ខេត្តកោះកុង៖ អាគារសិក្សា០៤ខ្នង នៅតំបន់អារ៉ែងស្ថិតក្នុងស្រុកថ្មបាំងខេត្ដកោះកុងដែលជាអំណោយចលនាយុវជនកម្ពុជាក្រុម១៥៧ និងសប្បុរសជនរស់នៅសហរដ្ឋអាមេរិកត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ាណែត និងមានការចូលរួមពីអាជ្ញាធរខេត្តស្រុក យុវជន សប្បុរសជនលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ឯកឧត្ដមហ៊ុន ម៉ាណែតបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្ដទុកដាក់ជួយដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលប្រជាពលរដ្ឋរួមមានទាំងជីវភាពរស់នៅហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវថ្នល់មន្ទីរពេទ្យ វត្តអារាមសាលារៀន។ លោកបន្តថាបើទោះបីតំបន់នេះនៅឆ្ងាយយ៉ាងណាក៏ដោយក៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយកចិត្ដទុកដាក់កសាងសមិទ្ធផលនានា និងបានស្វែងយល់ពីការលំបាកព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមនានាដែលប្រជាជននៅតំបន់នេះជួបប្រទះ។ លោកបានបញ្ជាក់ថាសូមបងប្អូនជឿទុកចិត្ដប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែនៅជាមួយបងប្អូនរួមសុខទុក្ខជាមួយគ្នា(ថាគឺធ្វើ)មិនដែលសន្យាចោលទេខុសពីអ្នកខ្សឹបអ្នកដើរសន្យាដែលមិនធ្វើអ្វីសោះ។
ជាក់ស្តែងថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅតំបន់អារ៉ែងនេះបានទទួលសមិទ្ធផលថ្មីមានសាលារៀនចំនួន០៤ខ្នងក្រោមការឧបត្ថមពីសំណាក់សប្បុរសជននៅសហរដ្ឋអាមេរិក និងចលនាយុវជនកម្ពុជាក្រុម១៥៧ព្រមទាំងមានការចូលរួំពីអាជ្ញាធរ ប្រជាពលរដ្ឋនៅតំបន់នេះបើគ្មានការចូលរួមដោយទឹកចិត្តក្នុងការកសាងនេះទេយើងក៍មិនអាចកសាងសមិទ្ធផលនៅតំបន់នេះបានដែរ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ដំបូន្មាននិងលើកទឹកចិត្តឱ្យក្មួយសិក្សានុសិស្សនៅតំបន់អារ៉ែងអោយដឹងគុណឱពុកម្តាយលោកគ្រូអ្នកគ្រូតាមរយៈការធ្វើអំពើល្អនិងខិតខំរៀនសូត្រព្រោះសាលារៀនគឺជាថ្នាលបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សសង្គមគ្រួសារនិងសង្គមជាតិដែលជាចំណុចចម្បងនៃការអភិវឌ្ឍផ្សេងៗដែលមិនអាចខ្វះខាតបានឡើយ។
ឯកឧត្ដមបានថ្លែងការកោតសរសើហើយថ្លែងអំណរគុណដល់ចលនាយុវជនកម្ពុជាក្រុម១៥៧ និងសប្បុរសជននៅសហរដ្ឋអាមេរិចនិងប្រជាពលរដ្ឋនៅតំបន់អារ៉ែង ដែលបានសហការគ្នាពុះពារគ្រប់ការលំបាកក្នុងការកសាងសាលារៀន០៤ខ្នងសង់រួចស្ថិតក្នុងឃុំប្រឡាយ ឃុំជំនាប់ និងឃុំថ្មដូនពៅស្រុកថ្មបាំងខេត្ដកោះកុងព្រមទាំងអំណោយផ្សេងៗជាច្រើនទៀត ហើយកន្លងមកចលនានេះក៍បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាធ្វើការងារមនុស្សធម៌ក្នុងសង្គមការងារបម្រើ និងជួយ ប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ក្នុងនាមអជ្ញាធរខេត្តលោកប៊ុន លើត បានលើកឡើងថាទោះបីតំបន់អារ៉ែងនេះនៅឆ្ងាយយ៉ាងណាក៍រាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីខិតឱ្យជិតប្រជាពលរដ្ឋសំដៅគិតគូរពីសុខសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋដើម្បីអភិវឌ្ឍជាជំហានៗ លោកអភិបាលខេត្តបានសំណូមពរឱ្យប្រពលរដ្ឋចូលរួម និងផ្តល់ឱកាសរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសដើម្បីប្រយោជន៍រួម។ តាមរបាយការណ៍របស់លោក កែវនី បូរ៉ា អភិបាលស្តីទីនៃគណអភិបាលស្រុកថ្មបាំងបានឱ្យដឹងថាប្រជាពលរដ្ឋនៅក្នុងថ្មដូនពៅ ឃុំជំនាប់ ឃុំប្រឡាយ និងឃុំចំណា បានថ្លែងអំណរគុណចំពោះចលនាយុវជនកម្ពុជាក្រុម១៥៧និងប្រមុខរាជរដ្ឋាភិបាលដែលបានសម្រេចផ្តល់សមិទ្ធិផលនិងចំណោយជាច្រើនមានដូចជាគោយន្តអាយយកូម ម៉ាស៊ីនភ្លើង ម៉ាស៊ីនទឹក ប្រេងម៉ាស៊ូតម៉ាស៊ីនព្រីននិងកុំព្យូទ័រ ស្ពានឈើ បង្គន់អនាម័យ កង់ តុសិស្ស ផ្ទាំងសឡា និងអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់អជ្ញាធរសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងតំបន់នេះផង ដែលសមិទ្ធផលទាំអស់នេះគឺជាចំណងដៃដ៍វិសេសវិសាលបំផុតដែលយើងខ្ញុំទាំងអស់គ្នាមិនដែលធ្លាប់នឹកស្មានថាមានភព្វវាសនាបានទទួលនូវសមិទ្ធិផលបែបនេះទាល់តែសោះ។
អជ្ញាធរសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងតំបន់អារ៉ែងនេះបានបង្ហាញសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចលនាយុវជនកម្ពុជាក្រុម១៥៧ និងឯកឧត្តមហ៊ុន ម៉ាណែត ព្រមទាំងរាជរដ្ឋាភិបាលដែលបានកសាងសមិទ្ធផលជាច្រើន និងមកសួរសុខទុក្ខនិងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។ សូមបញ្ជាក់ថាក្រៅពីសមិទ្ធផល និងអំណោយផ្សេងៗដែលមានស្រាប់ឯកឧត្តម ហ៊ុន ម៉ាណែតក៍បានទទួលយកនូវសំណើរបស់ប្រជាពលរដ្ឋ និងបានដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់អារ៉ែងនេះដោយផ្ដល់ជូននូវអណ្ដូងទឹក ចំនួន១៦ផ្តល់ជូនឃុំជំនាប់ឃុំប្រឡា ឃុំថ្មដូនពៅនិងឃុំឬស្សីជ្រុំព្រមទាំងផ្តល់កសាងអគារប៉ុស្ដិ៍សុខភាពចំនួន ០៣ខ្នង ជូនឃុំចំនួន ០៣ដោយក្នុងនោះមានអគារប៉ុស្តិ៍សុខភាព01ខ្នងទទួលផ្តល់ជូនដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងបន្ថែមចំនួនគ្រូបង្រៀនមន្ត្រីសុខាភិបាលនៅតំបន់នេះផងដែរ។ ក្រៅពីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឯកភាពផ្តល់ជូនម៉ាស៊ីនកុំព្យូទ័រ និងព្រីនធ័រមួយចំនួនដល់មណ្ឌលសុខភាពឬស្សីជ្រំ និងសាលាបឋមសិក្សាភូមិកោះ ៕
ចែករំលែកព័តមាននេះ