ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ បន្ថែម​នៅ​ខែមេសា ឆ្នាំ​២០១៦

10 ឆ្នាំ មុន

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​២៩ ខែកុម្ភៈ នៅ​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥ លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​២៩ ខែកុម្ភៈ នៅ​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥ លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខែមេសា ខាង​មុខ​នេះ រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ពិចារណា​លទ្ធភាព ដើម្បី​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​បន្ថែម​ទៀត យ៉ាង​ហោច​ណាស់​ត្រូវ​ទទួល​បាន​ជាង​៧០​ម៉ឺន​រៀល ។

នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​តំបន់​ភូមិភាគ​ទី​៤ និង​ទី​៥ រាយការណ៍​ថា សភាពការណ៍​ព្រំដែន​នា​ពេល​បច្ចុប្បន្ន ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ ហើយ​កំពុង​តែ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ទាំង​ក្នុង​ដែន​គ្រប់គ្រង​រដ្ឋបាល និង​ការ​កសាង​អង្គភាព​ប្រដាប់​អាវុធ ។ កងកម្លាំង​នគរបាល​ជាតិ បាន​សម្រេច​ភារកិច្ច ដោយ​មាន​កិច្ចសហការ​ជាមួយ​កង​យោធពលខេមរភូមិន្ទ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ព្រំដែន មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​បាន​សន្តិសុខ​ក្នុង​មូលដ្ឋាន​បាន​ល្អ ។ នាយ​ឧត្តមសេនីយ ខេ​ង សុមេធ បាន​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ផង​ដែរ​ថា កងកម្លាំងប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ដែនដី បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ដំឡើង​ប្រាក់បៀវត្ស​កន្លង​មក ។ គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើ​ប្រាក់បៀវត្ស​យ៉ាង​ទៀងទាត់ នា​អំឡុង​ស​ប្តា​ហ៍​ទី​៤ ជា​រៀង​រាល់​ខែ ។

លោក អូន​ព័ន្ធ មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ រួម​មាន​សម្ភារ សំណង់  ស្បៀងអាហារ  និង​ថវិកា​មួយ​ចំនួន​ទៀត ឧបត្ថម្ភ​ជូ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​១០៥ និង​កងកម្លាំង​វរ​សេនា​តូច​អន្តរាគមន៍​លេខ​៣៩៥ ដែល​កំពុង​ឈរជើង បំពេញភារកិច្ច​នៅ​តំបន់​មុម​៣ ព្រំដែន​៣​ប្រទេស​( កម្ពុជា​-​ឡាវ​-​ថៃ ) ដែន​ភូមិសាស្ត្រ​សមរភូមិ​មុខ​ទិស​ទី​១ យោធភូមិ​ភាគ​ទី​៤ ។  អង្គភាព​ប្រដាប់​អាវុធ​ទាំង​២​នេះ ជា​អង្គភាព​សម្ពន្ធ​មេត្រីភាព​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​បាន​បង្កើត​ឡើង​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បម្រើ​ឱ្យ​ចលនា​ពង្រឹង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន ក្នុង​ពាក្យស្លោក​ដែល​ថា «​សមរភូមិ​ក្រោយ​ឧបត្ថម្ភ​សមរភូមិ​មុខ​»​។

លោក​បាន​បន្ត​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ជា​អង្គភាព​សម្ពន្ធ​មេត្រីភាព បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ជាមួយ​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន ដែល​ជា​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ភាព​រីក​ចម្រើន​រឹង​មាំ និង​ការ​កសាង​អង្គភាព​ប្រដាប់​អាវុធ​ជួរ​មុខ ជាមួយនឹង​ការ​ពាំនាំ​នូវ​ក្តី​នឹករលឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន  ផង​ដែរ ចំពោះ​កម្លាំង​ជួរ​មុខ​ទាំងអស់ ។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខិតខំ​ប្រើប្រាស់​គ្រប់​កម្លាំង​ជំនាញ អនុវត្ត​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ពង្រឹង​ប្រភព​ថវិកា​ចំណូល​សេដ្ឋកិច្ចជាតិ  ដើម្បី​បំពេញ​មហិច្ឆតា​នៃ​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាម​រយៈ​នៃ​ផែនការ​ដំឡើង​ប្រាក់បៀវត្ស ហើយ​ក៏​ជា​មធ្យោបាយ​ពង្រឹង​ប្រព័ន្ធ​ការងារ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា តម្រូវ​ក្នុង​ការ​ផ្គត់ផ្គង់​ប្រាក់បៀវត្ស​ជូន​បុគ្គលិក មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គឺ​រាជរដ្ឋាភិបាល​ត្រូវ​បាន​ចំណាយ​ថវិកាជាតិ ក្នុង​១​ខែ ប្រមាណ​ជា​២៦០​ពាន់​លាន​រៀល ហើយនឹង​ត្រូវ​បាន​ចំណាយ​ប្រហែលជា​ជិត​ទ្វេរ​ដង នៅ​ពេល​មាន​ដែល​ការ​ដំឡើង​ប្រាក់​បៀរ​វត្ស​នៅ​ពេល​ខាង​មុខ ។ ពាក់ព័ន្ធ​ទៅ​នឹង​អំណោយ​ឧបត្ថម្ភ​សម្រាប់​អង្គភាព​សម្ពន្ធ​មេត្រីភាព​ជួរ​មុខ លោក​បាន​បញ្ជាក់​ថា អំណោយ​ទាំង​អស់នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​បាន​ប្រើប្រាស់​ថវិកា​របស់​ជាតិ​នោះ​ទេ  ព្រោះ​នេះ​ជា​មនសិការ​ស្ម័គ្រស្មោះ ។

លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ បុគ្គលិក​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​ទាំងអស់ រួម​ទាំង​នៅ​បណ្តា​ខេត្ត​-​រាជធានី​ទូ​ទាំង​ប្រទេស​ផង​ដែរ ដែល​បាន​រួបរួម​គ្នា​បរិច្ចាគ​វិភាគទាន ដើម្បី​ពង្រឹង​ខឿន​ការពារ​ជាតិ ឧបត្ថម្ភ​សមរភូមិ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។អំណោយ​ទាំងនោះ រួម​មាន​សម្ភារ សំណង់ ស្បៀងអាហារ​សរុប​ប្រមាណ​ជិត​៣០​មុខ ដោយឡែក​ថវិកា​ត្រូវ​បាន​ឧបត្ថម្ភ​ជូន នាយ​នគរបាល នាយ​និង​ពល​ទាហាន ក្នុង​អង្គភាព​ទាំង​២ បាន​ថវិកា​ក្នុង​ម្នាក់​ៗ៥​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ដល់​អង្គភាព​នគរបាល​៥​លាន ៥​សែន​រៀល និង​ឧបត្ថម្ភ​សម្រាប់​អង្គភាព​យោធា​៧​លាន​រៀល ៕