ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលំ​របង​ដេប៉ូ​បូម​ខ្សាច់​សង្កត់​លើ​ផ្ទះ​៨​ខ្នង ពលរដ្ឋ​ក្មេង​ចាស់​ភ័យ​ស្លន់​នាំ​គ្នា​រត់​ចេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ដេប៉ូ​បូម​ខ្សាច់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ បាន​បាក់​រលំ​របង​ថ្ម​ចំនួន​៧​ផ្ទាំង សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ទ្រេត​រង​ការ​ខូចខាត និង​បង្ក​អោយរ​បួស​ដល់​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បែកក្បាល និង​មនុស្ស​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​បូម​ខ្សាច់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ បាន​បាក់​រលំ​របង​ថ្ម​ចំនួន​៧​ផ្ទាំង សង្កត់​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​ទ្រេត​រង​ការ​ខូចខាត និង​បង្ក​អោយរ​បួស​ដល់​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បែកក្បាល និង​មនុស្ស​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​របួសស្រាល កាលពី​វេលា​ម៉ោង​៦​និង​៤០​ព្រលប់ ថ្ងៃ​២៤ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​អតីត​កា​រ៉ា​ស​រថយន្ដ​ប្រេងឥន្ធនៈ​តេ​លា ស្ថិត​នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា ផ្ទះ​ដែល​ខូចខាត​ទាំងអស់​មាន​ចំនួន​៨​ខ្នង​ផ្ទះ ស្មើនឹង​៩​គ្រួសារ ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​គុណ​និង​៧​ម៉ែត្រ ត្រូវ​រង​ការ​ខូចខាត​ស្ទើរតែ​ស្រុង និង​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត​នៅ​ក្នុងផ្ទះ​ក៏​ត្រូវ​រង​ការ​ខូចខាត​ផង​ដែរ ថែម​ទាំង​បង្ក​អោយ​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​រង​របួស​បែកក្បាល ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​របួសស្រាល​។

យោង​តាម​សម្តី​របស់​បុរស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ ក្នុង​ចំណោម​គ្រួសារ​រង​គ្រោះ​ផ្សេង​ទៀត​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​ពុំ​ស្គាល់ឈ្មោះ​ម្ចាស់​ដេប៉ូ​ខ្សាច់​បង្កហេតុ​នោះ​ទេ ហើយ​ទីតាំង​ខាងលើ​នេះ ពី​មុន​ជា​កន្លែង​ចត​រថយន្ត​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តេ​លា តែ​ក្រោយមក​ក៏​ក្លាយជា​ដេប៉ូ​បូម​ខ្សាច់ ។

បុរស​ជា​ជន​រង​គ្រោះ​បន្ត​ថា នៅ​មុន​ពេល​កើត​ហេ​ត ដេប៉ូ​ខ្សាច់​ខាងលើ បាន​សម្រុក​បូម​ខ្សាច់​ស្តុ​ប​ទុក​ក្នុង​ទីតាំង​នោះ​រយៈពេល​ជាង​កន្លះ​ខែ​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​មានទឹក​ដក់ ជន់​ពេញ កាន់តែ​ច្រើន រហូត​ទប់​លែង​ជាប់ ក៏​បង្ក​ឲ្យ​របង​ថ្ម​ចំនួន​៧​ផ្ទាំង​បាន​ដាច់​បាក់ រួច​រលំ​សង្កត់ពីលើ​ផ្ទះ​ពួក​គាត់​ចំនួន​៨​ខ្នង​ទាំង​កំរោល​តែ​ម្តង បណ្តាល​អោយ​ដំបូលផ្ទះ​សង្កត់​ត្រូវ​មនុស្ស​ដែល​កំពុង​សំរាក​ក្នុងផ្ទះ​រង​របួសធ្ងន់ និង​ស្រាល ចំណែក​សម្ភារៈ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ​ក៏​ត្រូវ​រង​ការ​ខូចខាត​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ពួក​គាត់​ក៏​បាន​នាំ​គ្នា​រត់​ចេញពីផ្ទះ​មក​ក្រៅ​អោយ​តែ​រួច​ជីវិត​សិន ចំណែក​សម្ភារៈ​មាន​តម្លៃ​នៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​មិន​អាច​យក​ចេញ​បាន​ទេ ព្រោះ​ផ្ទះ​របស់​ពួក​គាត់​ទ្រេត​ខ្លាំង អាច​នឹង​រលំ​បាន​គ្រប់ពេលវេលា គឺ​មាន​តែ​រង់ចាំ​ទាល់តែ​មាន​រថយន្ត​ស្ទូច​មក​លើក​របង​ថ្ម​នោះ​ចេញ ទើប​ពួក​គាត់​អាច​ដឹង​បាន​ថា តើ​សម្ភារៈ​ក្នុងផ្ទះ​ខូចខាត​អ្វីខ្លះ?​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​វត្តមាន​លោក ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​កើតហេតុ​ផ្ទាល់ និង​បាន​ដោះស្រាយ​រក​កន្លែង​អោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​មួយ​យប់​សិន ដោយ​ផ្តល់​នៅ​កៅស៊ូ​តង់ និង​មុង ភួយ ព្រមទាំង​គ្រឿង​ឧបភោគ​មួយ​ចំនួន​អោយ​ពួក​គាត់​សម្រាក​មួយ​យប់​សិន ដើម្បី​រង​ចាំ​ស្អែក​ព្រឹក នឹង​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​បន្ត​ទៀត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ