ដូចដែលលោកអ្នកបានជ្រាបខ្លះមកហើយ វីរុសហ្ស៊ីកា (ZIKA) បានចម្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកមេរោគនេះមកខាំ ហើយរោគសញ្ញានៃជំងឺនេះមានលក្ខណៈដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរ ។
មានតែមូសខ្លាញីទេដែលចូលចិត្តខាំមនុស្សឲ្យបានច្រើនដើម្បីបំប៉នសុខភាពរបស់វា ។ ពេលដែលមូសខ្លាញីខាំឆ្អែតហើយវាត្រូវការសម្រាករយៈពេលបីថ្ងៃមុននឹងវាពង។ ពងមូសខ្លាអាចរស់នៅបានរហូត១ឆ្នាំដ ។ បន្ទាប់មកវាវិវឌ្ឍទៅជាដង្កូវទឹក និងក្លាយជាមូសពេញវ័យដែលស្វែងរកអាហារដោយខ្លួនវាបានយ៉ាងងាយ ។ មូសទាំងនោះឆ្លងវីរុសហ្ស៊ីកាពីមនុស្សដែលមានផ្ទុកវីរុសហ្ស៊ីកា។ មូសខ្លាជាប្រភេទមូសហើរមិនបានឆ្ងាយ វាមិនអាចហើរលើសពី៤០០ម៉ែត្រទេ ។
ករណីភាគច្រើន វីសរុហ្ស៊ីកាចម្លងតាមរយៈមូសខ្លាញី (Aedes aegypti) នៅតំបន់ត្រូពិច និងជុំវិញត្រូពិច។ មូសខ្លាញីមិនអាចរស់នៅតំបន់ដែលមានសីតុណ្ហភាពត្រជាក់ទេ ។ មូសខ្លានិងកន្លែងបង្កាត់ពូជរបស់វា(ជម្រកមូស) បង្កជាកត្តាហានិភ័យដ៏សំខាន់នៃការឆ្លងវីសរុហ្ស៊ីកា ។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យទាំងនេះលោកអ្នកត្រូវតែអនុវត្តតាមវិធីខាងក្រោម ៖
-ការបង្ការនិងការត្រួតពិនិត្យពឹងផ្អែកលើការកាត់បន្ថយមូសតាមរយៈការកាត់បន្ថយជម្រកមូស(លុបបំបាត់ជម្រកមូស និងកន្លែងបង្កាត់ពូជរបស់វា) និងការកាត់បន្ថយទំនាក់ទំនងរវាងសត្វមូសនិងមនុស្ស ។
-អាចប្រើថ្នាំសម្លាប់សត្វល្អិត (ថ្នាំមូស) ។
-ត្រូវដាក់សំណាញ់បិទបង្អួច តាមស្លាបព្រិល និងត្រូវគេងក្នុងមុង ។
-លាងសំអាតអាងទឹក ពាងទឹក ដុតសំបកកង់ សំបកកំប៉ុង…ដែលជាជម្រក និងជាកន្លែងឲ្យសត្វមូសពងបង្កកំណើតចោលឱ្យអស់ ។
សរុបរួមមកគប្បីរស់នៅប្រកបដោយអនាម័យ ទាំងក្នុងផ្ទះ និងបរិវេណផ្ទះ រួមទាំងការស្លៀកពាក់ និងការទទួលទានផង សង្ឃឹមថាគ្មានមេរោគណាជ្រៀតចូលក្នុងខ្លួនយើង បានទេ ៕


ចែករំលែកព័តមាននេះ