ខេត្តព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ មេត្តាពង្រឹងនូវក្រមសីលធម៌របស់គ្រូពេទ្យ ត្រូវស្រឡាញ់ថ្នាក់ថ្នមអ្នកជំងឺកុំឱ្យធ្លាក់ទៅក្នុងស្ថានភាពអ្វីដែលគ្រូពេទ្យម្នាក់ពីរនាក់ធ្វើឱ្យខូចគ្រូពេទ្យទាំងមូល និងសូមកុំឱ្យដូចពាក្យថា ត្រីមួយកន្ត្រក ត្រីស្អុយមួយស្អុយទាំងអស់ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន ក្នុងទឹកប្រាក់ស្មើនឹង១៥.៤៥០.០០០ដុល្លារសហរដ្ឋអាមេរិក ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា យើងត្រូវទទួលស្គាល់ថាក៏មានគ្រូពេទ្យមួយចំនួនតូចប្រកាន់សីលធម៌វិជ្ជាជីវៈមិនខ្ជាប់ខ្ជួន នៅប្រើសម្តីអាក្រក់ជាមួយអ្នកជំងឺថែមទាំងមានកន្លែងខ្លះគិតបញ្ហាលុយជាធំ ។
ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ បានគូសបញ្ជាក់ថា វិធីដែលល្អជាងគេគឺវិធីជួយអប់រំគ្នា ហើយគ្រប់គ្រងដោះស្រាយបញ្ហាជាមួយគ្នា ដើម្បីម្យ៉ាងលើកកម្ពស់ការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ និងម្យ៉ាងទៀតរក្សានូវភាពថ្លៃថ្នូររបស់គ្រូពេទ្យដែលមានចំនួនភាគច្រើន ។ ភាគច្រើនជាគ្រូពេទ្យគឺមានក្រមសីលធម៌ មានក្រមវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវ និងមានការលះបង់ដើម្បីជួយអ្នកជំងឺ ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ សម្តេចតេជោនៅតែអំពាវនាវឱ្យពង្រឹងនូវសីលធម៌របស់គ្រូពេទ្យ ត្រូវស្រឡាញ់អ្នកជំងឺ និងកុំឱ្យធ្លាក់ទៅក្នុងស្ថានភាពដូចដែលគេនិយាយ ត្រូវកែប្រែឥរិយាបថ ដើម្បីឱ្យមានការទទួលខុសត្រូវក្នុងឋានៈជាគ្រូពេទ្យ និងកុំទុកឱ្យអ្នកនិយាយទាំងឡាយចាត់ទុកថារឿងនេះជារឿងពិត ។
ក្នុងករណីនេះ ខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំសង្ឃឹមថាគ្រូពេទ្យរបស់យើង គឺមិនមែនតែគ្រូពេទ្យនៅកន្លែងនេះទេ គឺនៅគ្រប់កន្លែងដទៃទាំងអស់ យើងមានឧបករណ៍ទំនើប ហើយ សម្ភារទំនើប តែបើយើងមិនទំនើបគឺនៅតែប៉ុណ្ណឹង សម្ភារទំនើប បច្ចេកទេសទំនើបហើយ ប៉ុន្តែបើយើងខ្វះគុណធម៌ ខ្វះនូវក្រមសីលធម៌ វិជ្ជាជីវៈ គឺរឿងក៏វានៅតែប៉ុណ្ណឹងដដែល ។
យើងត្រូវពិនិត្យមើល ដោយសារបច្ចេកវិទ្យាអត់គុណធម៌ហើយបានជាពិភពលោកសព្វថ្ងៃនេះកំពុងរងគ្រោះ ។
លោកគូម៉ា ម៉ារូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាខេត្តព្រះសីហនុ គឺជាខេត្តមួយក្នុងចំណោមខេត្តនានា ដែលជំនួយរបស់ប្រទេសជប៉ុនផ្តោតការយកចិត្តទុកដាក់ខ្ពស់ ។ ចាប់តាំងពីឆ្នាំ១៩៩៩មក យើងបានផ្តល់ជូននូវកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីកែលម្អឡើងវិញ និងសាងសង់កំពង់ផែខេត្តព្រះសីហនុ រួមជាមួយការចាត់បញ្ជូនអ្នកជំនាញជប៉ុន និងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រង និងដំណើរការទៅមុខរបស់កំពង់ផែឱ្យមានប្រសិទ្ធភាព ។ យើងបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ការសាងសង់មជ្ឈមណ្ឌលមួយសម្រាប់ភ្ញាស់ពូជត្រីទឹកប្រៃនៅឆ្នាំ២០០៩ រួមទាំងបញ្ជូនអ្នកជំនាញការជប៉ុន ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រង និងដំណើរការរបស់មជ្ឈមណ្ឌលនេះ ។
លោកឯកអគ្គរាជទូតមានប្រសាសន៍បន្តថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បាននិងកំពុងតែផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាច្រើន តាំងពីពេលបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ១៩៥២ ។
ប៉ុន្តែនៅក្នុងអំឡុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការវិវត្តទៅនៃភាពចាស់រេចរឹលរបស់អគារនិងសម្ភារបរិក្ខារពេទ្យ ធ្វើឱ្យមានភាពលំបាកក្នុងការផ្តល់សេវាសុខាភិបាលឱ្យបានត្រឹមត្រូវ ។ ផ្អែកលើស្ថានភាពបែបនេះ រដ្ឋាភិបាលជប៉ុន បានអនុវត្តនូវជំនួយសម្រាប់ការរៀបចំស្ថានភាពសុខាភិបាលក្នុងខេត្តនេះ ដោយជួយក្នុងការសាងសង់ រួមនឹងការផ្តល់ជូននូវបរិក្ខារពេទ្យ ។
ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តនេះកាន់តែមានសុខភាពល្អប្រសើរឡើង ។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ខេត្តព្រះសីហនុមានមន្ទីរពេទ្យមួយ មណ្ឌលសុខភាពចំនួន១៣ និងប៉ុស្តិ៍សុខភាព៣ ។ គម្រោងបើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ និងបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលគម្រោងពង្រឹងសមត្ថភាពមាន ការសាងសង់អគារថ្មីចំនួន៥គឺ ៖
១-អគារសង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ និងបន្ទប់វះកាត់
២-អគារសម្ភព រោគស្ត្រី និងជំងឺកុមារ
៣-អគារជំងឺទូទៅនិងជំងឺវះកាត់
៤-អគាររដ្ឋបាល
៥-ផ្នែកផ្តល់សេវាគាំទ្ររួមមាន បន្ទប់ផ្គត់ផ្គង់ចរន្តអគ្គិសនី (ម៉ាស៊ីនភ្លើង អាងស្តុកទឹកស្អាត រួមនឹងជើងទម្រដែលមានកម្ពស់២០ម៉ែត្រ) អាងទឹកចំណុះ៩ម៉ែត្រគូប អាងចម្រោះទឹកកខ្វក់ និងប្រព័ន្ធពន្លត់អគ្គិភ័យ ។
លោកវេជ្ជបណ្ឌិតរដ្ឋមន្ត្រីបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សទាំងនៅកម្ពុជា ទាំងនៅប្រទេសជប៉ុន ចាប់តាំងពីការបើកដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើបដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រទេសជប៉ុននេះតទៅ ខេត្តព្រះសីហនុនឹងបានពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែទំនើប រួមទាំងលទ្ធភាពបន្ថែមជួយបណ្តុះបណ្តាលដល់បុគ្គលិក និស្សិតក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ