ខេត្តព្រៃវែង ៖ ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី១ មីនា បានចុះទៅត្រួតពិនិត្យមើលទីតាំងមួយកន្លែង ស្ថិតនៅចំណុចក្បែរង្វង់មូលផ្លូវឡើងស្ពានអ្នកលឿង ក្នុងភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង សំរាប់ធ្វើជាស្ថានីយថ្លឹងរថយន្ត ។
ក្នុងសកម្មភាពនេះ គេឃើញមានការចូលរួមពីសំណាក់លោកអភិបាលរងខេត្តព្រៃវែង, អភិបាលរងខេត្តកណ្តាល, ប្រធានមន្ទីរសាធារណៈខេត្តកណ្តាល, ខេត្តព្រៃវែង, ខេត្តស្វាយរៀង និងប្រតិភូមកពីក្រសួងជាច្រើននាក់ទៀតផងដែរ ។
ជួបជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យនេះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានឱ្យដឹងថា តាមពិតរឿងស្ថានីយថ្លឹងទម្ងន់រថយន្តនេះ ក្រសួងមានគម្រោងដាក់នៅចំណុចផ្លូវឡើងស្ពានអ្នកលឿងនេះរួចជាស្រេចទៅហើយ ប៉ុន្តែមួយរយៈមកនេះ មានការយឺតយ៉ាវ មិនទាន់បានរៀបចំដាក់ គឺដោយសារតែខាងក្រុមហ៊ុនជប៉ុន ធ្វើការរបស់គេមិនទាន់ចប់រួចរាល់ ។ ប៉ុន្តែពេលនេះ ដោយសារតែមានហេតុការណ៍រថយន្តធុនធំដឹកលើសទម្ងន់បើកឡើងស្ពាន ធ្វើឱ្យខូចស្ពានបែបនេះ ទើបក្រសួងសម្រេចចុះរៀបចំដាក់ស្ថានីយថ្លឹងទម្ងន់នេះតែម្តង គឺលែងចាំអីទៀតហើយ ។
ទាក់ទងទៅនឹងរឿងដាក់ជញ្ជីងនេះដែរ ក្រុមអ្នកសារព័ត៌មានបានចោទសំនួរទៅលោករដ្ឋមន្ត្រីដែរថា ការដាក់ជញ្ជីងនៅចំណុចផ្លូវឡើងស្ពានអ្នកលឿងនេះ គឺអាចទប់ស្កាត់បាន តែក្រុមរថយន្ត ដែលមានបំណងបើកឆ្លងស្ពានទៅខេត្តកណ្តាល ឬទៅភ្នំពេញប៉ុណ្ណោះ ប៉ុន្តែសំរាប់រថយន្តយីឌុបធំៗរាប់សិបគ្រឿង ដែលដឹកលើសទម្ងន់ធ្វើដំណើរពីខេត្តផ្សេងៗ ចូលមកខេត្តព្រៃវែងតាមផ្លូវជាតិលេខ១១ និងកាត់តាមស្រុកបាភ្នំឡើងមកលើផ្លូវជាតិ១វិញ គឺពុំមានជញ្ជីងចាប់ថ្លឹង និងទប់ស្កាត់ទេ តើលោកគិតយ៉ាងម៉េច?
សំណួរនេះ ត្រូវបានលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹង ឆ្លើយយ៉ាងខ្លីថា ការដាក់ជញ្ជីងនេះ គឺដាក់ដើម្បីតែការពារស្ពានអ្នកលឿងប៉ុណ្ណោះ ចំណែករឿងផ្លូវចាំដោះស្រាយតាមក្រោយ ។
ទាក់ទងទៅនឹងរឿងរថយន្តយីឌុបធំៗ ដឹកលើសទម្ងន់ ធ្វើចរាចរណ៍នៅលើដងផ្លូវនេះ ត្រូវបានសាធារណៈមតិខ្លះ លើកឡើងថា ក្រុមរថយន្តទាំងនោះដឹកលើសទម្ងន់បាន គឹដោយសារតែគេកែច្នៃទ្រុងបន្ថែមបាន ដោយរថយន្តខ្លះទ្រុងកំណើតរបស់វាកម្ពស់តែជាង១ម៉ែត្រទេ ប៉ុន្តែគេបន្ថែមរហូតដល់ជិត៣ម៉ែត្រ និងតគូទក្រោយបន្ថែមទៀត មើលទៅធំសម្បើមខ្លាំងណាស់ ។
ករណីនេះ គេបានលើកឡើងថា បើក្រសួងសាធារណៈការ ឬមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការគ្រប់គ្រងរឿងរថយន្ត
តទ្រុងនេះបាន គឺពិតជាមិនមានរថយន្តដឹកលើសទម្ងន់រហូតដល់រាប់សិបតោនទៀតឡើយ ។
ចែករំលែកព័តមាននេះ