ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​យើង​នេះ​ប្រៀប​ដូច​ជានគរ​១

2 ឆ្នាំ មុន

រូប​កាយ​នេះ​ស្មើនឹង​នគរ​មួយ​ដែល​គ្រប់គ្រង​ដោយ​ចិត្ត ចិត្តជា​ធំ ចិត្តជា​ប្រធាន កិច្ចការ​អ្វី​ៗ​សម្រេច​លើ​ចិត្ត ឬ​ហៅ​ថា​ព្រះបាទ​ចិត្ត​រាជ ។ ព្រះបាទ​ចិត្ត​រាជ បរម​ក្សត្រ គ្រង​រាជសម្បត្តិ​ក្នុង​ព្រះ​នគរ​មួយ​ឈ្មោះ នគរ​កាយ…

រូប​កាយ​នេះ​ស្មើនឹង​នគរ​មួយ​ដែល​គ្រប់គ្រង​ដោយ​ចិត្ត ចិត្តជា​ធំ ចិត្តជា​ប្រធាន កិច្ចការ​អ្វី​ៗ​សម្រេច​លើ​ចិត្ត ឬ​ហៅ​ថា​ព្រះបាទ​ចិត្ត​រាជ ។ ព្រះបាទ​ចិត្ត​រាជ បរម​ក្សត្រ គ្រង​រាជសម្បត្តិ​ក្នុង​ព្រះ​នគរ​មួយ​ឈ្មោះ នគរ​កាយ ។ ព្រះរាជា​អង្គ​នោះ​មាន​ព្រះ​អគ្គមហេសី​ព្រះ​នាម​ព្រះ​នាង អវិជ្ជា​ទេវី ជាទី​គាប់​ព្រះ​ទ័យ​ជាង​ស្នំ​ទាំងពួង ព្រះ​បិតា ព្រះ​នាម ព្រះបាទ​មោហ​រាជ និង​ព្រះ​មាតា​ព្រះ​នាម លោភ​ទេវី ។

នគរ​កាយ​មាន​ទ្វារ​៩​គឺ ចក្ខុទ្វារ ទ្វារ​ភ្នែក​២ សោតទ្វារ ទ្វារ​ត្រចៀក​២ ឃាន​ទ្វារ ទ្វារ​ច្រមុះ​២ ជី​វ្ហា​ទ្វារ ទ្វារ​មាត់​១ បស្សាវ​ទ្វារ ទ្វារ​តូច ១ និង ឧច្ចារទ្វារ ទ្វារធំ​១ ។

មាន​ប្រាង្គ​ប្រាសាទ​៥ គឺ ១- ចក្ខុ​ប្រាសាទ ជា​ព្រះ​ទីនាំង​សម្រាប់​ព្រះមហាក្សត្រ ទ្រង់​ទត​ល្បែង​របាំ​ទាំងពួង ២- សោត​ប្រាសាទ ជា​ព្រះ​ទីនាំង​សំរាប់​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​សណ្តាប់​សូរ​ស័ព្ទ​តូរ្យតន្ត្រី​ទាំងពួង ៣- ឃាន​ប្រាសាទ ជា​ព្រះ​ទីនាំង​សំរាប់​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​សុគុន្ធរស​៤- ជី​វ្ហា​ប្រាសាទ ជា​ព្រះ​ទីនាំង​សំរាប់​ព្រះមហាក្សត្រ​ទ្រង់​សោយ​ព្រះ​សុទ្ធា​ភោជនាហារ​ដ៏​មានឱជារស និង​៥- កាយ​ប្រាសាទ ជា​ព្រះ​ទីនាំង​សំរាប់​ព្រះមហាក្សត្រ​ទ្រង់គ្រឿង​អលង្ការ​ទាំងពួង មាន​គ្រឿង​បញ្ច​ក​កុ​ដ​ភណ្ឌ​ជា​គ្រឿង​សំរាប់​រាជ្យ​ជាដើម ។

ព្រះបាទ​ចិត្ត​រាជ ព្រះ​អង្គ​មាន​មហាតលិក ៧ នាក់​ដែល​ទ្រង់​តាំង​ទុក​ក្នុង​ឋានន្តរសក្តិ​ទី​ហ្មឺន​មានមុខ​ងារ​ផ្សេង​ៗ​គ្នា សំរាប់​ជា​រាជបំរើ​តាម​ពេល​ដែល​ទ្រង់​ត្រូវការ គឺ មហាតលិក​៧​នាក់ ១- ហ្មឺន ផស្សោ ជា​អ្នក​ចាប់​កាន់​ព្រះ​អង្គ ២- ហ្មឺន​សញ្ញា ជា​អ្នក​ចាំ​សំគាល់​កិច្ចការ​ទាំងពួង ព្រះរាជា​តែង​ទ្រង់​ប្រើ​ឲ្យ សញ្ញា​កត់សម្គាល់ ៣- ហ្មឺន វេទនា ជា​អ្នក​ណែនាំ​ព្រះមហាក្សត្រ​ឲ្យ​សោយ​អារម្មណ៍​ផ្សេង​ៗ​មាន​សុខ​ជាដើម ៤- ហ្មឺន ចេតនា ជា​អ្នក​ចាំ​ទទួល​ព្រះរាជ​ឱង្ការ​ក្នុង​កាលដែល​ព្រះរាជា​ត្រូវការ​ប្រើ​ទៅ​កាន់​ទីណា​ក៏​ទៅ ៥- ហ្មឺន ឯក​ត្គ​តា ជា​អ្នក​ស្លូតត្រង់ ព្រះរាជា​ទ្រង់​ទុក​ព្រះ​ទ័យ​ជឿ​យកពាក្យ ៦- ហ្មឺន មនសិកា​រោ ជា​អ្នក​យកចិត្តទុកដាក់​នៅ​កិច្ចការ​ផ្សេង​ៗ ដែល​ព្រះរាជា​ទ្រង់​ប្រើ និង​៧- ហ្មឺន ជិ​វិ​តិ​ន្ទ្រិ​យ ជា​អ្នក​ជួយ​ផ្គត់ផ្គង់​ព្រះ​ជន្ម​ព្រះរាជា​ឲ្យ​មាន​ព្រះ​ជីវភាព ។

ព្រះបាទ​ចិត្ត​រាជ ព្រះ​អង្គ​មាន​បុរោហិត ៣​រូប ទ្រង់​តាំង​ទុក​ក្នុង​ថា​នន្ដរ​ស័ក្ដិ ជា​រាជគ្រូ​សម្រាប់​ណែនាំ​ព្រះ​អង្គ​ក្នុង​ព្រះរាជ​ពិធី​ផ្សេង​ៗ​ដែល​ត្រូវការ​គឺ បុរោហិត​៣​រូប​នេះឯង ១- ព្រះរាជ​គ្រូ​វិត​ក្កោ ជា​អ្នក​ណែនាំ​ព្រះរាជា​ឲ្យ​ត្រិះ​រិះ​នូវ​កិច្ចការ​ផ្សេង​ៗ ២- ព្រះ​គ្រូ​វិចា​រោ អ្នក​ណែនាំ​ព្រះរាជា​ឲ្យ​ពិចារណា​នូវ​កិច្ចការ​ផ្សេង​ៗ ៣- ព្រះ​គ្រូ អ​ធិ​មោ​ក្ខោ អ្នក​ណែនាំ​ព្រះរាជា​ឲ្យ​មាន​ព្រះ​ទ័យ​តាំងស៊ប់​ក្នុង​កិច្ចការ​ ។

ព្រះបាទ​ចិត្ត​រាជ ព្រះ​អង្គ​មាន​ព្រះ​ឥសី ៣​រូប​ដ៏​ប្រកបដោយ​អភិញ្ញា និង​សមាបត្តិ ព្រះ​អង្គ​ទ្រង់​តាំង​ទុក​ក្នុង​ឋានន្តរសក្តិ​។
ជា​អ្នក​ពន្យល់​ព្រះ​អង្គ​គឺ ១-​ព្រះ​បីតិ ជា​អ្នក​ពន្យល់​ព្រះរាជា​ឲ្យ​មាន​ព្រះ​អំណរ​ដ៏​ត្រជាក់​ជ្រួតជ្រាប​ផ្សព្វផ្សាយ​ក្នុង​អារម្មណ៍​ផ្សេង​ៗ ២- ព្រះ​ឆ​ន្ទោ ជា​អ្នក​ពន្យល់​ព្រះរាជា​ឲ្យ​មាន​ព្រះ​ទ័យ​ស្រលាញ់​នូវ​កិច្ចការ​ទាំងពួង និង​៣-​ព្រះ​វិ​រិ​យោ ជា​អ្នក​ពន្យល់​ព្រះរាជា​ឲ្យ​មាន​ព្រះ​ទ័យ​ព្យាយាម​កិច្ចការ​ផ្សេង​ៗ ។

មិនតែប៉ុណ្ណោះ​ព្រះបាទ​ចិត្ត​រាជ ព្រះ​អង្គ​មាន​ព្រះ​ភិក្ខុ​៣​រូប​ទ្រង់​តាំង​ទុក​ក្នុង​សមណស័ក្តិ​ជា​ព្រះ​ជីតុន​សម្រាប់​ជួយ​រំលឹក​ព្រះ​អង្គ​គឺ ១- ព្រះ​អនិច្ចំ ជា​អ្នក​រំលឹក​ព្រះរាជា​ឲ្យ​នឹកឃើញ​សេចក្តី​មិន​ទៀង​របស់​សង្ខារ ២- ព្រះ​ទុក្ខំ ជា​អ្នក​រំលឹក​ព្រះរាជា​ឲ្យ​នឹកឃើញ​សេចក្តី​ទុក្ខ​របស់​សង្ខារ និង​៣- ព្រះ​អនត្តា ជា​អ្នក​រំលឹក​ព្រះរាជា​ឲ្យ​នឹកឃើញ​សេចក្តី​មិន​មាន​ខ្លឹមសារ​របស់​សង្ខារ​។

ព្រះជីវ​តុ​ន​ទាំង​៣​រូប​នេះ​តែងតែ​រំលឹក​ធម៌​អា​ថិ​ចំពោះ​ព្រះមហាក្សត្រ​ឲ្យ​ទ្រង់​ពិចារណា​ឃើញ​តាម​ពិត​ក្នុង​ព្រ ត្រៃលក្ខណញ្ញាណ មិន​ឲ្យ​ព្រះ​អង្គ​ធ្វេសប្រហែស ក្នុង​កុសលធម៌​ទាំងពួង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ