ខេត្តកំពង់ឆ្នាំង ៖ កុដិចំនួន៣ នៅក្នុងវត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរក្រុង សម្រេចបិទទ្វារជាបណ្តោះអាសន្ន ព្រោះតែបានរកឃើញ ព្រះសង្ឃ ដូនជីតាជី ចំនួន៦អង្គ/នាក់ កើតជំងឺកូវីដ១៩ ដែលជាលទ្ធផលតេសរហ័សនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ។ ជាមួយគ្នានេះ រដ្ឋបាលសាលាស្រុកជលគីរី ក៏បានសម្រចបិទខ្ទប់ភូមិពាមឆ្កោក ក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ជាបណ្ដោះអាសន្នដែរ បន្ទាប់ពីឃើញអ្នកឆ្លងកូវីដ១៩ច្រើនពេក ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីរកឃើញព្រះសង្ឃ និងដូនជីតាជីចំនួន៦អង្គ/នាក់ ក្នុងវត្តទេពធីតារាម ហៅវត្តយាយទេព ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង កើតជំងឺកូវីដ១៩ រួចមក អាជ្ញាធរក្រុងបានសម្រេចបិទទ្វារកុដិចំនួន៣ ជាបណ្ដោះអាសន្ន ដោយកុដិទី១ គឺដាក់តែលោកគ្រូសូត្រស្តាំ១អង្គ ដែលមានវិជ្ជមានកូវីដ១៩ និងកុដិទី២ ដាក់ព្រះសង្ឃមានវិជ្ជមានកូវីដ១៩ ហើយកុដិទាំង២នេះ គឺសម្រាប់ឱ្យក្រុមគ្រូពេទ្យចូលទៅព្យាបាល ។

លោកបន្តថា ចំណែកកុដិ១ទៀត គឺកុដិទី៣ សម្រាប់ដាក់ព្រះសង្ឃដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ដោយឡែកដូនជីតាជីវិញ ត្រូវបានយកទៅព្យាបាលនៅមណ្ឌលព្យាបាលសាលាក្រុងកំពង់ឆ្នាំង ។ ហើយសម្រាប់វត្តទាំងមូល គឺមិនបានបិទទ្វារនោះទេ គឺនៅអនុញ្ញាតិឱ្យធ្វើបុណ្យធម្មតា តែត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ»។

ដោយឡែករដ្ឋបាលសាលាស្រុកជលគីរី វិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះដែរ ក៏បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន នូវទីតាំងភូមិសាស្ត្រ ក្នុងភូមិពាមឆ្កោក ឃុំភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ផងដែរ គឺមិនអនុញ្ញាតិឱ្យចេញចូលឡើយ ព្រមទាំងដាក់កម្លាំងសមត្ថកិច្ចការពារទៀតផង ។

គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌនេះ ខេត្តកំពង់ឆ្នាំង ហាក់មានសន្ទុះនៃការឆ្លង កូវីដ១៩ គឺមានចំនួនច្រើនគួរព្រួយបារម្ភ ។ ជាក់ស្តែងតាមលទ្ធផលប្រកាសរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង រយៈពេល៤ថ្ងៃជាប់គ្នានេះ គឺថ្ងៃទី២៣ បានរកឃើញអ្នកឆ្លងថ្មីចំនួន៦៥នាក់, ថ្ងៃទី២៤ បានរកឃើញចំនួន៦២នាក់, ថ្ងៃទី២៥ បានរកឃើញចំនួន១១៤នាក់ និងនៅថ្ងៃទី២៦ ខែកញ្ញានេះ គឺបានរកឃើញចំនួន១០៥នាក់។ នេះបើតាមរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅមិនទាន់ប្រកាសលទ្ធផល ខណៈដែលក្រុមគ្រូពេទ្យ កំពុងមមាញឹកក្នុងការយកសំណាក នៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកញ្ញានេះទៀតផង ។

ដូច្នេះលទ្ធផលវិជ្ជមានកូវីដ១៩ ចេះតែមានសន្ទុះច្រើនបែបនេះ សូមប្រជាពលរដ្ឋ អនុវត្តនូវវិធានការការពារ តាមអាជ្ញាធរខេត្ត និងក្រសួងសុខាភិបាល គឺ «៣កុំ៣ការពារ» ហើយបើពុំចាំបាច់ សូមកុំចេញក្រៅផ្ទះ៕






ចែករំលែកព័តមាននេះ