ខេត្តប៉ៃលិន ៖ ក្មេងទំនើង២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ម៉ន ចាប់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះថា ពួកគេធ្វើសកម្មភាពចូលទៅក្នុងអនុវិទ្យាល័យភ្នំយ៉ាត រួចទាញយកច្រវ៉ាក់ម៉ូតូវាយទៅលើកូនប្រុសគាត់ឱ្យរងរបួសចំនួន១៥ច្រវ៉ាក់ រួចរត់គេចខ្លួន ។
ការចាប់ឃាត់ខ្លួនជនដៃដល់ទាំង២នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២៩ កុម្ភៈ ២០១៦ ស្ថិតនៅមុខអនុវិទ្យាល័យភ្នំយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ជនរងគ្រោឈ្មោះសំ មករាឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី៩c នៃអនុវិទ្យាល័យភ្នំយ៉ាត រងរបួសកន្ទួលពេញខ្លួន ត្រូវចំនួន១៥ច្រវ៉ាក់ម៉ូតូ រស់នៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែកជនដៃដល់ ១-ឈ្មោះពិន ចាន់ណូ ភេទប្រុស អាយុ១៨ឆ្នាំ (ឈប់រៀន) រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ២-ឈ្មោះសុំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ (ឈប់រៀន) រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ លោកក៏បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីឃាត់ខ្លួន ស្រាប់តែឃើញពួកគេទៅឈរនៅមុខអនុវិទ្យាល័យ បម្រុងនឹងចូលទៅវាយប្រហារសិស្សនៅទីនោះទៀត ក៏ចាប់ ឃាត់ខ្លួនតែម្តង ។ លោកបន្តទៀតថា នៅរសៀលថ្ងៃទី០១ មីនា ២០១៦ ខាងលោកបានរៀបចំកសាងសំនុំរឿង ដើម្បីបញ្ជូនជនទាំង២នាក់ខាងលើ ទៅអយ្យការអមសាលាដំបូងខេត្ត ឱ្យចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ