តាមការស្រាវជ្រាវជាបន្តបន្ទាប់បានបង្ហាញថា ទម្លាប់ទទួលទានបណ្តាអាហារដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព អាចកាត់បន្ថយករណីថ្មីៗនៃអត្រាអ្នកកើតជំងឺមហារីកដោះនៅជុំវិញពិភពលោកបានយ៉ាងមានប្រសិទ្ធភាព ។ ចូរព្យាយាមដាក់បញ្ចូលអាហារមួយចំនួនដូចខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ ៖
១-បណ្តាផ្សិត ៖ លទ្ធផលនៃការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Nutrition and Cancer កាលពីប៉ុន្មានឆ្នាំមុនបានបង្ហាញថា បង្កើនការទទួលទានផ្សិតជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យថយចុះហានិភ័យមហារីកសុដន់ក្នុងចំណោមស្ត្រីស្ថិតក្នុងដំណាក់កាលឈានទៅអស់រដូវ ។ ផ្សិតត្រូវគេរកឃើញមានផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មឈ្មោះ L-ergothioneine ។
២-សណ្តែកបណ្តុះ ៖ សណ្តែកបណ្តុះផ្ទុកទៅដោយ Sulforaphane យ៉ាងខ្ពស់ ។ វាជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យមីស៊ីហ្គែន សហរដ្ឋអាមេរិកអះអាងថា មានលទ្ធភាពបំផ្លាញចោលបណ្តាកោសិកាជំរុញដល់ការលូតលាស់ដុំសាច់ ។
៣-ផ្លែទទឹម ៖ គ្រាប់ដែលអាចខំបំបែកដោយធ្មេញរបស់ផ្លែទទឹមសម្បូរយ៉ាងក្រាស់ក្រៃនូវអាស៊ីត Ellagic acid ជាសមាសធាតុប្រឆាំងអុកស៊ីដកម្មមានសមត្ថភាពរារាំងអង់ហ្ស៊ីមជំរុញកើតមហារីកដោះ ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រវិទ្យាស្ថានស្រាវជ្រាវ Beckman ។
៤-គ្រាប់វ៉លណាត់ ៖ ការទទួលទាន៦០ក្រាមក្នុងមួយថ្ងៃគឺអាចកាត់បន្ថយការអភិវឌ្ឍជាដុំសាច់មហារីកដោះបានពាក់កណ្តាល ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Marshall ពិសោធឃើញថា អូមេហ្គា-៣ សមាសធាតុប្រឆាំងអុកស៊ីដកម្មនិង Phytosterols ដែលមានក្នុងគ្រាប់វ៉លណាត់អាចជួយពន្យឺតការលូតលាស់នៃកោសិកាមហារីក ។
៥-បន្លែស្លឹក spinach ៖ ស្ត្រីជិតអស់រដូវដែលបានទទួលទានអាហារផ្ទុកសារធាតុ Folate ខ្ពស់(សម្បូរបំផុតក្នុងបន្លែ Spinach) ប្រឈមមហារីកដោះតិចជាង៤០ភាគរយ។
៦-ស៊ុត ៖ Choline ជាសារធាតុចិញ្ចឹមដ៏សំខាន់មានច្រើនបំផុតក្នុងពងក្រហមនៃស៊ុតជាប់ទាក់ទងនឹងការជួយឱ្យថយចុះហានិភ័យកើតមហារីកដោះបាន២៤ភាគរយ ។ នេះបើយោងតាមលទ្ធផលនៃការស្រាវជ្រាវមួយរបស់អាមេរិកលើស្ត្រីជាង៣ពាន់នាក់ ។ ស្ត្រីត្រូវការសារធាតុចិញ្ចឹមនេះ៤២៥មីល្លីក្រាមក្នុងមួយថ្ងៃ ពោលគឺប្រហាក់ប្រហែលនឹងស៊ុតពី៣-៤គ្រាប់ ។
៧-ត្រីសូម៉ុង ៖ វត្តមានរបស់ខ្លាញ់អូមេហ្គា-៣និងវីតាមីន D នាំឱ្យត្រីសូម៉ុងក្លាយជាអាហារសំខាន់មួយបញ្ចុះហានិភ័យមហារីកដោះ ។
៨-នំប៉័ងធ្វើពីស្រូវរ៉ៃ (Rye) ៖ ក្រុមអ្នកស្រាវជ្រាវប្រទេសហ្វាំងឡង់រកឃើញថា ការទទួលទាននំប៉័ងផលិតពីគ្រាប់ធញ្ញជាតិនេះអាចជួយទប់ស្កាត់មហារីកដោះបាន។ ធាតុសំខាន់ៗក្នុងនំប៉័ងប្រភេទនេះមានដូចជា វីតាមីន រ៉ែ សារធាតុសរសៃ Lignans និងអាស៊ីត Pytic ជាដើម ។ ចូរពិនិត្យស្លាកសញ្ញាឱ្យបានច្បាស់ ដ្បិតវាអាចច្រឡំនឹងនំប៉័ងផលិតពីម្សៅស្រូវសាឡី ៕
ចែករំលែកព័តមាននេះ