ខេត្តកំពត ៖ ស្ត្រីវ័យចំណាស់ជាម្តាយក្មេកបានរងរបួសធ្ងន់ បន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារត្រូវកូនប្រសារប្រុសវាយ ខណៈពេលចូលទៅឃាត់ការឈ្លោះគ្នារវាងកូននិងកូនប្រសាររូបនោះ ។
ហេតុការណ៍ជម្លោះប្តីប្រពន្ធ និងវាយម្តាយក្មេករបួសធ្ងន់ ហើយស្លាប់នៅមន្ទីរពេទ្យនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិត្រពាំងស្លា ឃុំសំឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត ។
មន្ត្រីនគរបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា កូនប្រសារប្រុសដែលជាជនដៃដល់ឈ្មោះ ទ្រិន ដូច អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ុ ស្រីអូន ចំណែកម្តាយក្មេករងគ្រោះឈ្មោះ សាក់ ញ៉ឹង អាយុ៦៥ឆ្នាំ រស់នៅជាមួយគ្នានៅភូមិ-ឃុំកើតហេតុខាងលើ ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣កុម្ភ់ៈ ជនសង្ស័យនិងប្រពន្ធមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈនោះម្តាយក្មេកក៏បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា ស្រាប់តែត្រូវកូនប្រសារវាយបណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកាលពីវេលាទៀបភ្លឺតែម្តង ។
ក្រោយពេលកើតហេតុ ជនដៃដល់ជាកូនប្រសារត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរជ័យឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ