លងរាលដាលឆេះសម្បកកង់រថយន្តបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី២ មីនា នៅក្នុងឃ្លាំងលក់រថយន្តយន្តមួយកន្លែងយីហោ6688 ស្ថិតតាមបណ្ដោយផ្លូវ2004 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុដោយសារតែនៅក្រោយឃ្លាំងលក់រថយន្តខាងលើមានស្មៅងាប់ៗច្រើន ម្យ៉ាងទៀតអ្នកធ្វើការនៅទីនោះតែងតែយកកម្ទេចកម្ទីសម្បកកង់រថយន្តទៅគរទុកចោលនៅជិតគំនរសំរាម លុះពេលដុតសំរាមរួចហើយមិនពន្លត់ឱ្យបានត្រឹមត្រូវបណ្ដាលឱ្យរងើកភ្លើងឆាបឆេះស្មៅដែលងាប់ហើយរាលដាលឆេះដល់សម្បកកង់រថយន្តបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ឃ្លាំងរថយន្ត និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ដោយសារតែម្ចាស់ឃ្លាំងរថយន្តមានរថយន្តពន្លត់អគ្គិភ័យផ្ទាល់ខ្លួន យកមកបាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីទប់ស្កាត់ស្ថានការបានទាន់ពេលវេលា ។ មិនបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរទេ គ្រាន់តែឆេះខូចសម្បកកង់រថយន្តតិចតួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ