ខេត្តកំពង់ធំ ៖ ការកាប់ដើមគ្រញូង១ដើមបានធ្វើឱ្យផ្ទុះជម្លោះស្ទើរតែបង្ហូរឈាមគ្នារវាងមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាល ។ ករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់កាលថ្ងៃទី១០ កុម្ភៈ នៅចំណុចភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ហើយរឿងរ៉ាវនេះទើបតែបែកធ្លាយ ពាក់ព័ន្ធករណីខាងលើនេះ ។
បើតាមការឲ្យដឹងពីខាងកងរាជអាវុធហត្ថស្រុកស្ទោងប្រាប់ថា នៅយប់ថ្ងៃកើតហេតុ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ ថាមានឈ្មួញកំពុងតែលួចកាត់អារឈើគ្រញូង នៅព្រំប្រទល់ស្រុកស្ទោង កម្លាំងក៏បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ទើបដឹងថាស្ថិតនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ។ ចំណែកជនទាំងនោះដឹងខ្លួនក៏នាំគ្នារត់គេចខ្លួនបាត់អស់ ហើយក៏បានប្រទះសម្តីគ្នាជាមួយនគរបាលយ៉ាងតឹងសរសៃកទៅវិញ ។
ចំណែកខាងសមត្ថកិច្ចនគរបាលស្រុកវិញ ប្រាប់ថា បន្ទាប់ពីបានដឹងថាមានឈ្មួញលួចអារឈើគ្រញូងបម្រុងដឹកចេញ ក៏បានឲ្យកម្លាំងចុះទៅឃាត់និងសួរនាំ ក៏ផ្ទុះការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយកម្លាំងកងរាជអាវុធហត្ថ។ បន្ទាប់មកត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យដឹកឈើគ្រញូងចំនួន១៦ដុំ ស្មើនឹង០,៥៥៤ម៉ែត្រគូប មកប្រគល់ឲ្យសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្ទោង ទើបដឹងដល់អភិបាលខេត្ត លោក អ៊ុត សំអន ក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ។
មួយរយៈពេលក្រោយមកបន្ទាប់ពីស្រាវជ្រាវទើបដឹងថា មានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីកងរាជអាវុធហត្ថខេត្តចំនួន៣រូប ទី១-លោកវរសេនីយ៍ឯក តុង ហុងលី ទី២- លោកវរសេនីយ៍ឯក គល់ ឈឿន អ្នកទាំង២នាក់ គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងទី៣-លោកអនុសេនីយ៍ឯក សឿន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកប្រសាទបល្ល័ង្ក ដែលបច្ចុប្បន្នកំពុងតែត្រៀមចាំសេចក្តីសម្រេចឡើងឋានៈជានាយរងសេនាធិការកងរាជអាវុធហត្ថខេត្ត ។ ធ្លាយដំណឹងថា មន្ត្រីកងរាជអាវុធហត្ថទាំង៣នាក់ ជាអ្នកទិញដើមគ្រញូងនោះពីប្រជាពលរដ្ឋ ។
លោក បាន បៀត ភេទប្រុស អាយុ៦១ឆ្នាំជាអ្នកលក់ដើមគ្រញូង រស់នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្កប្រាប់ថា ដើមក្រញូងនេះនៅក្នុងរបងផ្ទះរបស់គាត់ ចាប់តាំងពីគាត់មករស់នៅទីនេះ ។ គាត់លក់ក្នុងតម្លៃ៥០០០ដុល្លារ គេឲ្យលុយមុនបាន៤០០០ដុល្លារហើយ នៅជំពាក់១០០០ដុល្លារទៀត សន្យាថាឲ្យថ្ងៃក្រោយ ក៏មានបញ្ហានេះកើតឡើងតែម្តង ។ លោកពុំបានដឹងថា ការលក់និងការទិញដើមគ្រញូងនេះមានទោសយ៉ាងណានោះទេ ។
ជុំវិញបញ្ហានេះ មន្ត្រីកងរាជអាវុធហត្ថ២រូបមិនអាចសុំការបំភ្លឺបានទេ ពីព្រោះទូរស័ព្ទចូលតែមិនទទួល ។ ចំណែកលោក គល់ ឈឿន ប្រាប់តាមទូរស័ព្ទថាលោកពុំមានពាក់ព័ន្ធក្នុងករណីនោះទេ ។
ចំណែកខាងជំនាញរដ្ឋបាលព្រៃឈើប្រាប់ថា បើតាមច្បាប់រដ្ឋបាលព្រៃឈើលេខ០០២ ចំពោះការកាប់ដើមគ្រញូងដែលច្បាប់ហាមឃាត់ ទោះបីជានៅក្នុងដីរបងរបស់ខ្លួនក៏ដោយ ក៏ត្រូវសុំច្បាប់អនុញ្ញាតជាមុនដែរ តែករណីខាងលើនេះ គឺពុំមានការសុំអនុញ្ញាតនោះទេ ។ មន្ត្រីដដែលបញ្ជាក់ថា លោកបានធ្វើរបាយការណ៍ជូនខេត្តរួចហើយ រង់ចាំសេចក្តីសម្រេចរបស់ខេត្ត ទើបមានចំណាត់ការបន្ត ៕
ចែករំលែកព័តមាននេះ