ខេត្តព្រៃវែង ៖ ប៉ូលិសចរាចរណ៍ស្រុកលើកដែក ខេត្តកណ្តាល បានចាប់រថយន្តដឹកត្រី១គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកទន្លាប់ ។ ការចាប់ឃាត់ទុករថយន្តដឹកត្រីដែលមានស្លាកលេខ កំពង់ចាម 3A-0264 នេះ ត្រូវបានលោកវរសេនីយ៍ត្រី អាំធូ អធិការរងស្រុកលើកដែក ទទួលផែនចរាចរណ៍ផ្លូវគោក បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ កុម្ភៈ ២០១៦ នេះថា រថយន្តដឹកត្រីខាងលើនេះ ត្រូវបានកម្លាំងរបស់លោកឃាត់នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ កុម្ភៈ ២០១៦។
ការចាប់នេះ ធ្វើឡើងបន្ទាប់ពីរថយន្តធ្វើចរាចរណ៍ឆ្លងកាត់ស្ពានអ្នកលឿងពីកើតទៅលិច លុះមកដល់ចំណុចកណ្តាលស្ពាន រថយន្តនោះហាក់មានបញ្ហាដោយបានបើកចុះយ៉ាងស្បឺតៗ ពីចំណុចចំណោទបានប្រហែល២០ម៉ែត្រ ស្រាប់តែរថយន្តនោះដាច់ហ្វ្រាំងជាន់លែងស៊ី ឯល្បឿនរថយន្តចេះតែលឿនទៅៗ ឃើញសភាពដូច្នោះអ្នកបើកបានបញ្ជាឱ្យព្រូយកកំណល់ឈើបួនជ្រុង ហើយលោតចុះពីលើរថយន្ត ដើម្បីយកកំណល់ទៅកល់កង់រថយន្តផ្នែកខាងក្រោយឱ្យជាប់ កុំឱ្យរថយន្តទៅមុខទៀត ។ ដោយសារភ័យពេក ព្រូបានដាក់កំណល់ចូលបណ្តោយចន្លោះកណ្តាលនៃកង់រថយន្តទាំង២ (មានន័យថា កំណល់ដែលព្រូយកទៅកល់កង់រថយន្តនោះ ពេលដាក់កល់ទទឹងកង់រថយន្ត បែរជាកំណល់ចូលទៅនៅចន្លោះកណ្តាលនៃកង់រថយន្តទាំង២ ចូលបណ្តោយកង់ទៅវិញ) ពេលឈើកំណល់ចូលទៅកប់លិចជាប់ទៅនឹងចន្លោះនៃកង់រថយន្តហើយ កង់រថយន្តក៏លែងវិលខ្លាំង ។ ប៉ុន្តែជ្រុងឈើកំណល់បានបង្កឱ្យមានការកូតថ្នល់កៅស៊ូនៅលើស្ពានដែលមានជម្រៅប្រហែលកន្លះសង់ទីម៉ែត្រ ទទឹង១សង់ទីម៉ែត្រ ឯបណ្តោយប្រវែងប្រហែល៣០ម៉ែត្រប៉ុណ្ណោះ អស់មួយខ្យល់នៃល្បឿន ទើបរថយន្តឈប់ទៅមុខលែងរួច ។ ដោយខ្លាចមានបញ្ហា កម្លាំងរបស់លោកដែលឈរជើងនៅទីនោះ ក៏បានឃាត់រថយន្តយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកទន្លាប់ ដើម្បីទុកឱ្យភាគីជប៉ុន ឬអ្នកឯកទេស គេទៅពិនិត្យមើលកន្លែងដែលរថយន្តធ្វើឱ្យកូតកៅស៊ូថ្នល់នោះថា តើមានផលប៉ះពាល់យ៉ាងម៉េចខ្លះ ។
លោកក៏បានអញ្ជើញម្ចាស់រថយន្តឈ្មោះចឹប សុខជា ឱ្យមកដោះស្រាយជាមួយភាគីជប៉ុន តែរហូតមកដល់ពេលនេះ ទាំងភាគីជប៉ុន ទាំងម្ចាស់រថយន្តពុំទាន់បានជួប ដើម្បីដោះស្រាយយ៉ាងណានៅឡើយទេ ។ ចំណែកត្រីដែលម្ចាស់រថយន្តបាននាំយកមកពីប្រទេសវៀតណាមចូលតាមច្រកព្រំដែនបន្ទាយចក្រី ត្រីមិនដឹងប្រភេទត្រីអ្វី? ហើយប៉ុន្មានតោនក៏លោកពុំដឹងដែរ លោកគ្រាន់តែអះអាងថា មិនលើសចំណុះទេ ។ ហើយលោកបានធ្វើកំណត់ហេតុប្រគល់ត្រីទៅឱ្យម្ចាស់គេវិញ ទុកតែរថយន្តប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ