ខេត្តកណ្ដាល ៖ កម្មករ-កម្មការិនីប្រមាណជាង៨០០នាក់ មកពីរោងចក្រ ហ្គ្រេដ៍ ហ័រណឺរ (Grade Honor) ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្វាយរលំ ស្រុកស្អាង បានជួបប្រជុំគ្នានៅសាលាខេត្តកណ្ដាលដើម្បីសុំឱ្យអាជ្ញាធរខេត្តពិភាក្សាជួយស្វែងរកដំណោះស្រាយជួយពួកគេ ខណៈរោងចក្រមួយនេះផ្អាកការងារជាច្រើនខែ ហើយផ្តល់ប្រាក់កម្រៃតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលមិនអាចនឹងគ្រប់ថ្លៃជួលផ្ទះផង ។
ការជួបប្រជុំនេះធ្វើឡើងក្រោយពេលដែលក្រុមកម្មករបានលើកគ្នាមកប៉ុនប៉ងធ្វើកូដកម្មបិទផ្លូវនៅមុខសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ដោយសារតែការស្វែងរកការអន្តរាគមន៍ជាច្រើនលើកច្រើនសារមិនបានលទ្ឋផល បន្ទាប់ពីរោងចក្រនេះបានបិទទ្វារផ្អាកការងារជាច្រើនខែ និងមិនបើកប្រាក់ឈ្នួលឱ្យកម្មករ-កម្មការិនីតាមច្បាប់ការងារ ។
លោក រដ្ឋា តំណាងកម្មកររោងចក្របានលើកឡើងថា អស់រយៈពេជាង៤ខែមកហើយ ពោលគឺចាប់តាំងពីចុងឆ្នាំ២០១៥ ថៅកែរោងចក្រ ហ្គ្រេដ ហ័រណឺរ (Grade Honor) បានព្យួរការងារមិនឲ្យចូលធ្វើការ ដោយផ្តល់ប្រាក់កម្រៃត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលខុសទៅនឹងច្បាប់ការងារ ។ លោកថា តាមគោលការណ៍ច្បាប់ការងារ នៅពេលកម្មករអត់ការងារធ្វើ គឺថៅកែត្រូវព្យួរការងារមួយរយៈ ហើយត្រូវផ្តល់ប្រាក់៥០ភាគរយនៃប្រាក់ខែគោលដើម្បីដោះស្រាយជីវភាពកម្មករនៅពេលអត់ការងារធ្វើនេះ ។
ក្រុមកម្មករនិយាយថា កន្លងទៅរោងចក្រសម្បូរការងារខ្លាំងណាស់ ដោយបានបង្ខំឲ្យកម្មករធ្វើការថែមម៉ោងមួយយប់ទល់ភ្លឺក៏មាន ហើយដោយសារជួយឲ្យសង្វាក់ផលិតកម្មសម្លៀកបំពាក់ឲ្យបានគ្រប់ចំនួនទៅតាមផែនការពួកគាត់ខំប្រឹងប្រែងស្ទើរគ្មានពេលសម្រាកផង ប៉ុន្តែសុខៗបែរជារោងចក្រគ្មានការងារឱ្យកម្មករធ្វើ ហើយព្យួរការងារកម្មករដោយឲ្យប្រាក់ខែតែ៣០ដុល្លារក្នុងមូយខែ ដែលប្រាក់នេះមិនអាចគ្រប់ចំណាយថ្លៃជួលផ្ទះ ថ្លៃទឹកភ្លើងបានផង កុំថាឡើយថ្លៃចំណាយហូបចុកផ្សេងៗ បើរោងចក្រនេះបិទទ្វារដោយសារបញ្ហាអ្វីមួយនោះ ខាងរោងចក្រត្រូវទូទាត់ប្រាក់បំណាច់ផ្សេៗដល់កម្មករឱ្យបានគ្រប់ៗគ្នាទៅតាមច្បាប់ស្ដីពីការងារ ។
ក្រុមកម្មករបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយរកដំណោះស្រាយឱ្យកម្មករទៅតាមច្បាប់ស្ដីពីការងារផង ។
ក្រុមកម្មករត្រូវបាន អាជ្ញាធរខេត្តបានអនុញ្ញាតឱ្យចូលជួបជុំគ្នានៅសាលប្រជុំសាលាខេត្ត ដោយមានលោក ម៉ៅ ភិរុណ អភិបាលខេត្ត លោក ជាវ តាយ អភិបាលរងខេត្ត និងលោក ធុល នាង ប្រធានមន្ទីការងារខេត្ត ចូលរួមដោះស្រាយ ។
នៅក្នុងកិច្ចប្រជុំព្រឹកនោះ លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាលបានលើកឡើងថា ការងារនេះលោកបានដោះស្រាយម្តងជាពីរដងជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលរួចហើយ ប៉ុន្តែនៅមិនទាន់មានលទ្ឋផលជាផ្លែការនៅឡើយ ហើយករណីនេះលោកក៏បានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងការងារដើម្បីស្នើសុំគោលការណ៍ដោះស្រាយនៅពេលឆាប់ៗនេះហើយ ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះដែរថា បើសិនការងារនេះដោះស្រាយមិនចេញ លោកស្នើសុំប្រធានមន្ទីរខេត្តកណ្តាលបង្វែររឿងនេះមកឲ្យលោកដោះស្រាយដោយផ្ទាល់ ដើម្បីធ្វើយ៉ាងណារកដំណោះស្រាយបញ្ចប់វិវាទកម្មករឲ្យបានឆាប់ស្របទៅនឹងច្បាប់ការងារ ។ លោកបញ្ជាក់ទៀតថា ដើម្បីឱ្យងាយដោះស្រាយបញ្ហានេះ លោកសុំឱ្យខាងតំណាងកម្មករធ្វើជាលិខិតដាក់ចូលមកសាលាខេត្ត តើកម្មករត្រូវការអ្វី ទាមទាអ្វី ប៉ុន្មានចំណុច ចាត់ឱ្យតំណាងចូលមកពិភាក្សាជាមួយអាជ្ញាធរ និងតំណាងរោងចក្រ ដើម្បីរកដំណោះស្រាយបញ្ចប់ទំនាស់នេះ ៕
ចែករំលែកព័តមាននេះ