រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១ មីនា ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ កុម្ភៈ បន្ទាប់ពីមានការផ្សាយព័ត៌មានស្តីពីករណី «ការរំលោភ និងប្រើហិង្សា» របស់កម្មករនេសាទខ្មែរចំនួន៥នាក់ទៅលើអ្នកទេសចរបារាំង នៅលើកោះគុតប្រទេសថៃ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំតាមទូរស័ព្ទភ្លាមៗឲ្យឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ចុះទៅពិនិត្យជាក់ស្តែង និងជួបសាកសួរពលរដ្ឋខ្មែរជាប់ចោទទាំង៥នាក់នេះ ។
ឯកអគ្គរាជទូតកម្ពុជា បានធ្វើដំណើរតាមឧទ្ធម្ភាគចក្ររួមជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃទៅកាន់កោះគុតនៅព្រឹកថ្ងៃទី២៩ កុម្ភៈ ។ តាមរបាយកាណ៍បឋម ដែលឯកអគ្គរាជទូតកម្ពុជារាយការណ៍តាមទូរស័ព្ទជូនលោកឧបនាយករដ្ឋ មន្ត្រី ហោ ណាំហុង នៅវេលាម៉ោង១៨ ថ្ងៃទី២៩ កុម្ភៈ បានឲ្យដឹងថា៖
-នៅក្នុងការជួបសម្ភាសន៍ជាមួយឯកអគ្គរាជទូត កម្មករទាំង៥នាក់ បានទទួលសារភាពថា ខ្លួនបានជាប់ពាក់ព័ន្ធក្នុងករណី «ការរំលោភ និងការប្រើហិង្សា» ប្រាកដមែន។
-ពេលកើតហេតុការណ៍ កម្មករទាំង៥នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ។
-កម្មករទាំង៥នាក់ ស្ថិតក្នុងវ័យក្មេងអាយុតិចជាង២៥ឆ្នាំ ក្នុងនោះ៣នាក់មិនចេះអក្សរ ហើយ២នាក់ទៀត រៀនបានតិចតួច ។
-អាជ្ញាធរថៃកំពុងបញ្ជូនកម្មករទាំង៥នាក់ និងវត្ថុតាងមកកាន់តុលាការខេត្តត្រាត ដើម្បីធ្វើការវិនិច្ឆ័យ ។
បន្ទាប់ពីទទួលបានរបាយការណ៍នេះ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានណែនាំឯកអគ្គរាជទូតកម្ពុជាថា ទោះជាក្នុងស្ថានភាពណាក៏ដោយ ត្រូវរិះរកវិធីជួយដល់កម្មករទាំង៥នាក់នេះ និងផ្តល់មេធាវីការពារនៅពេលពួកគេឡើងតុលាការ ៕
ចែករំលែកព័តមាននេះ