រាជធានីភ្នំពេញ ៖ នាវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ នៅតាមបណ្ដាយផ្លូវ១០៤ កែងនឹងវិថីព្រះស៊ីសុវត្ថិ ម្ដុំហាងទន្លេសាប សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ដ្រីដែលជាជនរងគ្រោះបានធ្វើដំណើរពីរនាក់កូនប្រុសចេញពីញ៉ាំការគេនៅ មជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FK-9389 ធ្វើដំណើរក្នុងទិសដៅស្របគ្នាពីត្បួងទៅជើង ភ្លាមនោះជនសង្ស័យបានជិះម៉ូតូកៀងជនគ្រោះ ហើយបានឆក់កាបូបពីស្ដ្រីរងគ្រោះជាម្ដាយដែលជិះពីក្រោយ ។
ឃើញហេតុការណ៍ដួចនេះកូនប្រុសរបស់គាត់ជាអ្នកបើកម៉ូតូបានប្រទាញប្រទង់កាបូបជាមួយជនសង្ស័យ ហើយជនសង្ស័យជិះម៉ូតូគេចទៅប៉ះជាមួយរ៉ឺម៉កបណ្ដាលឱ្យដួល ឯជនរងគ្រោះបានស្ទុះទៅក្របួចជនសង្ស័យបានតែម្ដង ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេច តែត្រូវជនរងគ្រោះស្រែកថាចោរៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកព័ទ្ធចាប់ និងបានស្វាគមន៍ឡើងចាស់ដៃ ។
ក្រោយពីកើតហេតុត្រូវបានប្រជពលរដ្ឋទាក់ទងទៅសមត្ថកិច្ច ដើម្បីយកជនសង្ស័យទៅផ្ដន្ទាទោស ។ ក្នុងនោះគេសង្កេតឃើញកងរាជអាវុធហត្ថបានមកឃាត់ខ្លួនជនសង្ស័យតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ។ ស្របពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅម្ដុំនោះបានលើកឡើងថា ក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ កើតមានចោរឆក់ លួច ប្លន់ ស្ទើរតែរៀងរាល់ថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋព្រមទាំងភ្ញៀវបរទេស ដែលមកស្នាក់នៅនឹងកម្សាន្ដនៅទីនោះមានការខ្លាចរអាគ្រប់គ្នា ៕
ចែករំលែកព័តមាននេះ