ខេត្តប៉ៃលិន ៖ ម្ចាស់ចម្ការដំណាំម្នាក់ត្រូវភ្លើងឆេះដើមតាង៉ែន ហៅមៀនប៉ៃលិន អស់ចំនួន៣៨៦ដើម ដែលដើមខ្លះដាំរយៈពេលជាង២ឆ្នាំ ខ្លះ៣ឆ្នាំ ជិតដាក់អ័រម៉ូនឱ្យផ្លែទៅហើយ ស្រាប់តែមានកម្មករពីរនាក់ប្តីប្រពន្ធដែលទៅស៊ីឈ្នួលដុតសំរាមឱ្យថៅកែម្នាក់ ពន្លត់ភ្លើងមិនរលត់អស់បណ្តាលឱ្យរាលដាលឆេះចម្ការដំណាំខូចខាតតាង៉ែនអស់ចំនួន៣៨៦ដើម ក្នុងចំណោម១៦០០ដើម កាលពីវេលាម៉ោង២រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្បែរបន្ទាយយោធា ក្នុងភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ចម្ការរងគ្រោះ ឈ្មោះ ឡុក ឡួម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ចំណែកកម្មករស៊ីឈ្នួលដុតសំរាម ឈ្មោះ រ៉ាន់ អាយុ៣៥ឆ្នាំ និងប្រពន្ធមិនស្គាល់អត្តសញ្ញាណ រស់នៅភូមិកើតហេតុខាងលើ ។
ក្រោយកើតហេតុ ម្ចាស់ចម្ការដើមតាង៉ែនទារសំណងក្នុង១ដើម១០០ដុល្លារ អាចចរចាគ្នាបាន តែខាងម្ចាស់ចម្ការសុំសងថ្លៃខូចខាតត្រឹមតែ៣០០ដុល្លារ ចរចាមិនត្រូវគ្នា ខាងម្ចាស់ចម្ការរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ